The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រោយការធ្វើទុក​បុកម្នេញ​ ២៥ ឆ្នាំ​ លោក ​អាន់វ៉ា ​អ៊ីប្រាហ៊ីម ​សម្រេច​ក្តី​ស្រមៃ​​កាច់​ចង្កូត​ម៉ាឡេស៊ី​

ក្រោយការធ្វើទុក​បុកម្នេញ​ ២៥ ឆ្នាំ​ លោក ​អាន់វ៉ា ​អ៊ីប្រាហ៊ីម ​សម្រេច​ក្តី​ស្រមៃ​​កាច់​ចង្កូត​ម៉ាឡេស៊ី​

Content image - Phnom Penh Post
នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី លោក អាន់វ៉ា អុីប្រាហ៊ីម ធ្វើសច្ចាប្រណិធានក្នុងពិធីស្បថចូលកាន់តំណែង នៅវិមានជាតិ ក្នុងទីក្រុងគូឡាឡាំពួ នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២២។ AFP

ក្រោយការធ្វើទុក​បុកម្នេញ​ ២៥ ឆ្នាំ​ លោក ​អាន់វ៉ា ​អ៊ីប្រាហ៊ីម ​សម្រេច​ក្តី​ស្រមៃ​​កាច់​ចង្កូត​ម៉ាឡេស៊ី​

រយៈ​ពេល​ជាង​ ២​ ទសវត្សរ៍​ចាប់​តាំងពី​មាន​ទំនាស់​ជា​មួយ​ លោក ​ម៉ា​ហាធៀ ម៉ូ​ហាម៉ាដ​ ដែល​ជា​នាយក​រដ្ឋមន្ត្រី​ដ៏​យូរបំផុត​និង​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​ ១៩៩៧ ​មក លោក អាន់វ៉ា​ អ៊ីប្រាហ៊ីម ​ដែល​ជា​អ្នក​នយោ បាយ​ដ៏​លេច​ធ្លោ​នៅ​ប្រទេស​ម៉ាឡេស៊ី​ បាន​រក​ឃើញ​ទ្រនំ​នាយក​រដ្ឋមន្ត្រី​តាម​ក្តី​ស្រម៉ៃ​របស់​ខ្លួនឃើញ​នៅ​ឆ្នាំ ២០២២ ​នេះ។

លោក ​អាន់វ៉ា​ ​អ៊ីប្រាហ៊ីម​ ត្រូវ​បាន​គេ​ស្គាល់​ថា ​​ជា​អ្នក​នយោបាយ​អាជីព​ដែល​មាន​លក្ខណៈ​ ច្របូក​ច្របល់​មួយ​ក្នុង​ដំណើរ​ស្វែងរក​ដ៏​យូរ​អង្វែង​របស់​គាត់​ដើម្បី​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី ​ដែល​កាន់កាប់​ដោយ​សម្ព័ន្ធ​បក្ស ​Barisan Nasional ​ដែល​ដឹកនាំ​ដោយ​ប្រទេស​ម៉ាឡេស៊ី​​​អស់រយៈពេល​ជាង​ ៦០ ​ឆ្នាំ​។​ ដំណើរ​អាជីព​នយោបាយ​របស់​ អាន់វ៉ា ក៏​មាន​ប្រវត្តិចេញ​ពី​បក្ស​នេះ​ផងដែរ​ប៉ុន្តែ​លោក​មាន​ទំនាស់​ជា​មួយ​លោក​ លោក​ ម៉ា​ហាធៀ ​ម៉ូហាម៉ាដ (Mahathir​ Mahamad) ​ដែល​​នាំ​ឱ្យ​លោក​ខ្ទាតចេញ​ពីបក្ស​នេះ​។​

លោក ​អាន់វ៉ា អ៊ីប្រាហ៊ីម ត្រូវ​បាន​គេ​ចាត់ទុក​ថា ជា​ឥស្សរជន​នយោបាយ​ដ៏​ល្បីល្បាញ​ និង​ចម្រូងចម្រាស​បំផុត​មួយ​នៅក្នុង​អាស៊ីអាគ្នេយ៍ ​ដោយសារ​លោក​ស្ទើរតែ​មាន​ឱកាស​ក្លាយ​ជា​​នាយក​រដ្ឋមន្ត្រី​កាន់​ចង្កូត​ម៉ាឡេស៊ី​ជា​ច្រើន​លើក​ ប៉ុន្តែ​លោក​ត្រូវ​បាន​ទាញ​ទម្លាក់​​ដោយសារ​ការ​កាត់ទោស​នានា​។

លោក អាន់វ៉ា​ ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​ក្រោម​ការ​​ដឹក​នាំ​របស់​លោក​ ម៉ាហាធៀ ​ដែល​ជា​ពេល​មួយ​នោះ​ ជា​អ្នក​ណែនាំ​បង្រៀន​លោក​ផងដែរ​ ។

លោក អាន់វ៉ា ​ដែល​បច្ចុប្បន្ន​មាន​អាយុ​៧៥​ឆ្នាំ​ បាន​ដាក់​ឈ្មោះ​ដំបូង​របស់​គាត់​ជា​មេដឹកនាំ​និស្សិត​ដែល​ទទួលបាន​ការ​ស្រឡាញ​រាប់​អាន​យ៉ាងខ្លាំង​តាមរយៈ​ការ​បង្កើត​ចលនា​យុវជន​ឥស្លាម ABIM របស់​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្នុង​ឆ្នាំ ១៩៨២ ​ហើយ​លោក​បាន​ចូលរួម​ក្នុង​​​សកម្មភាព​នយោបាយ​ក្នុង​ឆ្នាំ​នោះ​ដោយ​ចូលរួម​ជាមួយ​បក្ស​រួបរួម​ជាតិ​ម៉ាឡេ​ ហៅ​កាត់​ថា UMNO ដែល​ជា​គណបក្ស​កាន់​អំណាច​យូរ​ឆ្នាំ​ក្នុង​​ប្រទេស​នេះ។

​បាន​ការ​កត់​សម្គាល់​ថា ​មាន​រឿង​​ដែលភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ​ដោយសារ​លោក​បាន​វិវឌ្ឍ​យ៉ាងលឿន​ក្នុង​អាជីព​នយោ បាយ ​រហូត​កាន់​តំណែង​រដ្ឋមន្ត្រី​ជា​ច្រើន​ក្នុង​រដ្ឋាភិបាល​របស់​លោក​ ម៉ាហាធៀ ​។

នៅឆ្នាំ ១៩៩៣ ​លោក​ អាន់វ៉ា ​បាន​ឡើង​ទៅដល់​តួនាទី​ជា​អនុប្រធាន​របស់​លោក ​ម៉ាហាធៀ​ ហើយ​​ត្រូវ​​បាន​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស​ម៉ាឡេស៊ី​ បន្ទាប់​ពី​លោក​ម៉ាហាធៀ​ទៅ​។ ប៉ុន្តែ​ជា​រឿង​ដែល​នឹក​ស្មាន​មិនដល់ ​ភាពតាន​តឹង​រវាង​​ពួកគេ​ទាំង២ ​បាន​កើតឡើង​បន្ទាប់ពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​ឆ្នាំ​កើត​ឡើង​នៅ​ឆ្នាំ​ ១៩៩៧ ​ជា​ពេល​​​ដែល​ពួកគេ​បាន​ប៉ះទង្គិច​គ្នា​ជុំវិញ​សេដ្ឋកិច្ច​និង​អំពើ​ពុក​រលួយ​។

​នៅ​ខែ​កញ្ញា ​ឆ្នាំ ១៩៩៨ ​លោក ​អាន់វ៉ា ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​បក្ស​ដែល​កំពុង​កាន់កាប់​ដោយ​នាយក​រដ្ឋមន្ត្រី ​ម៉ាហាធៀ​ ហើយ​លោក​បាន​ដឹកនាំ​ការ​តវ៉ា​ជា​សាធារណៈ​ប្រឆាំង​នឹង​លោក​ ម៉ាហាធៀ។ ​ពេល​នោះ​ក៏​ជា​ការ​ចាប់ផ្តើម​នៃ Reformasi​ ដែល​ជា​ចលនា​កែ​ទម្រង់​ដែល​នឹង​​មាន​ឥទ្ធិពល​លើ​សកម្មជន​ប្រជាធិបតេយ្យ​ម៉ាឡេស៊ី​ជំនាន់​នោះ។

លោក ​អាន់វ៉ា​ ត្រូវ​បាន​ចាប់​ខ្លួន​ដំបូង​នៅ​ថ្ងៃ​ ទី​ ២០​ ខែ​កញ្ញា ​ឆ្នាំ​ ១៩៩៨ ​និង​ឃុំ​ខ្លួន​ដោយ​គ្មាន​ការ​កាត់​ទោស​ ប៉ុន្តែ​នៅទី​បំផុត​ត្រូវ​បាន​ចោទ​ប្រកាន់ពី​បទសេព​សន្ថវៈ ​និង​អំពើ​ពុករលួយ​។ ទោះ​ជាបែបនោះ​ក្តី លោក​ អាន់វ៉ា​ តែង​​ច្រានចោល​ការចោទ​ប្រកាន់​ដ៏​ចម្រូង​ចម្រាស​ ដែល​បាន​កើតឡើង​ និង​ចាត់​ទុក​ថា​ «ការ​ចោទ​ប្រកាន់​នោះ​ជា​ចេតនា​នយោ
បាយ​»​។

​ប្រទេស​ម៉ាឡេស៊ី​ ដែល​​ភាគ​ច្រើន​ជា​មូស្លីម​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ចំពោះ​សកម្មភាព​ស្រឡាញ់​ភេទ​ដូចគ្នា គឺ​ជារឿង​កម្រ​ណាស់ ហើយ​ករណី​កាត់ទោស​ប្រឆាំង​នឹង​លោក ​អាន់វ៉ា ​ត្រូវ​បាន​ថ្កោល​​ទោស​ជា​អន្តរជាតិ​ថា ​«មាន​ហេតុផល​នយោបាយ​»​។

​នៅ​ពេល​តុលាការ​ម៉ាឡេស៊ី​កាត់​ទោស​លោក​ អាន់វ៉ា​ ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ៦ ឆ្នាំ​ពី​បទ​ពុករលួយ​​នៅ​ខែ​មេសា​ ឆ្នាំ​ ១៩៩៩​ នោះ​ មាន​ការ​តវ៉ា​តាម​ដង​ផ្លូវ​ប្រកប​ដោយ​អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​។​ ១ ​ឆ្នាំ​ក្រោយ​មក​ទៀត​ លោក​អាន់វ៉ា ​ត្រូវ​បាន​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនា​ចំនួន​​ ៩​ ឆ្នាំ​​ពី​​បទ​​រួម​ភេទ។

នៅចុង​ឆ្នាំ ២០០៤​ មួយ​ឆ្នាំ​បន្ទាប់​ពីលោក​ ម៉ាហាធៀ ​បាន​លាលែង​ពី​តំណែង​ជា​នាយក​រដ្ឋមន្ត្រី តុលាការ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី​ បាន​លុបចោល​ការកាត់​ទោស​ផ្លូវភេទ ​និង​ដោះលែង​លោក​អាន់វ៉ា​ពី​ពន្ធនា​គារ។

នៅ​ពេល​មាន​ការដោះលែង លោក​បាន​លេច​មុខជា​ប្រធានបក្ស​ប្រឆាំង​ដែល​ទើប​មាន​កម្លាំង​ចិត្ត​ថ្មី ដែល​បាន​ចុះ​បញ្ជីការ​បង្ហាញ​ដ៏​រឹងមាំ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្ នាំ​២០០៨​។

ប៉ុន្តែ​​ការ​​ការសើរើ​​ឡើង​វិញ​ពី​ការ​រួម​ភេទ​ត្រូវ​បាន​ធ្វើ​ឡើង​ម្តង​ទៀត​ប្រឆាំង​នឹង​លោក​អាន់វ៉ា​ក្នុង​ឆ្នាំ ​នោះ ក្នុង​អ្វី​ដែល​​លោក​​បាន​​និយាយ​ថា​​ជា​​ការ​ប៉ុនប៉ង​​មួយ​​ទៀត​​របស់​​រដ្ឋាភិបាល​​ម៉ាឡេស៊ី​​​ក្នុង​ការ​ដក​​លោក​ចេញ​ពី​សង្វៀន​នយោបាយ​។

នៅ​ទីបំផុត​តុលាការ​កំពូល​បាន​ជម្រះឱ្យ​លោក ​អាន់វ៉ា​ រួច​ពី​ការ​ចោទ​ប្រកាន់​ក្នុង​ខែ​មករា​ ឆ្នាំ ២០១២​ ដោយ​​លើក​ឡើង​ពី​កង្វះ​ភ័ស្តុ​តាង​។

នៅ​ឆ្នាំ​បន្ទាប់​​រូប​លោក​​បាន​ដឹកនាំ​គណបក្ស​ប្រឆាំង​ឡើង​កូដ​ដល់​កម្រិត​កំពូល​ជា​ថ្មី​នៅ​ក្នុង​ការ​បោះឆ្នោត​​មួយ​ដែល​បង្ហាញ​ពី​អ្វី​ដែល​អាក្រក់​បំផុត​មិនធ្លាប់​មាន​សម្រាប់​សម្ព័ន្ធ​គណបក្ស​ Barisan Nasional ដែល​កំពុង​កាន់​អំណាច។

ប៉ុន្តែ​ជាថ្មី​ម្តង​ទៀត​ មហិច្ឆតា​របស់លោក អាន់វ៉ា ត្រូវ​បាន​រារាំង។ ខណៈ​ដែល​គាត់​កំពុង​រៀបចំ​ដើម្បី​​តតាំង​នឹង​ការបោះឆ្នោត​រដ្ឋនៅក្នុងឆ្នាំ​ ២០១៤​ ការ​រួច​ទោស​កន្លង​មក​របស់​លោក​ត្រូវ​បាន​លុបចោល​ហើយ​ចាប់​ខ្លួន​រួច​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​។

នៅ​ក្នុង​ព្រឹត្តិការណ៍​ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយគឺ​ក្នុង​ឆ្នាំ ២០១៦​ អតីត​គូ​ប្រជែង​របស់​គាត់​គឺ​លោក ​​មហាធៀ​បាន​ប្រកាស​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ​ជាថ្មី​ដើម្បី​ឈរ​នៅ​តំណែង​កំពូល​ម្តងទៀត បន្ទាប់​ពី​​កើតទុក​មិនសុខ​ចិត្ត​ចំពោះ​ការ​ចោទ​ប្រកាន់​ថា​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ក្នុង​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​ នាយក​រដ្ឋមន្ត្រី​ណាជីប​ រ៉ាហ្សាក់ ​(Najib Razak)។

​​លោក​ ម៉ាហាធៀ​ ដែល​កាល​នេះ​មាន​វ័យ​ ៩២ ​ឆ្នាំ​ទៅហើយ​ បាន​ដោះស្រាយ​បញ្ហា​ម៉ាឡេស៊ី​​ដោយ​​ចាប់​ផ្តើម​ជជែក​ជាមួយ​​លោក អាន់វ៉ា​ ដែល​កំពុង​ជាប់​ពន្ធនាគារ​ដែល​នៅ​តែ​មាន​ប្រជា​ប្រិយ​ភាព​យ៉ាង​ខ្លាំង​ពី​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​។

ក្នុងពេលដែល​ត្រូវបាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជា​ច្រើន ​អ្នក​ទាំង ២ ​បាន​ផ្លាស់ប្តូរ​ការ​ចាប់ដៃ​គ្នា​ដែល​មិន​នឹក​ស្មាន​ដល់ ដែល​បង្ហាញ​ពីការ​ចាប់ផ្តើម​នៃ​ការ​ជួប​ជុំគ្នា​ខាង​នយោបាយ​ដ៏​អស្ចារ្យ​មួយ។

លោក ម៉ាហាធៀ ​បាន​ដឹកនាំ​សម្ព័ន្ធបក្ស Pakatan Harapan ដែល​បង្កើត​ឡើង​ដោយ​លោក​ អាន់វ៉ា​ ឱ្យ​ទទួល​​បាន​ជ័យ​ជម្នះ​នៅ​ក្នុង​ការ​បោះឆ្នោត​ដ៏​សំខាន់​ក្នុង​ឆ្នាំ ​២០១៨​ ដោយ​បញ្ចប់​ការ​​ដឹកនាំ​ប្រទេស​របស់​សម្ព័ន្ធ​គណបក្ស ​Barisan Nasional ​រយៈពេល​ ៦១ ​ឆ្នាំ ​និង​ស្ថិត​ក្រោម​​កា​រ​គ្រប់គ្រង​របស់​​លោក​ ណា​ជីប​រ៉ាហ្សាក់​។

សម្ព័ន្ធ ​Pakatan Harapan ថ្មី​បាន​រួម​បញ្ចូល​គ្នា​នូវ​គណបក្ស​ចំនួន​បួនចូល​ទៅក្នុង​សម្ព័ន្ធ​ពហុជាតិ​សាសន៍​ពិត​ប្រាកដ​ដំបូង​បង្អស់​​របស់​ប្រទេស​ម៉ាឡេស៊ី ដែល​​​ទាក់​ទាញ​​ការគាំទ្រ​ក្នុង​ចំណោម​ប្រជាជន​ភាគ​ច្រើន​ម៉ាឡេមូស្លីម ​ក៏​ដូចជា​ជនជាតិ​ភាគ​តិច​ចិន ​និង​ឥណ្ឌា​ដែល​មាន​​​ចំនួន​ច្រើន​របស់​ប្រទេស​។

ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ម្តង​ទៀត ​លោក​ ម៉ាហាធៀ បាន​បង្ហាញ​ថា​ លោក​នឹង​ប្រគល់​​​អំណាច​​ទៅ​​ឱ្យ​​លោក​ អាន់វ៉ា​ក្នុង​​រយៈ​ពេល ២ ​ឆ្នាំ​ បន្ទាប់​ពី​​ឡើង​កាន់​តំណែង​។ ​នាយក​រដ្ឋមន្ត្រី​ម៉ាហាធៀ​ក៏​បាន​បំពេញ​តាមការ​សន្យា​ក្នុង​ការដោះ​លែង​លោក ​អាន់វ៉ា​ ពី​ពន្ធនាគារ​ដោយ​​ចាប់ផ្តើម​ការ​លើក​លែង​ទោស​ពេញ​លេញ​។

នៅ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២០​ លោក​ ម៉ាហាធៀ ​បាន​លាលែង​ពី​នាយក​រដ្ឋមន្ត្រី​មែន​ បាន​នាំ​ទៅ​ដល់​ការដួល​រលំ​នៃ​ក្រុម​ចម្រុះ ដោយ​បាន​ធ្លាក់​ចូល​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ដំណាក់​កាល​នៃ​ភាព​ចលាចល​នយោបាយ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ហើយ​ទុក​ឱ្យ​លោក​ អាន់វ៉ា​ទទេ​ស្អាត​តែម្តង ដោយ​គ្មាន​ទីពឹង​ជា​ថ្មី។

បន្ទាប់​ពី​រដ្ឋាភិបាល​ថ្មី​ដួល​រលំក្រោយ​មហាធៀ​លាលែង​ និង​កើត​វិបត្តិ​បែក​ខ្ញែក​គ្នា​ បក្ស UMNO ត្រូវ​បាន​នាំយក​មក​កាន់​អំណាច​វិញ​ ហើយ ​លោក​ Muhyiddin Yassin ត្រូវ​បាន​តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​។

ប៉ុន្តែ​ជាង​ ១ ​ឆ្នាំ​ក្រោយមក ​នៅ​កម្រិត​កំពូល​នៃ​ជំងឺ​រាតត្បាត ​លោក Muhyiddin ​បាន​លាលែង​ពី​តំណែង បន្ទាប់​ពី​មាន​ភាព​ច្របូក​ច្របល់​ប៉ុន្មាន​ខែ​ ដែល​ឃើញ​លោក​បាត់បង់​ការ​គាំទ្រ​ភាគច្រើន​នៅ​ក្នុងសភា។

ខែ​តុលា​នេះ លោក Ismail Sabri Yaakob ដែល​ជា​អ្នក​ស្នង​តំណែង​របស់​សម្ព័ន្ធ​ UMNO បាន​​ប្រកាស​ការ​បោះឆ្នោត​តាម​រដ្ឋខ្លះ​ ហើយ​សម្ព័ន្ធ​បក្ស​ UMNO ​ត្រូវ​បាន​បញ្ចុះបញ្ចូល​ដោយ​ការឈ្នះឆ្នោត​ជា​បន្តបន្ទាប់​ថា​ពួកគេ​អាច​ទទួល​បាន​អំណាច​ឡើងវិញ​។

​ផ្ទុយទៅវិញ​គ្មាន​បក្ស​ណា​មួយ​ទទួល​បាន​សំឡេង​ ឆ្នោត​ឈ្នះ​ដាច់​រហូត​ដល់ ​១១២ ​កៅអី ​ពី​ការ​បោះឆ្នោត​កាល​ពីថ្ងៃ​សៅរ៍​កន្លង​ទៅ​សម្រាប់​បង្កើត​រដ្ឋាភិបាល​ខ្លួន​ឯង​បាន​ឡើយ ​ហើយ សម្ព័ន្ធភាព​បក្ស​​នយបាយ​ Pakatan Harapan របស់​លោក ​អាន់វ៉ា​ទទួល​បាន​អាសនៈ​ច្រើន​ជាង​គេ ​​ដែល​ទាម​ទារ​ការ​ចូល​រួម​ពី​បក្ស​ខ្លះ​សម្រាប់​បង្កើត​រដ្ឋាភិបាល​ថ្មី។

​ក្រោយ​កា​រចរចា​បរាជ័យ​ជាច្រើន​លើក​​ក្នុង​ចំណោម​បក្ស​នយោបាយ​ទីបំផុត​ដំណោះ​ស្រាយ​ត្រូវ​រក​ឃើញ​ ក្រោយ​បក្ស​នបាយ​ទាំងនោះ​ជួប​ព្រះ​មហាក្សត្រ​ម៉ាឡេស៊ី​នៅ​ព្រឹកថ្ងៃ ​ព្រហស្បតិ៍​នេះ ហើយ​​លោក​ អាន់វ៉ា ​អ៊ីប្រាហ៊ីម ​ត្រូវ​បាន​យល់​ព្រម​តែងតាំង​ជា​នាយក​រដ្ឋ​មន្ត្រី​ម៉ាឡេស៊ី៕

អត្ថបទគួរចាប់អារម្មណ៍