លោក​​ឧត្តម​សេនីយ៍​នៃ​កង​ការពារបដិវត្តន៍​អ៊ី​រ៉ង់​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​ថា ​មនុស្ស​ជាង​ ៣០០​ នាក់ ​ត្រូវ​បាន​គេ​សម្លាប់​​នៅក្នុង​​ប្រទេស​អ៊ីរ៉ង់​ ចាប់​តាំង​ពី​ការ​តវ៉ា​ បាន​ផ្ទុះ​ឡើង​ជុំវិញ​​ការ​ស្លាប់​របស់​នាង​ Mahsa Amini ​កាល​ពី​ថ្ងៃ​ទី​ ១៦ កញ្ញា​ ក្នុ​ង​ការ​ឃុំឃាំង​របស់​ប៉ូលិស​សីលធម៌​។

លោក​ឧត្តម​សេនីយ៍​ត្រី​ Amirali Hajizadeh ​ប្រធាន​ផ្នែក​អវកាស​នៃ​កង​ការពារ​បដិវត្តន៍នោះ​​ បាន​និយាយ​ក្នុង​វីដេអូមួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន​ Mehr​ ថា​៖​ «​អ្នក​រាល់​គ្នា​នៅក្នុង​ប្រទេសនេះ ​ត្រូវរ​ង​ប៉ះពាល់​ពី​ការ​ស្លាប់​របស់​ស្ត្រី​រូបនេះ។​ ខ្ញុំ​មិនមាន​តួលេខ​ចុង​ក្រោយ​ទេ​ ប៉ុន្តែ​ខ្ញុំគិត​ថា ​យើង​មាន​មនុស្ស​ជាង​ ៣០០ ​នាក់ ​ដែលត្រូវ​គេ​សម្លាប់​នៅក្នុង​ប្រទេសនេះ​ក្នុង​នោះ​ ក៏​មាន​ក្មេង​ដែរ ​ចាប់​តាំង​ពី​មាន​ឧប្បត្តិ​ហេតុ​នេះ ​កើត​ឡើង។

ចំនួនអ្នក​ស្លាប់​ រាប់​បញ្ចូល​ប៉ូលិស​រាប់សិប​នាក់ ​ទាហាន ​និង​ឈ្លប​ ​បាន​ស្លាប់​ក្នុង​ការ​ប៉ះទង្គិច​គ្នា​ជា​មួយ​ក្រុម​បាតុករ​ ឬ​ត្រូវ​គេ​សម្លាប់​។

ចំនួនអ្នក​ស្លាប់​ផ្លូវការ​ គឺ​​ជិត​ដល់​តួលេខ​នៃ​មនុស្ស​យ៉ាង​តិច​ ៤១៦​ នាក់ ​ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​បង្ក្រាប​តវ៉ា​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រុម​សិទ្ធិ​មនុស្ស​អ៊ីរ៉ង់​មាន​មូលដ្ឋាន​នៅ​ទីក្រុង​អូស្លូ​។

ក្រុមសិទ្ធិមនុស្ស​នេះនិយាយថា ចំនួនអ្នកស្លាប់របស់ខ្លួនរួមមានអ្នកស្លាប់នៅក្នុងអំពើហិង្សាទាក់ទងនឹងការតវ៉ារបស់​នា​ង​ Amini និងនៅក្នុងភាពចលាចលដាច់ដោយឡែកនៅក្នុងខេត្ត Sistan-Baluchistan ភាគអាគ្នេយ៍៕