The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - គ្រោះ​រញ្ជួយ​ដី​កម្រិត ៥,៩ រ៉ិចទ័រនៅ​អ៊ីរ៉ង់ សម្លាប់​មនុស្ស ២ នាក់ និង​របួស​ជាង ៥០០ នាក់

គ្រោះ​រញ្ជួយ​ដី​កម្រិត ៥,៩ រ៉ិចទ័រនៅ​អ៊ីរ៉ង់ សម្លាប់​មនុស្ស ២ នាក់ និង​របួស​ជាង ៥០០ នាក់

Content image - Phnom Penh Post
ជនជាតិអ៊ីរ៉ង់ចូលទៅជ្រកក្នុងអគារមួយ បន្ទាប់ពីការរញ្ជួយដី បានវាយប្រហារទីក្រុង Khoy កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។ AFP

គ្រោះ​រញ្ជួយ​ដី​កម្រិត ៥,៩ រ៉ិចទ័រនៅ​អ៊ីរ៉ង់ សម្លាប់​មនុស្ស ២ នាក់ និង​របួស​ជាង ៥០០ នាក់

គ្រោះ​រញ្ជួយ​ដី​កម្រិត ៥,៩ ​រ៉ិចទ័រ បាន​វាយប្រហារ​ភាគ​ពាយព្យ​ប្រទេស​អ៊ីរ៉ង់ នៅ​ជិត​ព្រំដែន​ប្រទេស​តួកគី កាលពី​ថ្ងៃ​ទី​ ២៨ ខែ​មករា ដោយ​បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោចណាស់ ២​ នាក់ស្លាប់ និង​រាប់រយ​នាក់​ទៀត​រង​របួស។

មជ្ឈមណ្ឌល​ផ្នែក​រញ្ជួយ​ដី​របស់​សាកល​វិទ្យាល័យ ក្នុង​ក្រុង​តេអេរ៉ង់ បាន​ឱ្យ​ដឹង​ថា ការ​រញ្ជួយ​ដី​លើក​នេះ បាន​វាយ​ប្រហារ​ទីក្រុង Khoy នៅ​ភាគ​ខាងលិច​នៃ​ខេត្ត West Azerbaijan នៅ​វេលា​ម៉ោង​ប្រហែលជា ៩:៤៤​នាទី យប់​ថ្ងៃ​សៅរ៍ ឬ​ម៉ោង ១:១៤​នាទី ព្រឹក​ថ្ងៃ​អាទិត្យ (ម៉ោង​នៅក្នុង​ប្រទេស​កម្ពុជា)។

លោក Mohammad Sadegh Motamedian អភិបាលខេត្ត West Azerbaijan បាន​និយាយ​ថា រហូតមក​ដល់​ពេលនេះ មាន​មនុស្ស​ចំនួន ៥៨០​នាក់ រងរបួស និង ២​នាក់​ទៀត បាន​ស្លាប់ ដោយសារ​គ្រោះ​រញ្ជួយ​ដី​នេះ ខណៈ​រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ និង​ប្រធាន​ក្រុមប្រឹក្សា​អឌ្ឍចន្ទ​ក្រហម កំពុងធ្វើ​ដំណើរ​ទៅកាន់​ទីក្រុង Khoy ដើម្បី​វាយ​តម្លៃ​ស្ថានភាព និង​ជួយ​ជនរងគ្រោះ។

អ៊ីរ៉ង់​ជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស ដែល​រងគ្រោះ​ដោយ​រញ្ជួយ​ដី​ខ្លាំង​បំផុត ក្នុង​ពិភពលោក ដោយសារតែ​ទី​តាំង​ភូមិសាស្ត្រ​របស់​ប្រទេស​នេះ ដោយ​កាល​ពី​ថ្ងៃទី​១៨ ខែ​មករា ទើប​តែ​កើត​មាន​រញ្ជួយ​ដី​កម្រិត ៥,៨​រ៉ិចទ័រ ក្បែរ​ក្រុង Khoy ដែល​បណ្តាលឱ្យ​មាន​អ្នក​រង​របួស​រាប់​រយ​នាក់​ផង​ដែរ។

ការរញ្ជួយ​ដី​ដ៏​សាហាវ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​អ៊ីរ៉ង់ គឺ​ការរញ្ជួយ​ដី​កម្រិត ៧,៤​រ៉ិចទ័រ ក្នុង​ឆ្នាំ​១៩៩០ ដែល​បាន​សម្លាប់​មនុស្ស ៤០ ០០០​នាក់ របួស​ជាង ៣០០ ០០០​នាក់ និង​បន្សល់​ទុក​ឱ្យ​មនុស្ស​ប្រហែល ៥០០ ០០០​នាក់ គ្មាន​ផ្ទះសំបែង​ជ្រក​កោន៕

អត្ថបទគួរចាប់អារម្មណ៍