ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី សៃ សៃ អ៊ីងវិន (Tsai Ing-wen) បាន​លាលែង​ពី​តំណែង​ជា​មេដឹកនាំ​នៃ​គណបក្ស​វឌ្ឍនភាព​ប្រជាធិបតេយ្យ (DPP) ដែល​កំពុង​កាន់​អំណាច បន្ទាប់​ពី​គណបក្ស​នេះ​របស់​លោកស្រី ចាញ់​ការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​។ ការ​ចាញ់​របស់​បក្ស DPP បាន​ក្លាយជា​បញ្ហា​ដ៏ធ្ងន់ធ្ងរ​មួយ​សម្រាប់​លោកស្រី សៃ ខណៈដែល​លោកស្រី​ព្យាយាម​រៀបចំ​ការ​បោះឆ្នោត ដើម្បី​ជ្រើសរើស​អភិបាល​ក្រុង ក្រុមប្រឹក្សា និង​ចៅហ្វាយ​ស្រុក ដែល​គេ​មើលឃើញ​ថា ជា​មធ្យោបាយ​សារ​ការទូត​មួយ ប្រឆាំងនឹង​កំណើន​នៃ​ភាព​ច្របូល​ច្របល់​ក្រោម​ការ​គំរាមកំហែង​របស់​ចិន។

​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ ចិន​បាន​ដំឡើង​វោហារ​ស័ព្ទ​កាន់​តែខ្លាំង​ឡើងៗ ក្នុងការ​ទាមទារ​កោះ​តៃវ៉ាន់​ថា ជា​ទឹកដី​របស់​ខ្លួន ហើយ​កាលពី​ខែ​សីហា ប្រទេស​នេះ បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ ជុំវិញ​កោះតៃវ៉ាន់ ដើម្បី​បង្ហាញ​ការ​ប្រឆាំង​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​លោកស្រី ណាន់ស៊ី ប៉េឡូស៊ី ទៅកាន់​ក្រុង​តៃប៉ិ។

​ប៉ុន្តែ​កិច្ចប្រឹងប្រែង​របស់លោក​ស្រី សៃ ក្នុងការ​បោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​លើក​នេះ មិន​សម្រេច​បាន​ផ្លែផ្កា​ជា​ដុំកំភួន​នោះទេ​។ គណបក្ស​ប្រឆាំង​តៃវ៉ាន់ Kuomintang (KMT) ដែល​មាន​ទំនោរ​ទៅ​នឹង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បាន​ដណ្ដើម​ជ័យជម្នះ​យ៉ាង​ភ្លូកទឹក​ភ្លូកដី ដោយ​ទទួលបាន ១៣ អាសនៈ ខណៈ​បក្ស DPP ទទួល​បាន​ត្រឹមតែ ៥ អាសនៈ​ប៉ុណ្ណោះ។

​ក្រោម​លទ្ធផល​នេះ លោកស្រី សៃ បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក កាលពី​យប់​ថ្ងៃ​សៅរ៍​ថា​៖ «​យើង​ទទួល​យក​លទ្ធផល​នៃការ​បោះឆ្នោត និង​ការ​សម្រេចចិត្ត​របស់​ប្រជាជន​តៃវ៉ាន់​»​។ លោកស្រី​បាន​បន្ថែម​ជាមួយគ្នា​នោះ​ថា លោកស្រី​បាន​លាលែង​ពី​តំណែង​ប្រធាន​គណបក្ស DPP រួចហើយ ដើម្បី​ជាការ​បង្ហាញ​ការ​ទទួល​ខុសត្រូវ។

​តែ​ទោះបីជា​យ៉ាងណាក៏ដោយ លោកស្រី សៃ នឹង​នៅតែ​បន្ត​ធ្វើជា​ប្រធានា​ធិបតី រហូត​អាណត្តិ​របស់​លោ​ស្រី​បញ្ចប់ នៅ​ឆ្នាំ ២០២៤។

​ក្រុមអ្នកវិភាគ​បាន​និយាយថា លទ្ធផល​នេះ បាន​បង្ហាញថា អ្នកបោះឆ្នោត​ពាក់កណ្ដាល​អាណត្តិ​ផ្តោត​ខ្លាំង​លើ​បញ្ហា​ក្នុង​ស្រុក ដូចជា​សេដ្ឋកិច្ច និង​សុខុមាលភាព​សង្គម ដោយ​សំអាង​ថា ចិន​តែងតែ​ធ្វើ​សកម្មភាព​យោធា​គំរាមកំហែង​រហូតមក។

​អ្នកវិទ្យាសាស្ត្រ​នយោបាយ​នៃ​កម្មវិធី​សិក្សា​អំពី​តៃវ៉ាន់​របស់​សាកល​វិទ្យាល័យ​ជាតិ​អូស្ត្រាលី លោក Wen-ti Sung បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​អ្នក​បោះឆ្នោត​តៃវ៉ាន់ ក្លាយ​ទៅជា​មិន​យល់ស្រប​ចំពោះ​ការ​គំរាម​កំហែង​យោធា​របស់​ចិន​។ ម្យ៉ាងទៀត វា​មិនមាន​ភាព​បន្ទាន់​ច្រើន​ទេ ក្នុង​ការយក​បញ្ហា​នេះ ជា​បញ្ហា​ស្លាប់​រស់នៅ​គ្រប់​ច្រកល្ហក​ទាំងអស់»។

​បណ្ដាញ​ព័ត៌មាន CNN បាន​ស្រង់​សម្ដី​អ្នកបោះឆ្នោត​វ័យ ៣០ ឆ្នាំ ម្នាក់​ឈ្មោះ Eric Su រស់នៅ​ទីក្រុង​តៃប៉ិ​ថ្មី ដែល​និយាយថា​៖ «​ក្នុងការ​បោះឆ្នោត​ជ្រើសរើស​ប្រធានា​ធិបតី ខ្ញុំ​ពិចារណា​បន្ថែម​អំពី​បញ្ហា​សកល ព្រោះ​ប្រធានាធិបតី អាច​មាន​ឥទ្ធិពល​លើ​សេដ្ឋកិច្ច និង​ជំហរ​អន្តរជាតិ​របស់​យើង»។

​លោក​បន្តថា​៖ «​នៅក្នុង​ការបោះឆ្នោត​អភិបាល​ក្រុង ខ្ញុំ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​អំពី​អ្វី ដែល​បេក្ខជន អាច​នាំមក​ជូន​ប្រជាជន​មូលដ្ឋាន ដូចជា​ការធ្វើ​ផែនការ​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការឧបត្ថម្ភ​ធនកុមារ​ជាដើម»។

​គួរ​គូសបញ្ជាក់ថា គណបក្ស KMT ដែលមាន​ឈ្មោះ ១ ទៀតថា គណបក្ស​ជាតិនិយម​ចិន បាន​គ្រប់គ្រង​លើ​ប្រទេស​ចិន នៅ​ចន្លោះ​ឆ្នាំ ១៩១២ និង​ឆ្នាំ ១៩៤៩ ហើយ​បាន​ដកថយ​ទៅ​បង្កើត​រដ្ឋាភិបាល​ដាច់​ដោយ​ឡែក​នៅ​កោះ​តៃវ៉ាន់ ក្រោយ​ចាញ់​សង្គ្រាម​ស៊ីវិល​នឹង​បក្ស​កុម្មុយនីស្ត​ចិន​។ យ៉ាងណា​មិញ បក្ស​នេះ​ត្រូវបាន​គេ​មើលឃើញ​ថា មាន​ទំនាក់ទំនង​ល្អជា​មួយ​បក្ស​កុម្មុយនីស្ត​ចិន ដែល​ខុស​ពី​បក្ស DPP របស់​លោកស្រី សៃ។

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ កាល​ពី​យប់​ថ្ងៃ​សៅរ៍ ការិយាល័យ​កិច្ចការ​តៃវ៉ាន់​របស់​ប្រទេស​ចិន បាន​លើក​ឡើង​ថា លទ្ធផល​បោះឆ្នោត​បាន​បង្ហាញ​ថា ប្រជាជន​ភាគច្រើន​នៅ​តៃវ៉ាន់​បានឱ្យ​តម្លៃ ចំពោះ «​សន្តិភាព ស្ថិរភាព និង​ជីវិត​ដ៏ល្អ»។

​ការិយាល័យ ឱ្យដឹងទៀតថា ទីក្រុង​ប៉េកាំង​នឹង​បន្ត​ប្រឆាំង​ដាច់​ខាត​ចំពោះ​ឯករាជភាព​របស់​តៃវ៉ាន់ និង​ការ​ជ្រៀតជ្រែក​ពី​បរទេស។​

​យ៉ាងណាមិញ អ្នកជំនាញ​បានបង្ហាញ​ការយល់ឃើញ​ថា ជ័យជម្នះ​របស់​បក្ស KMT មិន​ឆ្លុះបញ្ចាំង​ជា​ចាំបាច់ អំពី​ការ​ផ្លាស់ប្តូរ​ការយល់​ឃើញ​របស់​ប្រជាជន​តៃវ៉ាន់ ចំពោះ​ទំនាក់ទំនង​ជាមួយ​ចិន​ដីគោក​នោះទេ ហើយ​ថា វា​លឿន​ពេក​ក្នុងការ​សន្និដ្ឋានថា លទ្ធផល​នៃការ​បោះ​ឆ្នោត​នាពេល​នេះ បង្ហាញ​ពី​ជោគវាសនា​របស់​បក្ស KMT ក្នុងការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ ២០២៤៕