អាជ្ញាធរ​ចិន​បាន​ចាប់ផ្តើម​ការ​ស៊ើប​អង្កេត​ទៅលើ​ក្រុម​មនុស្ស​មួយ​ចំនួន​ដែល​បាន​ប្រមូលផ្តុំគ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​យន្តការ​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺកូវីដ​ ១៩ ​កាល​ពីថ្ងៃ​ចុង​សប្តាហ៍​ នេះបើ​យោង​តាម​ពលរដ្ឋ​ចិន​មួយ​ចំនួន​ដែល​បាន​ចូល​រួមបាតុ​កម្ម​នៅទី​ក្រុងប៉េកាំង​បាន​ប្រាប់​សារ​ព័ត៌មាន ​Reuters​ ខណៈ​ដែលប៉ូលិស​នៅតែ​ត្រូវ​បាន​ដាក់​ពង្រាយ​តាមដង​ផ្លូវក្នុង​ទីក្រុង​។

បាតុករ ២ នាក់​បាន​ប្រាប់​ទីភា្នក់ងារ​ ព័ត៌មាន ​Reuters​ ថា មាន​អ្នកហៅ​ទូរស័ព្ទ​ទៅកាន់​ពួកគេ​ដោយ​បាន​អះអាងថា​ជា​មន្ត្រីប៉ូលិស​ក្រុងប៉េកាំង​ដោយបាន​សុំឱ្យ​ពួក​គេ​រាយការណ៍​ទៅស្ថានីយ​ប៉ូលិស​កាលពី​ថ្ងៃ​អង្គារ ទី ២៩​ ខែ​វិច្ឆិកា​តាមរយៈ​ការ​សរសេរ​បញ្ជាក់​អំពី​សកម្មភាព​របស់​ពួកគេ​នៅ​យប់ថ្ងៃ​អាទិត្យជា​លាយ​ល័ក្ខអក្សរ។​ សិស្សម្នាក់​ក៏​បាន​លើក​ឡើងផង​ដែរថា​ ខ្លួន​ត្រូវបាន​សួរនាំ​ដោយ​មហា​វិទ្យាល័យ​ថាតើរូប​គេ​បាន​ធ្វើ​ដំណើរ​ទៅក្នុង​តំបន់​ដែលមាន​ការ​តវ៉ាកើត​ឡើងដែរ​ឬ​ ទេនិង​បានឱ្យ​សរសេរ​រៀបរាប់​ជា​លាយល័ក្ខ​អក្សរ​ដូចគ្នា​ផងដែរ​។

ពលរដ្ឋចិន​ម្នាក់​ទៀត​ដែល​បាន​ឃើញ​ការ​តវ៉ា​នៅ​ទីក្រុង​ប៉េកាំង​បាន​បដិសេធ​មិន​បង្ហាញ​អត្ត​សញ្ញាណ​របស់ខ្លួន ​ហើយ​បាន​លើកឡើង​ថា៖​«យើង​ទាំង​អស់​គ្នា​កំពុង​លុប​ប្រវត្តិ​ការជជែក​គ្នា​ក្នុងឆាត (Chat) ​​ទាំង​អស់​សង្ឃឹម»។ ​បុគ្គលដដែលនេះ​បាន​ឱ្យ​ដឹង​ថា​ប៉ូលិស​បាន​សាក​សួរថា​តើពួក​គេទទួល​បាន​ព័ត៌មាន​អំពី​ការ​តវ៉ា​ដោយ​វិធីណា​និង​អ្វី​ជា​ហេតុផល​ជំរុញពួក​គេឱ្យ​ទៅ​ចូលរួម​។

គេ​មិនច្បាស់នោះ​ទេថា​តើអាជ្ញា​ធរអាច​កំណត់​អត្តសញ្ញាណ​មនុស្ស​ដែលពួក​គេចង់​សួរ​អំពីការ​ចូលរួម​ក្នុង​ការតវ៉ានេះ​ដោយ​របៀបណា​ហើយកាន់​តែមិនច្បាស់​ទៅទៀតនោះ​គឺថា​តើមាន​មនុស្ស​ប៉ុន្មាន​នាក់​ដែល​អាជ្ញាធរ​គ្រោងនឹង​សាកសួរ។​ការិយាល័យ​សន្តិសុខ​សាធារណៈ​របស់​ទីក្រុងប៉េកាំង​មិនបាន​ឆ្លើយតប​ទៅនឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​នោះទេ​។ ដោយ​ឡែក​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​ចិន​បាន​លើកឡើង​ថា​សិទ្ធិ​និង​សេរីភាព​ត្រូវតែ​អនុវត្ត​ក្រោម​ក្រប​ខ័ណ្ឌច្បាប់​។

គួរ​ដឹងដែរថា ​ចលាចល​សង្គម​ដ៏​ធំ​បំផុត​របស់​ចិនដី​គោកនេះ ​ជាការ​តវ៉ា​ដែល​មិនធ្លាប់​មានពីមុន ​ចាប់តាំង​ពី​ប្រធានាធិបតី​ស៊ី ជីនភីង​ឡើងកាន់​អំណាច​អស់​១ ​ទសវត្សរ៍​មកនេះ​។​ ចំនួន​ករណី​ឆ្លងកូវីដ​១៩​ ដែល​បាន​កើន​ឡើងខ្ពស់​ជា​ប្រចាំ​ហើយ​តំបន់ជា​ច្រើននៃ​ទី​ក្រុងមួយ​ចំនួន​ដែល​កំពុង​ប្រឈមមុខ​នឹងការ​បិទខ្ទប់​សាជាថ្មី ​ជា​មូលហេតុ​ចម្បង​នៃ​ការ​បាតុកម្មនេះ​។ មន្ត្រី​សុខាភិបាល​ចិន​បាន​ឱ្យដឹង​ថា​ការ​ត្អូញត្អែរ​អំពី​គោលនយោបាយ​កូវីដ១៩​ភាគ​ច្រើន​បណ្ដាល​មកពី​ការ​ដែល​មិនអាច​រស់នៅ​បត់បែន​បាន​របស់​ប្រជាពលរដ្ឋ​។

លោក​Cheng​ Youquan​បាន​ប្រាប់​អ្នក​សារ​ព័ត៌មានថា៖«បញ្ហា​ដែលត្រូវ​បាន​គូស​បញ្ជាក់​ដោយ​សាធារណ​ជន​មិនមែន​សំដៅលើ​ការ​បង្ការ​និង​គ្រប់គ្រង​ការ​រាតត្បាត​នៃ​ជំងឺកូវីដ​១៩នោះ​ទេ​ប៉ុន្តែ​ផ្តោត​លើ​វិធានការ​បង្ការ​ជាក់ស្ដែង​និង​មធ្យោបាយ​ត្រួតពិនិត្យ​របស់​អាជ្ញាធរ»។​គួររំឭក​ ផង​ដែរថា ​ជំងឺកូវីដ១៩​បាន​នឹង​កំពុង​រីករាលដាល​កាន់​តែខ្លាំង ​បើទោះបី​ជា​ប្រទេស​ចិន​ព្យាយាម​ដាក់ខ្លួន​ឱ្យនៅឯ​កោ​ពី​ពិភពលោក ​និង​បាន​ទាមទារឱ្យ​ប្រជាជន​របស់​ខ្លួន​អនុវត្ត​តាម​វិធានការ​តឹងរឹុង​យ៉ាងណា​ក៏ដោយ​។

ការបិទខ្ទប់​បានធ្វើឱ្យ​សេដ្ឋកិច្ច​ចិន​មាន​ការ​ធ្លាក់ចុះ​យ៉ាងខ្លាំងបំផុត​ និង​មាន​ការរំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​សកល​និង​ទីផ្សារ​ហិរញ្ញវត្ថុ​។ ភាគហ៊ុន​របស់​ចិន​និង​ប្រាក់យន់ ​(Yuan) ​បាន​ងើបឡើង​វិញ​នៅពេល​អ្នក​វិនិយោគ​បង្ហាញ​សញ្ញា​វិជ្ជមាន​ ដោយ​យល់ថា​ការ​តវ៉ា​ប្រឆាំង​របស់​ពលរដ្ឋ​អាច​ជំរុញឱ្យ​មាន​ការ​បន្ធូរ​បន្ថយ​ការ​ទប់ស្កាត់​និង​ការ​បន្ធូរបន្ថយ​បទប្បញ្ញត្តិ​ស្តីពីការ​រៃអង្គាស​ប្រាក់​របស់អ្នក​អភិវឌ្ឍន៍។​ជាក់​ស្ដែង​សន្ទស្សន៍​CSI300 ​Index​របស់​ប្រទេសចិន​បាន​កើនឡើង​ចំនួន​៣%​សន្ទស្សន៍​Shanghai​ Composite​Index​បានកើន​ឡើងចំនួន២,៣%​និង​សន្ទស្សន៍​ Hang Seng Index​របស់​ហុងកុង​បានកើន​ឡើង៥%។ ​មិនត្រឹមតែ​ប៉ុណ្ណោះ​ ផែនការ​ជំរុញ​អត្រាការ​ចាក់​វ៉ាក់សាំង​បង្ការ​ក្នុង​​ចំណោម​មនុស្ស​វ័យចាស់​ក៏បាន​ជួយ​លើកកម្ពស់​និន្នាការ​នៃ​ទីផ្សារនេះ​ផងដែ​រ។

យោង​តាមវីដេអូ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មួយ​របស់​ចិន​ បាន​បង្ហាញ​ពី​ប៉ូលិស​រាប់​រយនាក់​បាន​ដាក់​ពង្រាយ​នៅទីលាន​ដ៏​ធំមួយ​ដើម្បី​រារាំង​មនុស្ស​ពី​ការ​ប្រមូល​ផ្តុំគ្នាកាល​ពី​យប់ថ្ងៃ​ចន្ទ​នៅទី​ក្រុងហាងចូវ​ (Hangzhou)​ដែលជា​រដ្ឋធានី​នៃ​ខេត្ត​ចឺជាង​ (Zhejiang)។ វីដេអូមួយ​ទៀត​បាន​បង្ហាញ​ពីហ្វូង​មនុស្សកាន់​ទូរស័ព្ទដៃ​ព័ទ្ធ​ជុំវិញ​ប៉ូលិស​ខណៈ​ពេល​ដែល​អ្នកផ្សេងទៀត​ព្យាយាម​ទាញអ្នក​ដែលត្រូវ​បាន​ចាប់ខ្លួន​មកវិញ។ ​យ៉ាងណាក៏​ដោយ ​ប៉ូលិស​ក្រុងហាង​ចូវ​មិនបាន​ផ្ដល់​ការ​អត្ថាធិប្បាយ​ស្រាយ​បំភ្លឺនោះទេ​។

នៅ​ទី​ក្រុងសៀងហៃ​និង​ទីក្រុងប៉េកាំង​ក្រុមប៉ូលិស​បាន​ដើរល្បាត​តំបន់​ដែល​ក្រុម​មនុស្សមួយ​ចំនួន​នៅលើ​តេឡេក្រាម​ (Telegram)​បាន​ជជែក ​និង​បបួល​គ្នា​ប្រមូលផ្តុំ​ម្តងទៀត ​ប៉ុន្តែនៅ​យប់​ថ្ងៃ​ចន្ទ​ប៉ូលិស​​បាន​បញ្ជាក់​ថា​មិន​មាន​ការ​ជួបជុំ​គ្នា​កើតឡើង​នោះទេ។​លោកPhilip Qin រស់​នៅទីក្រុង​ប៉េកាំង​អាយុ២២​ឆ្នាំ​បាន​និយាយថា​«វាពិតជា​គួរ​ឱ្យខ្លាច​ណាស់»​ដោយ​លោកចង់​សំដៅទៅ​លើហ្វូង​ប៉ូលិស​ជាច្រើន​នៅតាម​ដងផ្លូវ​។

ពលរដ្ឋ​ដែលរស់​នៅ​ក្នុង​តំបន់​បានឱ្យ​ដឹងថា​ប៉ូលិស​បាន​នឹង​កំពុង​សួរនាំ​ប្រជាជន​ដែល​ឆ្លងកាត់​តំបន់​ទាំងនោះ ​ដូច​ជា​ការពិនិត្យ​មើលទូរ​ស័ព្ទ​របស់​ពួកគេ​ដើម្បី​ដឹងថា​តើពួកគេ​មាន​ប្រើប្រាស់​បណ្តាញ​ឯកជននិម្មិត ​(VPNs)​ និង​កម្មវិធី​តេឡេក្រាម​ដែលត្រូវ​បាន​ប្រើប្រាស់​ដោយ​ក្រុម​អ្នកតវ៉ា​ដែរ​ឬទេ។​គួរដឹងដែរ​ថា ​ការ​ប្រើប្រាស់​ប្រព័ន្ធ ​VPNs ជា​ការ​ខុសច្បាប់​សម្រាប់​មនុស្ស​ភាគច្រើន​នៅក្នុង​ប្រទេស​ចិន​ខណៈ​ដែល​កម្មវិធី​តេឡេក្រាម​ត្រូវបាន​រដ្ឋចិន​ហាម​មិន​ឱ្យ​ប្រើប្រាស់​នោះទេ។​រីឯ​ក្រុម​អ្នកតវ៉ា​ខ្លះ​បាន​ប្រើប្រាស់​កម្មវិធី​ណាត់​ជួប​ (Dating Apps)​ដើម្បី​គេច​វេស​ពី​ការ​តាមដាន​និង​ការ​ត្រួត​ពិនិត្យ​របស់​ប៉ូលិស​។

កាលពី​សប្តាហ៍​មុន​បាតុកម្ម​តវ៉ា​បានកើត​ឡើង​អំឡុង​ពេល​ហេតុការណ៍​ភ្លើងឆេះ​អគារ​មួយកន្លែង​នៅភាគ​ខាងលិច​នៃ​ទីក្រុង​Urumqi ដោយ​អាជ្ញាធរ​បានលើក​ឡើងថា​មាន​មនុស្ស​ចំនួន១០​នាក់​បាន​ស្លាប់​ដោយ​សារ​ភ្លើងឆេះនោះ។​អ្នកប្រើ​ប្រាស់​បណ្ដា​ញអ៊ីនធឺណិត​មួយ​ចំនួន​បាន​លើក​ឡើង​ថា​វិធាន​ការ​បិទខ្ទប់​កូវីដ១៩ ​បាន​រារាំង​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួយ​សង្គ្រោះ​មនុស្សនៅ​ក្នុង​អគារ​ដែលកំពុ​ងឆាបឆេះ ​ប៉ុន្តែ​មន្ត្រី​នៅទីនោះបាន​បដិសេធ។

អ្នក​សរសេរ​ប្លុក​ជាតិ​និយម​ដ៏លេច​ធ្លោម្នាក់ ​លោក ​រ៉ឹនយី ​ដែល​ត្រូវ​ជាចៅប្រុស​របស់​មេដឹកនាំ​បក្សកុម្មុយនីស្ត​ចិន​ លោករ៉ឹន ​ចុង​យី និងអ្នក​ស្រី ​យូ លីបាន​សរសេរ​ថា​ការ​តវ៉ា​ត្រូវ​បានបង្កឡើង​ដោយ​ការ​ញុះញង់​ពី​សំណាក់​ឥទ្ធិពល​របស់បរទេស។​លោករ៉ឹន​បាន​សរសេរ​នៅក្នុង​ប្លុក​របស់​លោកថា«តើ​គោលបំណង​របស់​ពួកគេ​គឺជាអ្វី? ​ទី១ ​គឺ​ដើម្បី​ធ្វើឱ្យជម្លោះ​ផ្ទៃក្នុង​កាន់តែ​រីកខ្លាំង​ឡើង។​ទី២ គឺ​ដើម្បី​មើលថា​តើ​ពួកគេ​អាចធ្វើឱ្យ​ទៅជា​បញ្ហា​នយោបាយ​ទាំងស្រុង​ជុំវិញ​បញ្ហា​ការ​ទប់ស្កាត់​ការ​រីករាល​ដាល​កូវីដ១៩​និង​គោល​នយោបាយ​សុខភាព​របស់យើង​»។

មិន​ត្រឹមតែ​ប៉ុណ្ណោះ ​អាជ្ញាធរ​ក៏​បាន​ព្រមាន​ជាច្រើន​ដងផង​ដែរថា​ឥទ្ធិពល​កម្លាំង​បរទេស​កំពុង​បង្ក​គ្រោះថ្នាក់​ដល់​សន្តិសុខ​ជាតិ​ហើយ​បាន​ចោទប្រកាន់​ពួកគេ​ពីបទញុះញង់​ឱ្យមាន​ការ​តវ៉ាទាមទារ​លទ្ធិប្រជា​ធិបតេយ្យ​កាល​ពី​ឆ្នាំ ២០១៩​នៅទី​ក្រុង​ហុងកុង​។​ យ៉ាងណា​ក៏​ដោយ​ ក្រុមមន្ត្រី​បាន​និយាយថា​គោលន​យោបាយ​កូវីដ១៩​បាន​ជួយកាត់​បន្ថយចំនួន​អ្នក​ស្លាប់​រាប់ពាន់នាក់។​ហើយ​អ្នកវិភាគ​ជាច្រើន​បាន​លើក​ឡើងថា​ការ​បន្ធូរ​បន្ថយ​គោល​នយោបាយ​រឹងបន្តឹង​មុនពេល​ការ​បង្កើន​អត្រា​ការ​ចាក់វ៉ាក់សាំង​បង្ការ​អាចនាំឱ្យ​មានការ​រីករាលដាល​នៃ​ជំងឺនេះ​កាន់តែខ្លាំង​និង​ការ​ស្លាប់កាន់​តែច្រើន ​ខណៈមន្ទីរ​ពេទ្យ​មិន​មាន​គ្រប់គ្រាន់​៕

វីដេអូ៖