​តួលេខ​បង្ហាញថា​មនុស្ស​ជាង ២ ម៉ឺន​នាក់​បាន​ស្លាប់​នៅ​ទូទាំង​តំបន់​ទ្វីបអឺរ៉ុប​ខាងលិច ដោយសារ​រលក​កម្ដៅ​ក្នុង​រដូវក្តៅ​នេះ​។ តួលេខ​នេះ​នឹង​មិនអាច​កើតមាន​ឡើយ ប្រសិនបើ​គ្មាន​ការបំផ្លិចបំផ្លាញ​អាកាសធាតុ​របស់​មនុស្ស​លោក​។ អ្នកវិទ្យាសាស្ត្រ​បានលើកឡើង​ថា ចំនួន​អ្នកស្លាប់​នេះ​ គឺ​ច្រើន​ខ្លាំង​បើ​ធៀប​ទៅនឹង​និន្នាការ​ប្រវត្តិសាស្ត្រ​កន្លងមក ដូច្នេះ​វា​បានបញ្ជាក់​ឱ្យ​យើង​ឃើញថា ការគំរាមកំហែង​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​ដោយ​ការកើនឡើង​កម្ដៅ​ជា​បញ្ហា​ប្រឈម​ខ្លាំង​សម្រាប់​សកលលោក​ទាំងមូល​។

​អំឡុងពេល​រដូវក្តៅ រលក​កម្ដៅ​នៅ​ទីក្រុង​ឡុង​ដ៍​មាន​សីតុណ្ហភាព​រហូតដល់​លើសពី ៤០ អង្សា​សេ​។ រីឯ​តំបន់​នៅ​ភាគ​និរតី​នៃ​ប្រទេស​បារាំង​បាន​ឡើងដល់ ៤២ អង្សា​សេ ហើយ​ទីក្រុង Seville និង​ទីក្រុង Cordoba ប្រទេស​អេ​ស្ប៉ា​ញ បាន​បង្កើត​កំណត់ត្រា​ថ្មី ​គឺ​កម្ដៅ​កើនឡើង​រហូតដល់​ទៅ ៤៤ អង្សា​សេ​។ ការវិភាគ​របស់​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី World Weather Attribution បាន​រកឃើញថា សីតុណ្ហភាព​ខ្ពស់​បែបនេះ​នឹង​មិនអាច​កើតមាន​ទៅរួច​នោះទេ ប្រសិនបើ​គ្មាន​វិបត្តិ​អាកាសធាតុ​។

​ការិយាល័យ​ស្ថិតិ​ជាតិ​អង់គ្លេស (ONS) បានឱ្យដឹងថា នៅ​ប្រទេស​អង់គ្លេស និង​វែ​ល (Wales) ចំនួន​អ្នកស្លាប់​លើសពី​ធម្មតា​រហូតដល់​ទៅ ៣ ២៧១ នាក់​។ នេះ​បើ​យោងតាម​ការកត់ត្រា​ទុក​នៅ​ចន្លោះ​ថ្ងៃទី​ ១ ខែមិថុនា ដល់​ថ្ងៃទី​៧ ខែកញ្ញា​។ តួលេខ​នេះ​គឺ​ខ្ពស់ជាង​ចំនួន​ជា​មធ្យម​រយៈពេល ៥ ឆ្នាំកន្លងមក​។ យ៉ាងណាក៏ដោយ ការវិភាគ​មិនបាន​បង្ហាញថា​ការស្លាប់​មានការ​ទាក់ទង​នឹង​កម្ដៅ​កើនឡើង​នោះទេ ប៉ុន្តែ​ចំនួន​នៃ​ការស្លាប់​គឺ​ខ្ពស់ជាង​ធម្មតា​ក្នុង​ថ្ងៃ​ដែលមាន​កម្ដៅ​ឡើង​ខ្លាំង​។ គួរបញ្ជាក់​ផងដែរ​ថា ការស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​ ១៩ មិន​ត្រូវបាន​រាប់បញ្ចូល​នោះទេ​។

​នៅ​ប្រទេស​បារាំង​ឯណោះ​វិញ ក្នុងអំឡុងពេល​រដូវ​ក្តៅ​នេះ ចំនួន​មនុស្ស​ស្លាប់​លើសពី​ធម្មតា​រហូតដល់​ទៅ ១០ ៤២០​ នាក់​។ នេះ​បើ​យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សុខភាព​រដ្ឋា​ភិ​បាល​ឈ្មោះថា Santé Publique France​។ តំបន់​មួយ​ក្នុងចំណោម​តំបន់​បួន​ខាងលើ មាន​មនុស្ស ២ ៨១៦ នាក់​ បាន​ស្លាប់​ក្នុងអំឡុងពេលរ​លកក​ម្ដៅ​ខ្លាំង​មួយ​ក្នុងចំណោម​រលក​កម្ដៅ​ខ្លាំង​ទាំងបី​ផ្សេងទៀត​។ តួលេខ​នៃ​ការស្លាប់​នេះ​គឺ​ខ្ពស់ជាង​ធម្មតា​រហូតដល់​ទៅ ២០% នៅក្នុង​តំបន់​ដែលមាន​សីតុណ្ហភាព​ឡើង​ខ្ពស់​ដល់​បន្ទាត់​ក្រហម​។

​នៅ​ប្រទេស​អេ​ស្ប៉ា​ញ វិទ្យាស្ថាន​សុខភាព​រដ្ឋ​អេ​ស្ប៉ា​ញ​ឈ្មោះថា Carlos III Health Institute បានធ្វើការ​ប៉ាន់ប្រមាណ​ថា ចំនួន​អ្នកស្លាប់​ដោយសារ​កម្ដៅ​កើនឡើង​ខ្លាំង​មាន​រហូតដល់​ទៅ ៤ ៦៥៥ នាក់​ នៅ​ចន្លោះ​ខែមិថុនា ដល់​ខែសីហា​។ ទីភ្នាក់ងារ​សុខភាពរ​បស់​រដ្ឋាភិបាល​អាល្លឺម៉ង់​ឈ្មោះថា​វិទ្យាស្ថាន Robert Koch ក៏បាន​ប៉ាន់ប្រមាណ​ថា មនុស្ស ៤ ៥០០ ​នាក់​បាន​ស្លាប់​ក្នុងអំឡុងពេល​រដូវក្តៅ ជាពិសេស​អំឡុងពេល​សីតុណ្ហភាព​ឡើង​ក្ដៅ​ជ្រុល​។

​លោក​បណ្ឌិត Friederike Otto សាស្ត្រាចារ្យ​ជាន់ខ្ពស់​ផ្នែក​វិទ្យាសាស្ត្រ​អាកាសធាតុ​នៅ​វិទ្យាស្ថាន Grantham សម្រាប់​ការប្រែប្រួល​អាកាសធាតុ​និង​បរិស្ថាន នៅ​មហាវិទ្យាល័យ Imperial College London បាន​មានប្រសាសន៍ថា​៖ «​រលក​កម្ដៅ​គឺជា​ការគំរាមកំហែង​ដ៏​ធំ​បំផុត​មួយ ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ សីតុណ្ហភាព​ខ្ពស់​ជា​មូលហេតុ​នៅ​ពីក្រោយ​ការស្លាប់​រាប់ពាន់នាក់​នៅ​ទូទាំង​ពិភពលោក​ជា​រៀងរាល់ឆ្នាំ ដែល​ភាគច្រើន​មិនត្រូវ​បាន​គេ​រាយការណ៍​ឱ្យបាន​ដឹង​នោះទេ​»​។

​លោក​បន្តថា​៖ «​ទោះបី​ជាមាន​ភ័ស្តុតាង​អាច​បញ្ជាក់​យ៉ាងច្បាស់​ទាំងអស់នេះ​ក៏ដោយ ក៏​សាធារណជន​នៅមាន​ការយល់ដឹង​តិចតួច​អំពី​គ្រោះថ្នាក់​ដែល​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​បាន​ជះឥទ្ធិពល​អវិជ្ជមាន​ដល់​សុខភាព​របស់​មនុស្សលោក​»​។ គួរ​ដឹង​ដែរ​ថា រដូវក្តៅ​នៅ​ឆ្នាំ​ ២០២២ គឺជា​ឆ្នាំ​ដែល​ក្តៅ​បំផុត​ក្នុង​កំណត់ត្រា​ប្រវត្តិសាស្ត្រ​ពិភពលោក នេះ​បើ​យោងតាម​វិទ្យាស្ថាន​សេវា​ប្រែប្រួល​អាកាសធាតុ​របស់​សហភាព​អឺរ៉ុប​។

​លោក​វេជ្ជបណ្ឌិត Eunice Lo ដែលជា​អ្នកស្រាវជ្រាវ​ផ្នែក​ប្រែប្រួល​អាកាសធាតុ និង​សុខភាព​នៅ​សាកលវិទ្យាល័យ Bristol បាន​និយាយថា​៖ «​រលក​កម្ដៅ​កើតមានឡើង​កាន់តែ​ញឹកញាប់ និង​កាន់តែខ្លាំង​បន្ថែមទៀត​នៅពេលដែល​ផែនដី​ទាំងមូល​ឡើង​កម្ដៅ​ខ្លាំង ដូច្នេះ​យើង​អាច​នឹកគិត​បាន​ថា​រលក​កម្ដៅ​នឹង​កាន់​តែមាន​ច្រើនឡើងៗ និង​កាន់តែ​ក្ដៅ​ឡើងៗ​នាពេល​អនាគត​»​។

​លោក​បាន​ថ្លែង​បន្ថែមថា​៖ «​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថារ​លកក​ម្ដៅ​កាលពី​កន្លង​មកជា​ច្រើនដង​សុទ្ធតែ​មានការ​ទាក់ទង​ជាមួយ​សកម្មភាព​របស់​មនុស្ស​។ នេះ​មានន័យថា រលក​កម្ដៅ​កាន់តែខ្លាំង​ដែល​គេ​សង្កេតឃើញ​កន្លងមក គឺ​ដោយសារ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​មនុស្ស​»​។

​កម្ដៅ​សកល​គឺ​បណ្តាលមកពី​ការដុត​ឥន្ធនៈ​ហ្វូ​ស៊ី​ល ការបំផ្លាញ​ព្រៃឈើ និង​សកម្មភាព​របស់​មនុស្ស​ផ្សេងទៀត​។ ទីភ្នាក់ងារ​ថាមពល​អ​ន្ត​រ​ជាតិ​បានផ្តល់​អនុសាសន៍​កាល​ពី​ឆ្នាំមុន​ថា គ្មាន​ការប្រើប្រាស់​នូវ​ឧស្ម័ន ប្រេង ឬ​ធ្យូងថ្ម​តទៅទៀត​ទេ ប្រសិនបើ​ពិភពលោក​ចង់​សម្រេច​ឱ្យបាន​នូវ​ទិសដៅ​ទប់ស្កាត់​ការឡើង​កម្ដៅ​ភពផែនដី មិនឱ្យ​លើសពី ១,៥ ​អង្សា​សេ​។

​លោក​វេជ្ជបណ្ឌិត Eunice Lo បាន​ណែនាំ​ថា យើង​ក៏ត្រូវ​បង្កើត​សង្គម​មួយ​ដែល​អាច​ធ្វើការ​សម្រប​ខ្លួន​ទៅនឹង​កម្ដៅ​ក្ដៅ​ខ្លាំង​ផងដែរ​។ លោក​បាន​មានប្រសាសន៍ថា​៖ «​យើង​ត្រូវការ​សម្រប​ខ្លួន​ទៅនឹង​កម្ដៅ​ក្ដៅ​ក្នុង​រយៈពេល​យូរ តាមរយៈ​ការ​រចនា​ផ្ទះ សាលារៀន និង​មន្ទីរពេទ្យ​ដែលមាន​ខ្យល់​ចេញចូល​បានល្អ និង​អាច​ការពារ​ការ​ឡើងក​ម្ដៅ​ខ្លាំង ការកែច្នៃ​និង​សាងសង់​ទីក្រុង​បៃតង​ដូចជា​សួនច្បារ​នៅក្នុង​ទីក្រុង និង​បង្កើត​ឧបករណ៍​ដែល​អាច​ប្រកាស​ព្រមាន​អំពី​រលក​កម្ដៅ​ដល់​សាធារណជន​បានដឹង​គ្រប់ៗ​គ្នា​»៕