សម្ព័ន្ធមិត្ត​របស់​អង្គការ​សន្ធិ​សញ្ញា​អា​ត្ល​ង់​ទិ​ក​ខាងជើង (​ណា​តូ​) បាន​សន្យាថា នឹង​ផ្ដល់ជំនួយ​សព្វាវុធ​បន្ថែមទៀត​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន រួម​នឹង​ឧបករណ៍​ត​ភ្ជាប់​អគ្គិសនី និង​កម្ដៅ​ឡើងវិញ ក្រោយ​រុស្ស៊ី​ធ្វើ​ការវាយប្រហារ​លើ​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​ថាមពល ដែល​ធ្វើ​ឱ្យដាច់​ភ្លើង​ទ្រង់ទ្រាយ​ធំ​ទូទាំងប្រទេស​។ នេះ​បើតាម​សម្ព័ន្ធ​មិត្ត​ណា​តូ ដែល​ថ្លែង​កាលពី​ថ្ងៃ​អង្គារ ទី​ ២៩ ខែវិច្ឆិកា​។​

​រដ្ឋមន្ត្រីការបរទេស​មកពី​សម្ព័ន្ធមិត្ត​ណា​តូ រួមទាំង​រដ្ឋ​​មន្ត្រី​ការបរទេស​អាមេរិក លោក អាន​តូ​នី ប្ល៊ី​ន​កែន បានចាប់ផ្តើម​កិច្ចប្រជុំ​រយៈពេល ២ ​ថ្ងៃ នៅ​ទីក្រុង​ប៊ុ​យ​ការ៉េ​ស​នៃ​ប្រទេស​រូ​ម៉ា​នី ដើម្បី​ស្វែងរក​មធ្យោបាយ​ជួយ​ប្រជាជន​អ៊ុយ​ក្រែ​ន​ឱ្យមាន​សុវត្ថិភាព និង​កម្ដៅ និង​ដើម្បី​ទ្រទ្រង់​យោធា​របស់​ក្រុង​កៀវ នៅ​រដូវរងា​នេះ​។​

​រដ្ឋមន្ត្រីការបរទេស​របស់​អ៊ុយ​ក្រែ​ន​លោក ឌឺ​មី​ត្រូ គូ​ឡេ​បា បាន​ប្រាប់​អ្នកសារព័ត៌មាន នៅ​ខាងក្រៅ​កិច្ចប្រជុំ​របស់​អង្គការ​ណា​តូ​ថា​៖ «​យើង​ត្រូវការ​ប្រព័ន្ធ​ការពារ​អាកាស​ដូចជា IRIS Hawks និង Patriots ជាដើម ហើយ​យើង​ត្រូវការ​ឧបករណ៍​បំប្លែង (​សម្រាប់​តម្រូវការ​ថាមពល​របស់​យើង​)»​។ លោក​បន្តថា​៖ «​និយាយ​ដោយ​សង្ខេប Patriots និង​ឧបករណ៍​បំប្លែង (​ថាមពល​) គឺជា​អ្វីដែល​អ៊ុយ​ក្រែ​ន​ត្រូវការ​បំផុត​»​។​

​រុស្ស៊ី​បន្ត​ការវាយប្រហារ ដោយ​មី​ស៊ី​ល​លើ​អ៊ុយ​ក្រែ​ន កាលពី​ថ្ងៃ​អង្គារ អតីត​ប្រ​ធានា​ធិបតី​រុស្ស៊ី លោក Dmitry Medvedev បាន​ព្រមាន​ណា​តូ​ប្រឆាំងនឹង​ការផ្តល់​អ៊ុយ​ក្រែ​ន​នូវ​ប្រព័ន្ធ​ការពារ​អាកាស Patriots ហើយ​បាន​បរិហារ​សម្ព័ន្ធភាព​យោធា​នេះ​ថា ជា «​អង្គភាព​ឧក្រិដ្ឋកម្ម​» ចំពោះ​ការបន្ត​ផ្ដល់ជំនួយ​សព្វាវុធ​ដល់​អ៊ុយ​ក្រែ​ន​។​

​ទោះជា​យ៉ាងណាក្ដី អគ្គ​លេខាធិការ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​លើកឡើងថា ប្រ​ធានា​ធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន កំពុង​ព្យាយាម​ប្រើប្រាស់​រដូវរងា​ធ្វើជា​អាវុធ ក្នុង​សង្គ្រាម នៅពេលដែល​កងកម្លាំង​របស់ខ្លួន​ចាញ់​នៅ​សមរភូមិ​។ ក្នុង​សេចក្តី ថ្លែងការណ៍ រដ្ឋមន្ត្រី​អង្គការ​ណា​តូ​បាន​ថ្កោលទោស ចំពោះ​ការវាយប្រហារ​ជាប្រចាំ​របស់​រុស្ស៊ី​លើ​ហេ​ដ្ឋា​រចនា​​សម្ព័ន្ធ​ស៊ីវិល និង​ថាមពល​របស់​អ៊ុយ​ក្រែ​ន ហើយ​បានបញ្ជាក់​ពី​ការប្ដេជ្ញា​លើ​សេចក្ដី​​សម្រេច ឆ្នាំ​ ២០០៨ ជាថ្មី​លើ​ការបញ្ចូល​ប្រទេស​អ៊ុយ​ក្រែ​ន​ទៅក្នុង​សម្ព័ន្ធ​របស់ខ្លួន នា​ពេលខាងមុខ​។ តែ​យ៉ាងណាក្ដី អង្គការ​សម្ព័ន្ធមិត្ត​នេះ មិនបាន​ប្រកាស​ពី​ជំហាន​ជាក់ស្តែង ឬ​ពេលវេលា ក្នុងការ​ដាក់បញ្ចូល​ជាក់លាក់​នោះទេ​។

​មន្ត្រី​អាមេរិក និង​អឺរ៉ុប​បាន​លើកឡើងថា បណ្ដា​រដ្ឋមន្ត្រី​របស់ខ្លួន នឹង​ផ្តោត​ការយកចិត្ត​ទុកដាក់ ក្នុង​កិច្ចពិភាក្សា​របស់ខ្លួន លើ​ជំនួយ​យោធា និង​មិនមែន​សព្វាវុធ ដែលមាន​ដូចជា​ប្រេងឥន្ធនៈ ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ និង​ឧបករណ៍ សម្រាប់​រដូវរងា​ជាដើម​។ បន្ថែម​ពីនេះ ក្រុង​វ៉ាស៊ីនតោន បាន​អះអាងថា ខ្លួន​នឹង​ផ្តល់ប្រាក់​ចំនួន ៥៣ ​លាន​ដុល្លារ ដើម្បី​ទិញ​ឧបករណ៍​ត​បណ្តាញ​អគ្គិសនី​ឱ្យ​អ៊ុយ​ក្រែ​ន​។​

​ជុំវិញ​បញ្ហា​នៃ​ការ​ផ្ដល់ជំនួយ​សព្វាវុធ រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​លី​ទុយ​អា​នី លោក Gabrielius Landsbergis បាន​ជំរុញ​ឱ្យ​អង្គការ​ណា​តូ​ធ្វើការ​សម្រេចចិត្ត​នយោបាយ ក្នុងការ​បញ្ជូន​រថក្រោះ​ប្រយុទ្ធ​ទំនើប​ទៅកាន់​អ៊ុយ​ក្រែ​ន ដើម្បីឱ្យ​អ៊ុយ​ក្រែ​ន​អាចមាន​សមត្ថ​ភាពខ្លាំង ក្នុង​សមរភូមិ​យោធា​ប្រឆាំងនឹង​កងកម្លាំង​រុស្ស៊ី​។ ប៉ុន្តែ​បណ្ដា​មហាអំណាច នៅ​លោកខាងលិច កំពុង​មានការ​ស្ទាក់ស្ទើរ ក្នុងការ​សម្រេចចិត្ត​បែបនេះ ដោយសារ​ខ្លាច​មាន​ជម្លោះ​ផ្ទាល់​ជាមួយ​រុស្ស៊ី​។​

​គួរ​បញ្ជាក់ថា ប្រទេស​រុស្ស៊ី​បានធ្វើការ​វាយប្រហារ ក្នុង​ទ្រង់ទ្រាយ​ធំ​ទៅលើ​បណ្ដាញ​អគ្គិសនី និង​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​របស់​អ៊ុយ​ក្រែ​ន រៀង​រាល់​សប្តាហ៍ ចាប់តាំងពី​ខែ​​តុលា​មក ខណៈដែល​សកម្ម​​ភាព​នេះ ត្រូវបាន​ប្រទេស​អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត ហៅថា ជា​យុទ្ធនាការ​ដោយ​ចេតនា ដើម្បី​ធ្វើបាប​ជន​ស៊ីវិល ដែល​ត្រូវ​ចាត់ទុកថា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម តែ​ជា​អ្វី ដែល​ទីក្រុង​ម៉ូស្គូ បដិសេធ​៕