​​សេត​វិមាន​បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ ទី​​ ២៨ ខែវិច្ឆិកា​ថា សហរដ្ឋអាមេរិក​គាំទ្រ​សិទ្ធិ​របស់​ប្រជាជន ក្នុង​ការតវ៉ា​ដោយ​សន្តិវិធី នៅ​ប្រទេស​ចិន ប៉ុន្តែ​មិនបាន​រិះគន់​ទីក្រុង​ប៉េកាំង​នោះទេ ខណៈដែល​ប្រជាជន​ចិន​បាន​ប្រមូល​ផ្ដុំគ្នា​ធ្វើបាតុកម្ម​ប្រឆាំងនឹង​វិធានការ​រឹតត្បិត ក្រោម​គោលនយោបាយ​សូន្យ​កូ​វីដ ហើយ​បង្កឱ្យមាន​ការប៉ះទង្គិច​គ្នា ជាមួយ​ក្រុម​អាជ្ញាធរ នៅតាម​បណ្ដា​ក្រុង​ធំៗ​ចំនួន​ ១៥ ទូទាំងប្រទេស​ចិន​។

​សេចក្ដីថ្លែងការណ៍​រប​ស់​សេត​វិមាន​ចេញផ្សាយ ទន្ទឹមនឹង​ការ​រឹតបន្តឹង​សន្តិសុខ​របស់​ប៉ូលិស​ចិន នៅ​កន្លែង​តវ៉ា រួមទាំង​ក្នុង​ទីក្រុង​សៀង​ហៃ និង​ប៉េកាំង បន្ទាប់ពី​ក្រុមមនុស្ស​នៅ​ទីនោះ និង​ទីក្រុង​ផ្សេងទៀត រួមទាំង​នៅតាម​បរិវេណ​សាកលវិទ្យាល័យ​រាប់សិប បានបង្ហាញ​ការមិន​ពេញចិត្ត​កាន់តែខ្លាំង​ក្នុង​បាតុកម្ម ទាំង​ស្រែក​ឱ្យ​លោក ស៊ី ជីន​ភីង ដែល​ទើប​ចាប់ផ្ដើម​បន្ត​អាណត្តិ​ទី​៣ ចុះ​ចេញពី​តំណែង​។

​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​របស់​សេត​វិមាន បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖ «​យើង​បាន​និយាយ​ជា​យូរ​មកហើយ​ថា មនុស្ស​គ្រប់រូប​មាន​សិទ្ធិ ក្នុង​ការតវ៉ា​ដោយ​សន្តិវិធី​ទាំង​នៅ​សហរដ្ឋអាមេរិក និង​នៅ​ជុំវិញ​ពិភពលោក​។ នេះ​រួមបញ្ចូល​ទាំង​នៅ​សា​​ប្រជាមានិត​ចិន​ផងដែរ​»​។​

​ក្រុមប្រឹក្សា​បន្តថា សហរដ្ឋអាមេរិក​ផ្តោតលើ​ដំណើរការ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​កូ​វីដ ដោយ​រួមទាំង​ការបង្កើន​អត្រា​នៃ​ការចាក់​វ៉ាក់សាំង ហើយ​លើកឡើងថា​៖ «​យើង​គិតថា វា​នឹង​ពិបាក​ខ្លាំងណាស់ សម្រាប់​សា​ប្រជាមានិត​ចិន ដើម្បី​អាច​ទប់ស្កាត់​មេរោគ​នេះ​បាន តាមរយៈ​គោលនយោបាយ​សូន្យ​កូ​វីដ​»​។

​នៅ​ពាក់​កណ្ដាលខែ​នេះ ប្រធានាធិបតី​​អាមេរិក លោក ចូ បៃ​ដិ​ន បាន​ជួបពិភាក្សា​ផ្ទាល់​ជាមួយ​លោក ស៊ី នៅ​កោះ​បាលី ហើយ​ការឆ្លើយតប​ទាំង​ប្រយ័ត្ន​ពាក្យសម្ដី​របស់​សេត​វិមាន នាពេលនេះ ហាក់ដូចជា​បង្ហាញ​ពី​បំណង​ចង់​ដើរ​លើផ្លូវ​ប្រុងប្រយ័ត្ន និង​ចៀសវាង​ការធ្វើឱ្យ​ស្ថានការណ៍ រវាង​ប្រទេស​ទាំង ២ កាន់តែ​ក្តៅគគុក​។​

​នៅពេល​សួរ​អំពី​ប្រតិកម្ម​របស់លោក បៃ​ដិ​ន ចំពោះ​ការទាមទារ​ឱ្យ​លោក ស៊ី ចុះ​ពី​តំណែង​ពី​សំណាក់​ប្រជាជន​ចិន អ្នកនាំពាក្យ​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក ច​ន ឃើ​រ​ប៊ី បាន​ប្រាប់ថា​៖ «​ប្រ​ធានា​ធិបតី​នឹងមិន​និយាយ ដើម្បី​បាតុករ​នៅ​ជុំវិញ​ពិភពលោក​នោះទេ​។ ពួកគេ​កំពុងនិយាយ​ទាមទារ ដើម្បី​ខ្លួនឯង​»​។​

​ការលើកឡើង​បែបនេះ ផ្ទុយទៅនឹង​អ្វី ដែល​លោក ឃើ​រ​ប៊ី ធ្លាប់បាន​លើកឡើង នៅ​ដើមខែ​នេះ​ថា លោក បៃ​ដិ​ន កំពុង​បង្ហាញ​ពី​សាមគ្គី​ភាពជា​មួយក្រុម​បាតុករ ក្នុងប្រទេស​អ៊ី​រ៉ង់ ដោយ​និយាយថា​៖ «​យើង​នឹង​ដោះលែង​​អ៊ី​រ៉ង់ឱ្យមាន​សេរីភាព​» ស្របពេល​ដែល​​អ៊ី​រ៉ង់ បាន​ចោទ​អាមេរិក និង​លោកខាងលិច​ថា ញុះញង់​ឱ្យ​ប្រទេស​របស់ខ្លួន​ចុះខ្សោយ​។

​លោក ឃើ​រ​ប៊ី អះអាងថា លោក បៃ​ដិ​ន​កំពុង​តាមដាន​អ្វីដែល​កំពុង​កើតឡើង​នៅ​ចិន និង​បន្ត​ការយកចិត្តទុកដាក់ ចំពោះ​សកម្មភាព​តវ៉ា​។ លោក​និយាយថា រដ្ឋបាល​​អាមេរិក​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់ ហើយ​ថា ចិន​មិនបាន​ស្នើសុំ​វ៉ាក់សាំង​ពី​សហរដ្ឋអាមេរិក​ទេ​។

​សូមបញ្ជាក់ថា រាប់​តាំងពី​ជំងឺ​កូ​វីដ ផ្ទុះ​​បែក​មក ទីក្រុង​ប៉េកាំង និង​វ៉ាស៊ីនតោន បាន​គ្រប់គ្រង​ស្ថានការណ៍​តាមរបៀប​រៀងៗ​ខ្លួន​។ ខណៈ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់ នៅ​អាមេរិក និង​ប្រទេស​ផ្សេងទៀត ហក់​ឡើង​កប់​ពពក គោលនយោបាយ​សូន្យ​កូ​វីដ​របស់​ចិន បានធ្វើឱ្យ​ការឆ្លង​រាលដាល ក្នុងប្រទេស​របស់ខ្លួន​ស្ងប់ស្ងាត់​។​

​ក្រោយ​រយៈពេល ៣​​ ឆ្នាំ ចិន​នៅតែ​បន្ត​ប្រកាន់ខ្ជាប់​នូវ​គោលនយោបាយ​នេះ ខណៈ​ចំនួន​ករណី​ឆ្លង​ថ្មី នៅ​ទូទាំងប្រទេស​កើន​ឡើងដល់​រាប់ម៉ឺន​នាក់​ជាប្រចាំ​ថ្ងៃ​។ មូលហេតុ​នេះហើយ ទើប​បង្កឱ្យមាន​ការបិទ​ខ្ទប់​យ៉ាង​តឹងរ៉ឹង និង​ការធ្វើ​តេស្តរ​កកូ​វីដ​លើ​មនុស្ស​រាប់លាន​នាក់ ដែល​បង្ក​ឱ្យ​ការរំខាន​ដល់​សេដ្ឋកិច្ច​ទ្រង់ទ្រាយ​ធំ​។​

​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ដ៏​កម្រ​ក្នុងប្រទេស​កុម្មុយនីស្ត​នេះ បាន​ផ្ទុះឡើង ចាប់តាំងពី​ថ្ងៃ​សុក្រ សប្ដាហ៍​មុន បន្ទាប់ពី​ភ្លើង​ឆេះ​អា​ផាត​មិន​ ១ នៅ​តំបន់​ស៊ីន​ជាំ​ង ដែល​សម្លាប់​មនុស្ស​យ៉ាងហោចណាស់ ១០​ នាក់​។ ក្រុម​អ្នកប្រឆាំង បាន​បញ្ចេញ​កំហឹង​ថា ដោយសារតែ​គោលនយោបាយ​សូន្យ​កូ​វីដ ទើប​ធ្វើឱ្យ​ដំណើរការ​ជួ​យសង្រ្គោះ​មាន​ភាពយឺតយ៉ាវ ហើយ​បង្ក​ការលំបាក​ដល់​ការរត់​ភៀសចេញ​ពី​ភ្លើង​របស់​ជនរងគ្រោះ​។ ការចោទប្រកាន់​នេះ ត្រូវបាន​អាជ្ញាធរ​បដិសេធ​យ៉ាង​ដាច់អហង្ការ​។

​ចំពោះ​ការសម្ដែង​ការគាំទ្រ ចំពោះ​ក្រុម​បាតុករ​យ៉ាង​ប្រយ័ត្នប្រយែង​របស់​អាមេរិក​នាពេលនេះ គេ​មិនទាន់​ឃើញ​មានប្រតិកម្ម​ណាមួយ​ពី​ចិន​នៅឡើយ​ទេ​។ យ៉ាងណាមិញ ជំហរ​របស់​អាមេរិក​លើក​នេះ ធ្វើឡើង​ខណៈដែល​អាមេរិក និង​ចិន ប្រឈមមុខ​នឹង​បញ្ហា​ភូមិសាស្ត្រ​នយោបាយ​ដ៏​តានតឹង​រួចមកហើយ បន្ថែម​ពីលើ​បញ្ហា​ពាណិជ្ជកម្ម និង​សិទ្ធិមនុស្ស​ដែលមាន​ស្រាប់​៕