អ្នក​ឯកទេស​ខាង​មេរោគ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកលវិទ្យា​ល័យ​ជូឡាឡុង​កន​ លោក​សាស្ត្រាចារ្យ​ Yong Poo vorawan​ បានលើក​ឡើង​ក្នុង​ទំព័រ​បណ្ដាញ​សង្គមផ្លូវ​ការថា ​ជាង​ ៨០​% នៃ​ប្រជាជន​ថៃ​បាន​បង្កើត «ភាព​ស៊ាំ​កូនកាត់​»​ ទៅនឹង​វីរុស​កូវីដ ១៩​ បន្ទាប់​ពីពួកគេ​ទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ និង​ឆ្លង​កូវីដផង​។

របាយការណ៍​របស់​ក្រសួង​សុខាភិបាល​ថៃ​បង្ហាញថា ​ជាង ៧០​%​ នៃ​ប្រជាជន​ថៃ ​ឬ ជាង ​៥០​លាន​នាក់​បាន​ឆ្លង ​Covid-19 ​ខណៈ​ដែល​យ៉ាង​ហោចណាស់ ​៨០​% នៃ​ចំនួន​ប្រជាជន​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ ​(យ៉ាង​ហោច​ណាស់ ​២ ដូស)​។

លោក​សាស្ត្រាចារ្យ​Yong​ Poovorawan៖ «ប្រជាជន​ភាគច្រើន​ជាង ​៨០%​ បាន​បង្កើត​ភាព​ស៊ាំកូន​កាត់​ ដែលជួយ​កាត់បន្ថយ​ស្ថានភាព​ធ្ងន់ធ្ងរ​នៃជំងឺ ​នឹងអាច​ទប់ទល់​នឹង​មេរោគ​បំប្លែង​ខ្លួនថ្មីដូចជា ​XBB.1.5​ ដែលគេ​រំពឹងថា​នឹង​មកដល់​ក្នុង​ពេលឆាប់​ៗនេះ​»។

លោក ​បាន​បន្ថែមថា៖​«​ភាព​ស៊ាំកូនកាត់»​នេះ ​អាច​ការពារ​ប្រឆាំង​នឹង​កូវីដ១៩ ​ប្រសើរ​ជាង​ការ​ចាក់​វ៉ាក់សាំង ​ឬ​ការ​ឆ្លង​មេរោគ​កូវីដ១៩ ​តែ​ ១​មុខ​។

សាស្ត្រាចារ្យ ​Yong​ Poovorawan​ ជា​អ្នក​ដឹកនាំ​ជាន់ខ្ពស់​ មជ្ឈ​មណ្ឌល​ផ្នែក​រោគសាស្ត្រ​នៅ​មហា​វិទ្យាល័យ​វេជ្ជសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​ជូឡាឡុងកន​។

លោក​ពន្យល់​ថា​ជា​ធម្មជាតិ​នៃ​មេរោគ​ នឹងមិន​សូវ​កាច​ប៉ុន្មាន​ទេ​នៅពេល​ដែលវា​បំប្លែងខ្លួន។ ​លោក​បន្ថែមថា ​បន្ទាប់​ពី​មាន​ការ​ប្រែប្រួល​ជា​បន្តបន្ទាប់ ​កូវីដ​ចម្លង​ថ្មី​មិន​បាន​ធ្វើ​ឱ្យ​ អ្នកជំ​ងឺ​ភាគច្រើន​មាន​រោគ​សញ្ញា​ធ្ងន់ធ្ងរ​នោះទេ​។​

អត្រាម​រណភាព​បណ្ដាល​មកពី​កូវីដ១៩​នៅ​ទូទាំង​ពិភព​លោក​ បាន​ធ្លាក់ចុះ​ពីអត្រា៣​ទៅ៥%​នៅពេល​ជំងឺ​រាតត្បាត​ខ្លាំង ​ធ្លាក់​មកត្រឹម​តិចជាង​១​%​នា​ដើម​ឆ្នាំខែនេះ។​ អត្រា​អ្នកស្លាប់​ដោយ​សារ​កូវីដ១៩​នៅ​ប្រទេស​ថៃ​ បាន​ធ្លាក់ចុះពី ១​%នៅពេល​ដែល​មេរោគ​រាតត្បាត​ខ្លាំង​នៅថៃ ​មក​នៅតិច​ជាង ០, ១% ​នា​ពេល​បច្ចុប្បន្ន​។​

សាស្ត្រាចារ្យ ​Yong Poovorawan ​បាន​និយាយថា​សម្រាប់​មនុស្ស​ដែលមាន​សុខភាព​ល្អ ការឆ្លង​ជំងឺCovid-19​ បច្ចប្បន្ននេះ​មិន​ខុស​ពី​ជំងឺ​ផ្តាសាយ​ប៉ុន្មានទេ​៕