រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​ជប៉ុន កាលពី​ថ្ងៃ​ចន្ទ ទី ​២៨ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ បាន​លើកឡើង​ថា នាយក​រដ្ឋមន្ត្រី​ជប៉ុន លោក ហ្វូ​មី អូ គីស៊ីដា (Fumio Kishida) បានធ្វើ​ការណែនាំ​ទៅកាន់​រដ្ឋមន្ត្រី​ឱ្យ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារជាតិ​ទ្វេដង រហូតដល់​ទៅ ២% នៃ​ផលិតផល ក្នុង​ស្រុក​សរុប ក្នុង​រយៈពេល ៥ ​ឆ្នាំ​ខាងមុខ ដើម្បី​ធ្វើការ​ទប់ទល់​នឹង​ឥទ្ធិពល​របស់​មហា​អំណាច​ចិនក្នុង​តំបន់។ ក្នុង​ខ្សែ​ភ្នែក​របស់​ជប៉ុន ចិន​គឺជា​ប្រទេស​ដែលមាន​ការ​គំរាមកំហែង​ផ្នែក​សន្តិសុខ ក្នុង​តំបន់។

គួរ​ដឹងផង​ដែរ​ថា ការចំណាយ​របស់​ជប៉ុន​លើ​វិស័យ​ការពារជាតិ​កន្លងមក ត្រូវបាន​កំណត់​ប្រមាណ​ត្រឹមតែ ១% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ប៉ុណ្ណោះ ឬ​តិចជាង​នេះ អស់​រយៈពេល​ជាច្រើន​ទសវត្សរ៍​មកហើយ។ កាលពី​ខែសីហា ក្រសួង​ការពារជាតិ បានដាក់​សំណើសុំ​ថវិកា​ចំនួន ៤០ ​ប៊ី​លាន​ដុល្លារ​អាមេរិក ប៉ុន្តែ​សំណើ​នេះ នឹង​មិនត្រូវ​បានសម្រេច​នៅឡើយ​ទេ គឺ​ត្រូវ​រង់ចាំ​រហូតដល់​រដ្ឋា​ភិបាល​បញ្ចប់​ការធ្វើ​បច្ចុប្បន្នភាព ចំពោះ​គោលនយោបាយ​ការពារជាតិ​មួយចំនួន​ជាមុនសិន។

នៅក្នុង​ខែ​នេះ ក្រុម​អ្នកជំនាញ បានផ្ដល់​ជា​អនុសាសន៍​ដល់​លោក គីស៊ីដា​ ឱ្យ​ប្រើ​ប្រាស់​វិធានការ​ពង្រីក​ការ​យកពន្ធ​ឱ្យបាន​ទូលំ​ទូលាយ​ជាង​មុន ដែល​មានន័យ​ថា ស្ទើ​តែ​គ្រប់​ទំនិញ​ទាំងអស់​ត្រូវតែ​ចាប់ផ្ដើម​គិត​ពន្ធ បើទោះបី​ជា​ពីមុន​មិន​ធ្លាប់មាន​វិធានការ​បែបនេះ​ក៏ដោយ។ វិធានការ​នេះ ដើម្បី​អាច​ឈាន​ឆ្ពោះទៅរក​គោលដៅ​បង្កើន​ការចំណាយ​លើ​វិស័យ​ការពារ​ជាតិ ហើយក៏​អាច​ការពារ​ពី​ការ​កើនឡើង​បំណុល​របស់​ពលរដ្ឋ​ជប៉ុន។ ទន្ទឹមនឹងនេះ វា​ក៏​អាច​បង្ហាញ​សម្ព័ន្ធមិត្ត​អាមេរិក ចំពោះ​ការផ្លាស់ប្តូរ​ទីផ្សារ​អន្តរជាតិ​ផងដែរ។

បន្ទាប់​ពី​ជំនួប​ប្រជុំ​ជាមួយ​នាយក​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ លោក Shunichi Suzuki រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក Yasukazu Hamada បាន​ប្រាប់​អ្នកសារ​ព័ត៌មាន​ថា​៖ «តាមរយៈ​ការសង្កេតមើល​ស្ថានភាព​សន្តិសុខ​បច្ចុប្បន្ន យើង​ត្រូវ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​ការពារ​ជាតិ​ជាបន្ទាន់ ក្នុង​រយៈពេល ៥ ​ឆ្នាំ​ខាងមុខ។ លោក​នាយក​រដ្ឋមន្ត្រីបាន​ប្រាប់​ពួកយើង​ឱ្យខិត​ខំប្រឹងប្រែង​គ្រប់​បែបយ៉ាង ក្នុងការ​ត្រៀម​ទុក​នូវ​កញ្ចប់​ថវិកា​ឱ្យបាន​ឆាប់រហ័ស និង​ម៉ត​ចត់​បំផុត»។

ដើម្បី​អាចឈាន​ទៅដល់​ទំហំ​នៃ​ផែនការ​ការពារជាតិ​ពាក់កណ្តាល​អាណត្តិ​របស់​ប្រទេស​ជប៉ុន ដែល​នឹងត្រូវ​គ្រោង​បន្ថែម នៅ​ចុង​ឆ្នាំ រដ្ឋាភិបាល​នឹង​សម្រេច​ត្រៀម​កញ្ចប់​ថវិកា​តាមរ​យៈ​ការស្វែងរក​ចំណូល​បន្ថែមទៀត និង​កំណែទម្រង់​ផែនការ​ចំណាយ​ថវិកាជាតិ​របស់​ជប៉ុន។

លោក Hamada បាន​លើកឡើង​ពីសម្តី​របស់​លោក គីស៊ីដា​ ថា៖ «ក្នុងនាម​ជា​ប្រទេស​ដែលមាន​ការ​ទទួល​ខុសត្រូវ យើង​ត្រូវខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​កំណែទម្រង់​ការចំណាយ​ថវិកា ប៉ុន្តែ​ក្នុងពេល​ជាមួយគ្នានេះ ប្រភព​ចំណូល​ថវិកា ដែលមាន​ស្ថិរភាព គឺ​ពិតជា​ចាំបាច់ ដើម្បី​អាច​គាំទ្រ​ដល់​ការចំណាយ​ប្រកបដោយ​ភាព​ស្ថិតស្ថេរ»៕

វីដេអូ៖