សារព័ត៌មានអនឡាញ ឌែ ស្ពីហ្គែល (Der Spiegel) របស់អាល្លឺម៉ង់បានរាយការណ៍ផ្ដាច់មុខ ដោយស្រង់សម្ដីប្រភពមិនបញ្ចេញឈ្មោះថា ក្រុងប៊ែរឡាំងគ្រោងនឹងបញ្ជូនរថក្រោះទំនើប Leopard 2 ទៅអ៊ុយក្រែន ដើម្បីជួយពង្រឹងការប្រយុទ្ធប្រឆាំងនឹងកងទ័ពរុស្ស៊ី។
ប្រភពថា អធិការបតីអាល្លឺម៉ង់ អូឡាហ្វ សូល បានសម្រេចចិត្តបញ្ចូលរថក្រោះនេះ បន្ទាប់ពីមានការជជែកដេញដោលគ្នាជាច្រើនខែ ខណៈ ប៉ុន្មានថ្ងៃចុងក្រោយនេះក្រុងប៊ែរឡាំងរងការរិះគន់យ៉ាងធ្ងន់ធ្ងរ ចំពោះការស្ទាក់ស្ទើររបស់ខ្លួនពីសម្ព័ន្ធមិត្ត ក្នុងប្លុកណាតូ ដែលដាក់សម្ពាធលើអាល្លឺម៉ង់ឱ្យបញ្ជូន Leopard 2 ទៅអ៊ុយក្រែន។
សេចក្ដីរាយការណ៍ពីការសម្រេចចិត្តនេះធ្វើឡើងភ្លាមៗ បន្ទាប់ពីមន្ត្រីសហរដ្ឋអាមេរិក បានបង្ហាញកាលពីថ្ងៃអង្គារថា រដ្ឋបាលបៃដិន កំពុងរៀបចំបញ្ចប់ផែនការបញ្ជូនរថក្រោះ M1 Abrams ដែលផលិតដោយសហរដ្ឋអាមេរិកទៅកាន់អ៊ុយក្រែន។ កាលពីសប្ដាហ៍មុនអាល្លឺម៉ង់បានលើកឡើងថា ខ្លួនមិនបញ្ជូនរថក្រោះLeopard របស់ខ្លួនទៅអ៊ុយក្រែនឡើយ លុះត្រាតែសហរដ្ឋអាមេរិកយល់ព្រមធ្វើដូច្នេះដែរ។
គួរកត់សម្គាល់ថា ការបញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន នឹងផ្តល់ឱ្យកងកម្លាំងរបស់ប្រទេសនេះនូវរថក្រោះយោធាដ៏ទំនើប និងដ៏មានឥទ្ធិពល ដើម្បីប្រឆាំងការរុលទៅមុខរបស់កងទ័ពរុស្ស៊ី។ ការផ្លាស់ប្ដូរនេះ ក៏នឹងក្លាយជាការប្រឆាំងនឹងវិមានក្រឹមឡាំង ដែលគេមើលឃើញថា បានបង្កើនយុទ្ធនាការយោធា ដើម្បីបំបាក់អ៊ុយក្រែន ដោយប្រើប្រព័ន្ធប្រយុទ្ធបច្ចេកវិទ្យាខ្ពស់ ខណៈសង្គ្រាមបន្តអូសបន្លាយជិតរយៈពេល ១ ឆ្នាំ។
កន្លងមកអាល្លឺម៉ង់បានទទូចទប់ទល់នឹងការជំរុញរបស់សម្ព័ន្ធមិត្តដោយលើក ឡើងថា ការបញ្ជូនរថក្រោះរបស់ខ្លួនទៅអ៊ុយក្រែន នឹងបង្កទាំងផលវិជ្ជមាន និងអវិជ្ជមានសម្រាប់ខ្លួន។ យ៉ាងណាមិញ កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី អ៊ែនណាលេណា ប៊ែរបក់ខ៍ បានថ្លែងថា រដ្ឋាភិបាលអាល្លឺម៉ង់នឹងមិនជំទាស់ទេ ប្រសិនបើប៉ូឡូញស្នើសុំបញ្ជូនរថក្រោះ Leopard 2 ទៅកាន់អ៊ុយក្រែន ហើយកាលពីថ្ងៃអង្គារ ប៉ូឡូញ ក៏ដាក់សំណើនេះជាផ្លូវការ។
ចំណែកឯប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡេនស្គី បានទទូចសុំរថក្រោះម្ដងហើយម្ដងទៀត ហើយស្នើឱ្យបណ្តាប្រទេសនានាបញ្ឈប់ការឈ្លោះប្រកែកគ្នាលើបញ្ហានេះ។ ជាមួយគ្នានោះមន្ត្រីជាន់ខ្ពស់អ៊ុយក្រែនផ្សេងទៀតអះអាងថា ការពន្យារពេលបញ្ជូនរថក្រោះទំនើបឱ្យអ៊ុយក្រែន កំពុងសម្លាប់ប្រជាជនអ៊ុយក្រែន ខណៈរុស្ស៊ីបង្កើនភាពតានតឹងនៅសមរភូមិ។
រុស្ស៊ីឯនោះវិញ ដូចសព្វរាល់ដង បានព្រមានពីការផ្គត់ផ្គង់អាវុធឱ្យអ៊ុយក្រែន ហើយថែមទាំងគំរាមកំហែងដល់អាល្លឺម៉ង់។
នៅពេលត្រូវបានសួរក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃអំពីប្រតិកម្មរបស់រុស្ស៊ី ប្រសិន បើទីក្រុងប៊ែរឡាំងយល់ព្រមបញ្ជូនរថក្រោះឱ្យអ៊ុយក្រែន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌមីទ្រី ប៉េស្កូវ បានថ្លែងថា ទំនាក់ទំនង រវាងប្រទេសទាំង ២ ស្ថិតក្នុងកម្រិតទាបរួចទៅហើយ។
លោកបន្ថែមថា បច្ចុប្បន្ននេះមិនមានការសន្ទនាធំៗជាមួយអាល្លឺម៉ង់ ឬជាមួយសហភាពអឺរ៉ុប ក៏ដូចជាប្រទេសណាតូផ្សេងទៀតទេ៕