The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ករណី​ឆ្លង​កូវីដ​ប្រចាំថ្ងៃ​នៅ​ចិន ហក់​ឡើងដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន

ករណី​ឆ្លង​កូវីដ​ប្រចាំថ្ងៃ​នៅ​ចិន ហក់​ឡើងដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន

Content image - Phnom Penh Post
ប្រជាជនចិនតម្រង់ជួររង់ចាំធ្វើតេស្តរកមេរោគកូវីដ ១៩ នៅទីក្រុងប៉េកាំង កាលពីថ្ងៃទី ២០ ខែវិច្ឆិកា។ រូបថត​ AFP

ករណី​ឆ្លង​កូវីដ​ប្រចាំថ្ងៃ​នៅ​ចិន ហក់​ឡើងដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន

ទោះបីជា​មាន​ការអនុវត្ត​វិធានការ​រឹតត្បិត​ខ្លាំង​យ៉ាងណា​ក៏ដោយ ក៏​ករណី​ឆ្លង​កូវីដ​ប្រចាំថ្ងៃ​នៅក្នុង​ប្រទេស​ចិន នៅតែ​អាច​កើន​ចំនួន​បាន​ដដែល​។ បើតាម​ទិន្នន័យ​ផ្លូវការ​បង្ហាញ​នៅ​ព្រហស្បតិ៍ ទី​ ២៤ វិច្ឆិកា ចំនួន​ករណី​ឆ្លង​កូវីដ​ថ្មី​របស់​ចិន​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន តាំងពី​ជំងឺ​រាតត្បាត​ចាប់ផ្តើម​មក​។

ប្រទេស​ចិន​ កាលពី​ថ្ងៃ​ពុធ​ បាន​កត់ត្រា​ករណី​ឆ្លង​កូវីដ​ក្នុងស្រុក​ចំនួន ៣១ ៤៥៤ ករណី ក្នុង​នោះ​មាន ២៧ ៥១៧ ជា​ករណី​គ្មាន​រោគសញ្ញា​។ នេះ​បើតាម​តួលេខ​របស់​ការិយាល័យ​សុខភាព​ជាតិ​នៅ​ទីក្រុង​ប៉េកាំង​។

ករណី​ឆ្លង​កូវីដ​ប្រចាំថ្ងៃ​នៅ​ចិន​បាន​កើនឡើង​នៅក្នុង​ទីក្រុង​ជាច្រើន បើទោះបី​ជា​រដ្ឋអំណាច នៅ​កំពុង​បន្ត​អនុវត្ត​វិធានការ​តឹងរ៉ឹង​ដើម្បី​ទប់ស្កាត់​កូ​វីដ​ក៏ដោយ​។ ទីក្រុង​ជាច្រើន​រួមមាន ទីក្រុង​ប៉េកាំង សៀងហៃ ក្វាងចូវ និង​ឆុងឈីង បាន​រឹតបន្តឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​កូវីដ​បន្ថែមទៀត ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​មួយ​នេះ​។

នៅ​ខណៈពេល​ដែល​ករណី​ឆ្លង​កូវីដ​កើនឡើង​ខ្លាំង​បែបនេះ ការមិន​ពេញចិត្ត​របស់​ប្រជាជន​ចិន ចំពោះ​វិធានការ​ទប់ស្កាត់​កូវីដ​ដ៏តឹងតែង​របស់​អាជ្ញាធរ​ក៏​កើនឡើង​ខ្លាំង​ដូចគ្នា​ដែរ​។

ការតវ៉ា​ដោយ​ហិង្សា​បាន​កើតឡើង​ក្នុង​សប្តាហ៍​នេះ នៅ​រោងចក្រ iPhone ដែលជា​រោងចក្រ​ធំជាងគេ​ក្នុង​ពិភពលោក ស្ថិតក្នុង​ទីក្រុង Zhengzhou ប្រទេស​ចិន​។ វីដេអូ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​បាន​បង្ហាញ​ពី​កម្មករ​កំពុង​ប្រឈមមុខ​គ្នា​ជាមួយ​នឹង​ប៉ូលិស បន្ទាប់ពី​អាជ្ញាធរ​ព្យាយាម​បិទ​រោងចក្រ​នេះ ក្រោយ​មានការ​ផ្ទុះឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ​ ១៩ ​។

ការតវ៉ា​នេះ​បាន​កើតឡើង​មួយ​សប្តាហ៍​ បន្ទាប់ពី​ប្រជាជន​ចិន​រស់នៅក្នុង​ទីក្រុង​ក្វាងចូវ​មួយចំនួន​បាន​បះបោរ​ប្រឆាំង​នឹង​វិធាន​ការបិទ​ខ្ទប់​តឹងរ៉ឹង ដោយ​ពួកគេ​បាន​រុះរើ​របាំង​នានា និង​នាំគ្នា​ដើរ​ដង្ហែ​តាមផ្លូវ​។

គួរបញ្ជាក់​ថា ដោយសារ​តែ​ត្រូវ​បន្ត​ជាប់គាំង​ក្រោម​វិធានការ​កូវីដ​យ៉ាង​តឹងតែង កំហឹង​របស់​ប្រជាពលរដ្ឋ​ចិន​ក៏​ចាប់​ឆាបឆេះ​ឡើង​ក្រោម​ហេតុផល​សំខាន់ៗ​ដូចជា ពួកគេ​មិនអាច​ទទួល​បាន​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ​បាន​ភ្លាមៗ ឬ​ធានា​បាន​នូវ​ការផ្គត់ផ្គង់​ម្ហូបអាហារ និង​ការផ្គត់ផ្គង់​ផ្សេងៗ​ទៀត​គ្រប់គ្រាន់ ឬ​ត្រូវ​បាត់បង់​ការងារ និង​ប្រាក់ចំណូល ​ដើម្បី​ចិញ្ចឹម​ជីវិត​៕

អត្ថបទគួរចាប់អារម្មណ៍