ប្រទេស​រុស្ស៊ី​ និង​ប្រទេស​អាស៊ី​កណ្តាល ​២ ទៀត​ផ្តួចផ្តើម​បង្កើន​ «សហភាព​ឧស្ម័ន​ត្រីភាគី ​(trilateral gas union)» ដើម្បី​នាំ​ចេញ​ថាមពល​ឧស្ម័ន​ធម្មជាតិ​ ខណៈ​ដែល​ប្រទេស​បណ្តា​ប្រទេស​នៅអឺរ៉ុប ​និង​សម្ព័ន្ធ​មិត្ត​​ត្រៀម​ដាក់​សម្ពាធ​លើ​ថាមពល​ឥន្ធនៈ​មាន​ប្រភព​ពី​ប្រទេស​រុស្ស៊ី​ ចាប់​ពី​ដើម​ខែ​ធ្នូ។

ប្រធានា​ធិបតី​កាហ្សាក់ស្ថាន ​លោក​ ​កាស្ស៊ី​ម ចូ​ម៉ាត​ តូ​កាយ៉េវ (Kassym-Jomart Tokayev) ​ដែល​ទើប​ជាប់​ឆ្នោត​បន្ត​ជា​ប្រធានា​ធិបតី​ក្រោយ​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ​ និង​ប្រធានា​ធិបតី​រុស្ស៊ី​ លោក វ៉្លា​ឌីមៀរ ពូទីន (Vladimir Putin) បាន​ពិភាក្សា​អំពី​ការ​បង្កើត «​សហភាព​ឧស្ម័ន​ត្រីភាគី»​ដោយ​បូក​បញ្ចូល​ជា​មួយ​​ប្រទេស​អ៊ូស​បេគីស្ថាន​ នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​នៅវិមាន​ក្រឹមឡាំង​ កាល​ពី​ថ្ងៃទី ​២៨​ ខែ​វិច្ឆិកា។ ​នេះ​បើ​យោង​តាមទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS ដែល​បាន​ដក​ស្រង់​ការ​បញ្ជាក់​របស់​លោក ​ Ruslan Zheldibay លេខាធិការ​ទទួល​បន្ទុក​សារ​ព័ត៌មាន​របស់​មេដឹក​នាំ​កាហ្សាក់​ស្ថាន។

លោក​ Ruslan Zheldibay ​បាន​បង្ហាញ​ព័ត៌មាន​អំពី​ដំណើរ​ទស្សនកិច្ច​​របស់​មេដឹក​នាំ​កាហ្សាក់​ស្ថាន​តាម​បណ្តាញ​ទំនាក់​ទំនង​សង្គម​ផ្ទាល់ខ្លួន​ថា៖​​ «មាន​សំណួរ​មួយ​ចំនួន​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាក់ទង​នឹង​ដំណើរ​ទស្សន​កិច្ច​របស់​ប្រមុខ​រដ្ឋ​ទៅកាន់​ទីក្រុង​ម៉ូស្គូ។ ដោយ​ក្នុង​ចិត្ត​នេះ ចាំបាច់​ត្រូវ​កត់​សម្គាល់​ថា កិច្ច​ពិភាក្សា​រវាង​ប្រធានាធិបតី​កាហ្សាក់​ស្ថាន និង​រុស្ស៊ី​នៅ​វិមាន​ក្រឹមឡាំង​បាន​ផ្តោត​លើការ​បង្កើត «សហភាព​ឧស្ម័ន​ត្រីភាគី»​​ រវាងរុស្ស៊ី ​កាហ្សាក់ស្ថាន និង​អ៊ូស​បេគីស្ថាន​ ក្នុង​គោល​បំណង​សម្រប​សម្រួល​សកម្មភាព​របស់​ពួកគេ ដើម្បី​​ដឹក​ជញ្ជូន​ឧស្ម័ន​រុស្ស៊ី​ឆ្លង​កាត់​ទឹកដី​នៃ​ប្រទេស​កាហ្សាក់​ស្ថាន​និង​អ៊ូស​បេគី​ស្ថាន​»។

លោក​បាន​កត់​សម្គាល់​ថា ​លោក​ប្រធានា​ធិបតី​ តូកាយ៉េវ ​និង​ ពូទីន​ ចាត់​ទុក​ថា​វា «​ចាំបាច់​ដើម្បី​ធ្វើ​ការ​ពិភាក្សា​លម្អិត​ដោយ​មាន​ការចូលរួម​​ពីអ្នក​​ជំនាញ​​មក​ពី​ប្រទេស​​ទាំង​៣​ ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​​សមហេតុ​​ផល​​ចំពោះ​បញ្ហា​ជា​មួយ​នឹង​ផលប្រយោជន៍​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​គិត​គួរ​»។​

​យោង​តាមការ​ចុះ​ផ្សាយ​នោះ ​ប្រធានា​ធិបតី​រុស្ស៊ី វ៉្លា​ឌីមៀរ ​ពូទីន​ គ្រោង​ហៅ​ទូរស័ព្ទ​ទៅ​កាន់​ប្រធានាធិបតី​អ៊ូបេ​គិស្ថាន​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ​ផង​ដែរ​។

វិស័យ​ថាមពលរុស្ស៊ី​​នឹង​ត្រូវ​រង​ទណ្ឌកម្ម​ជាថ្មី​ពី​សំណាក់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី​ ៥​ ខែ​ធ្នូ​ ខាងមុខនេះ ដែល​ជា​ការ​ដាក់​ពិដាន​តម្លៃ​ថាមពល​ថ្មី​លើ​វិស័យ​ថាមពល​រុស្ស៊ី​ដើម្បី​កាត់​បន្ថយ​រំហូរ​ហិរញ្ញវត្ថុ​ដល់​ប្រទេសរុស្ស៊ី​សម្រាប់​ផ្តល់​មូលនិធិ​ដល់​សង្គ្រាម​នៅ​អ៊ុយ​ក្រែន៕​