បន្ទាប់​ពី​ការ​ខ្នះខ្នែង​​ជួយ​កៀរគ​​រជំនួយ​​សម្រាប់​ប្រទេសអ៊ុយក្រែន និង​ការ​ព្រលយ​ពី​ការ​ទទួល​យក​​ប្រទេសអ៊ុយក្រែន ​ចូល​ទៅ​ក្នុង​អង្គការ​​​សន្ធិសញ្ញា​អាត្លង់ទិក​ខាងជើង​ ហៅ​កាត់​ «​NATO)​ ក្នុង​​ពេល​អនាគត​​ មន្ត្រី​ជាន់ខ្ពស់រុស្ស៊ី​បាន​​វាយ​បក​​អង្គការ​ណាតូ​​​ដែល​​ប្រៀបប្រដូច​​​អង្គការ​ប្រដាប់​អាវុធ​​អន្តរជាតិ​មួយ​​នេះ​​​ជា ​«អង្គការ​ឧក្រិដ្ឋកម្ម» ដែលតំណាង​ឱ្យ​​ប្រជាជន​សរុប​មិន​ដល់​ ១២ ​ភាគរយ​​​នៃ​​ប្រជាជន​​ក្នុង​ពិភពលោក​ផង​។​

លោក ឌីមីទ្រី មេដវ៉េដេវ (Dmitry Medvedev) អនុប្រធាន​​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី​ បាន​​​អះអាង​​​​កាលពី​ថ្ងៃ​អង្គារ​ថា ពិភព​លោក​ស៊ីវិល័យ​មិន​ត្រូវការ​អង្គការ​ NATO ​ដែល​ជា «អង្គការ​ឧក្រិដ្ឋកម្ម» ដែល​រដ្ឋ​ជា​សមាជិក​មាន​ត្រឹមតែ ១២ ភាគរយ​នៃ​ចំនួន​ប្រជាជន​ពិភព​លោកនោះទេ។

​​យោ​ង​តាមការ​ចេញផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី TASS លោក មេដវ៉េដេវ ​បាន​សរសេរ​នៅលើ​បណ្តាញ​ Tele gram របស់​លោក​​ថា៖ «បណ្តា​ប្រទេស​ណាតូ​មាន​ចំនួន​មិន​លើស​ពី ១២ ភាគរយ​​នៃ​​ចំនួន​ប្រជាជន​នៅ​លើភព​ផែនដី។ ពិភពលោក​ស៊ីវិល័យ​​មិន​ត្រូវ​ការ​អង្គការ​នេះ​ទេ។ ​វា​គួរតែ​​​មាន​វិប្បដិសារី​នៅ​​​ចំពោះ​មុខ​​​មនុស្សជាតិ​ និង​រំលាយ​ខ្លួន​​ឯង​​​នៅ​លើ​មូលដ្ឋាន​​នៃ​​អង្គការ​​​ឧក្រិដ្ឋកម្ម​​​​»។

ថ្នាក់ដឹកនាំ​​ផ្នែកសន្តិសុខ​រុស្ស៊ី​រូបនេះ បាន​​​និយាយ​ថា អង្គការ​ណាតូ «ងាយ​ធ្វើ​ភ្លេច» នូវ​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​នៅ​ទូទាំង​ពិភពលោក​ រួម​ទាំង​ការរៀប​ចំ​រដ្ឋ​ប្រហារ ​និង​ផ្តួល​រំលំ​មេដឹកនាំ​រដ្ឋ​ស្រប​ច្បាប់។ ​

លោក មេដវ៉េដេវ ​បន្ថែម​ថា អង្គការ ​និង​ភាព​ជា​អ្នកដឹកនាំ​របស់​ខ្លួន ក៏ហាក់​ដូចជា​ភ្លេច​អំពីការ​ស្លាប់ និង​របួស​របស់​ជន​ស៊ីវិល​ជាច្រើន​ ដែល​បណ្តាល​មក​ពី​ប្រតិបត្តិការ និង​ការផ្គត់ផ្គង់​អាវុធ​ដល់​របប​ជ្រុល​និយម។

អគ្គលេខាធិការ​របស់​អង្គការ​ណាតូ ​លោក J​ens Stoltenberg ​​​​កាលពីថ្ងៃអង្គារ​​ បាន​បង្ហាញ​​​ ការប្តេជ្ញាចិត្ត​​​អង្គការ​ប្រដាប់​អាវុធ​មួយនេះ​​​​ដោយ​ទទួល​យក​​​ប្រទេសអ៊ុយក្រែន​ចូល​ជាសមាជិក​នៅ​ថ្ងៃ​ណាមួយ ដែល​លោក​និយាយ​​ថា«ទ្វារ​បើក​ចំហរ»។

​​យោ​ង​តាមការ​ផ្សាយ​របស់​​សារព័ត៌មាន​ AP អ្នកវិភាគ​មួយចំនួន​ជឿថា​​​ការសន្យា​បែប​នេះ​ បាន​ជួយ​ជំរុញ​ឱ្យ​មានការ​ឈ្លានពាន​របស់​រុស្ស៊ី​កាន់តែខ្លាំង​​​នៅឆ្នាំនេះ។ សម្ព័ន្ធ​សន្តិសុខ​ដ៏ធំ​បំផុត​របស់​ពិភពលោក​ក៏បាន​សន្យា​ថា ​នឹង​បញ្ជូន​ជំនួយ​បន្ថែម​ទៀត​ដល់​កង​កម្លាំង​អ៊ុយក្រែន​ដែល​ជាប់​គាំង​​ក្នុង​ការប្រយុទ្ធ​ជាមួយ​កងទ័ពរុស្ស៊ី៕

វីដេអូ៖