រដ្ឋាភិបាល​សិង្ហបុរី​នឹង​បរិច្ចាគ​ថវិកា​ចំនួន ១០ ម៉ឺន​ដុល្លារ​អាមេរិក​ដល់​កាកបាទក្រហម​សិង្ហបុរី (SRC) ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ឥណ្ឌូនេស៊ី​ពី​គ្រោះ​រញ្ជួយ​ដី​នៅ​ខេត្ត​ជ្វា​ខាងលិច បន្ទាប់ពី​គ្រោះមហន្តរាយ​មួយ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ​ ២០២២​។

ក្រសួង​ការបរទេស​សិង្ហបុរី​បានលើកឡើង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​ ២៤ ខែវិច្ឆិកា ថា ការផ្តល់​ជំនួយ​មនុស្សធម៌​នេះ​នឹង​បូករួម​ជាមួយ​ជំនួយ​របស់​កាកបាទក្រហម​សិង្ហបុរី​ផ្ទាល់​ចំនួន ៥ ម៉ឺន​ដុល្លារ​អាមេរិក​បន្ថែមទៀត​។ ជំនួយ​នេះ​នឹង​អាច​យក​ទៅ​ប្រើប្រាស់​ក្នុង​គ្រា​ដែល​មាន​តម្រូវការ​បន្ទាន់​ពី​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ដោយ​ការរញ្ជួយ​ដី ដូចជា​ស្បៀងអាហារ ការសង្គ្រោះ​ផ្នែក​វេជ្ជសាស្ត្រ និង​ទីជម្រក​សង្គ្រោះបន្ទាន់​ជាដើម​។

កងកម្លាំង​ការពារ​ជន​ស៊ីវិល​សិង្ហបុរី (SCDF) ក៏បាន​ថ្លែង​ផងដែរ​ថា ខ្លួន​បាននិង​កំពុង​តាមដាន​ស្ថានការណ៍​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​យ៉ាង​យកចិត្ត​ទុកដាក់​បំផុត តាមរយៈ​មជ្ឈមណ្ឌល​សម្របសម្រួល​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​សម្រាប់​ជំនួយ​មនុស្សធម៌​លើ​ការគ្រប់គ្រង​គ្រោះមហន្តរាយ​។ អង្គភាព​ដដែល​នេះ​បាន​លើកឡើង​ថា​៖ «​កងកម្លាំង​ការពារ​ជន​ស៊ីវិល​សិង្ហបុរី​ត្រៀមខ្លួន​រួចជាស្រេច​ក្នុង​ការចុះជួយ​ស្វែងរក​ជនរងគ្រោះ​នៅក្នុង​ទីក្រុង និង​ផ្ដល់ជំនួយ​មនុស្សធម៌​ទៀត ប្រសិន​បើ​មាន​ការស្នើសុំ​ពី​សំណាក់​ប្រទេស​ឥណ្ឌូនេស៊ី​»​។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា គ្រោះ​រញ្ជួយ​ដី​នេះ​កើតឡើង​ចំ​កណ្ដាល​ទីក្រុង​ស៊ីអានជូ (Cianjur) ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៧៥ គីឡូម៉ែត្រ​ភាគខាងត្បូង​នៃ​រដ្ឋធានី​ហ្សាការតា ប្រទេស​ឥណ្ឌូនេស៊ី​។ គ្រោះធម្មជាតិ​ដ៏កាច​សាហាវ​នេះ​បាន​បណ្ដាល​ឱ្យ​មនុស្ស​យ៉ាងហោច​ណាស់ ២៧២ នាក់​បាត់បង់​ជីវិត និង​រាប់ពាន់​នាក់​ត្រូវ​បាត់បង់​លំនៅឋាន ដោយ​ត្រូវ​ទៅ​រស់នៅ​ក្រោម​តង់​៕