អ្នកកាសែត​ដែល​ត្រូវ​របប​សឹក​ភូមា​ចាប់​ដាក់​ពន្ធនាគារ ជំរុញ​ឱ្យ​ជប៉ុន​ដាក់​សម្ពាធ​លើ​ភូមា។ អ្នកកាសែត​ជប៉ុន​ម្នាក់​នោះ បាន​អំពាវនាវ​ឱ្យ​ទីក្រុង​តូក្យូ​ដាក់​សម្ពាធ​បន្ថែមទៀត​លើ​របប​យោធា​ភូមា និង​ទទួល​យក​ជនភៀសខ្លួន ដែល​ភៀសខ្លួន​ចេញពី​ប្រទេស​នេះ។

លោក Toru Kubota បាន​ជាប់ក្នុង​មន្ទីរឃុំឃាំង​រយៈ​ពេល ៣ ​ខែ​កន្លះ បន្ទាប់ពី​ត្រូវ​ចាប់ខ្លួន​នៅ​ជិត​ការ​ប្រមូលផ្តុំ​ប្រឆាំង​រដ្ឋាភិបាល​នាទី​ក្រុង​យ៉ាំងហ្គោន ក្នុង​ខែកក្កដា។ ខណៈ​មនុស្ស​រាប់ពាន់​នាក់ ត្រូវ​បាន​ចាប់​ដាក់ពន្ធនាគារ ក្នុងអំឡុងពេល​មានការ​បង្ក្រាប​បង្ហូរឈាម​បំបាក់​បាតុករ នៅក្នុង​ប្រទេស​មីយ៉ាន់ម៉ា ចាប់​តាំង​ពី​រដ្ឋប្រហារ​យោធា ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២១។

លោក Kubota វ័យ ២៦ ​ឆ្នាំ ត្រូវបាន​កាត់ទោស​ឱ្យ​រស់នៅក្នុង​គុក ៧​ ឆ្នាំ សម្រាប់​ការថត​ហេតុការណ៍ បាតុកម្ម​ប្រឆាំងនឹង​រដ្ឋប្រហារ។ តុលាការ​របប​សឹក​ក៏បាន​កាត់ទោស​លើ​បទ​ចោទ​មួយទៀត ដោយ​សម្រេច​ដាក់គុក រូប​លោក​រយៈពេល ៣​ ឆ្នាំ ពាក់ព័ន្ធ​រំលោភ​លើ​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​មីយ៉ាន់ម៉ា។

គាត់​ត្រូវ​បាន​ដោះលែង កាល​ពី​ថ្ងៃទី​ ១៨ ខែ​វិច្ឆិកា រួមជាមួយ​អ្នកទោស​រាប់ពាន់នាក់​ផ្សេងទៀត ក្នុងនោះ​រួម​ទាំង​អតីត​ឯកអគ្គរដ្ឋ​ទូត​អង់គ្លេស​លោកស្រី Vicky Bowman និង​សេដ្ឋវិទូ​អូស្ត្រាលី លោក Sean Turnell ដែល​ធ្លាប់​កាន់​តួនាទី​ជាទី​ប្រឹក្សា​មេដឹកនាំ​លោកស្រី Aung San Suu Kyi។

លោក Kubota បាន​ជំរុញ​ឱ្យ​ប្រទេស​ជប៉ុន ដែលជា​ម្ចាស់ជំនួយ និង​អ្នកវិនិយោគ​ធំ នៅ​ភូមា​ចាត់​វិធានការ​យ៉ាងសកម្ម ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស។ លោក​បាន​និយាយ​នៅក្នុង​ទីក្រុង​តូក្យូ កាលពី​ថ្ងៃ​ចន្ទថា​៖ «ប្រទេស​ជប៉ុន​គួរតែ ពិនិត្យ​យ៉ាង​តឹងរ៉ឹង​ថា តើ​ជំនួយ​ទាំងនេះ​ត្រូវបាន​ប្រើប្រាស់ ដោយ​យោធា ហូរ​ទៅកាន់​យោធា និង​ថា តើ​មូលនិធិ​ទាំងនេះ​ត្រូវ​ប្រើប្រាស់ ដើម្បី​សម្លាប់​មនុស្ស​ដែរ ឬទេ»។

ប្រទេស​ជប៉ុន ​បានប្រកាស​បន្ទាប់ពី​រដ្ឋ​ប្រហារ​ថា ខ្លួន​នឹង​បញ្ឈប់​គម្រោង​ជំនួយ​ថ្មី​ទាំងអស់ ទោះបីជា​កម្មវិធី ដែលមាន​ស្រាប់​មិនត្រូវ​បាន​ប៉ះពាល់​ក៏ដោយ។ ក្រសួងការពារជាតិ​ជប៉ុន បាន​និយាយ​កាលពី​ខែកញ្ញា​ថា ខ្លួន​កំពុង​បញ្ចប់​កម្មវិធី​ដ៏​ចម្រូងចម្រាស ក្នុងការ​បណ្តុះបណ្តាល​សមា​ជិ​ក​នៃ​យោធា​មីយ៉ាន់ម៉ា។

អ្នកកាសែត​ជប៉ុន លោក ​គូបូតា ក៏បាន​ជំរុញ​ឱ្យ​ទីក្រុង​តូក្យូ​ទទួលយក​ជនភៀសខ្លួន​ពី​មីយ៉ាន់ម៉ា​បន្ថែម​ទៀត​ដោយ​និយាយ​ថា​៖ «អ្វីដែល​យើង​ត្រូវ​គិត គឺ​របៀប​ការពារ​មនុស្ស​ទាំងនោះ ដែល​រត់​ចេញពី​ការគ្រប់គ្រង​បែប​ផ្តាច់ការ»។

លោក​បាន​ពណ៌នា​លក្ខខណ្ឌ ក្នុងអំឡុងពេល​ឃុំខ្លួន​ដំបូង​របស់លោក​ថា ជា «ឋាននរក»។ ប៉ុន្តែ​លោក​បាន​និយាយថា ការដោះលែង​លោក​នៅក្នុង​ការលើកលែង​ទោស ចំពោះ​អ្នកទោស​ជិត ៦​ ពាន់​នាក់​នោះ ហាក់​ដូចជា «ឧបករណ៍​ឃោសនា»។

លោក Kubota បាន​ប្រាប់​ទៀត​ថា​៖ «ការពិត​មនុស្ស​ប្រហែល ១២ ០០០ ​នាក់ នៅ​ភូមា​កំពុង​ជាប់ឃុំឃាំង ដោយ​គ្មាន​ហេតុផល»៕