រយៈពេលជិត ១ ឆ្នាំ ដែលរុស្ស៊ីដកខ្លួនចេញពីកិច្ចព្រមព្រៀងសន្តិភាពជាមួយជប៉ុនភាគីរុស្ស៊ីបានឱ្យដឹងនៅថ្ងៃអាទិត្យថា ខ្លួននឹងមិនធ្វើកិច្ចចរចាប្រចាំឆ្នាំជាមួយជប៉ុនលើការបន្តកិច្ចព្រមព្រៀងដែលអនុញ្ញាតឱ្យអ្នកនេសាទជប៉ុនធ្វើប្រតិបត្តិការនៅជិតកោះដែលមានជម្លោះ។
ភាគីរុស្ស៊ី បាននិយាយថា ជប៉ុនបានចាត់វិធានការប្រឆាំងនឹងរុស្ស៊ី ដែលលើកទ័ពចូលលុកលុយប្រទេសអ៊ុយក្រែន។
កោះដែលស្ថិតនៅភាគខាងជើងនៃកោះហុកកៃដូរបស់ប្រទេសជប៉ុនត្រូវបានគេស្គាល់នៅក្នុងប្រទេសរុស្ស៊ីថាជាកោះ គូរីល (Kuril) និងនៅក្នុងប្រទេសជប៉ុនជាដែនដីភាគខាងជើង ហើយបានក្លាយជាឫសគល់នៃភាពតានតឹងជាច្រើនទសវត្សរ៍រវាងប្រទេសជិតខាងទាំង២ នៅតំបន់អាស៊ីខាងកើតនេះ។
ដោយបានដកស្រង់ពីក្រសួងការបរទេសរុស្ស៊ី RIA ដែលជាទីភ្នាក់ងារ ព័ត៌មានរដ្ឋរុស្ស៊ី បានរាយការណ៍ថា៖«នៅក្នុងបរិបទនៃវិធានការប្រឆាំងរុស្ស៊ីដែលធ្វើឡើងដោយរដ្ឋាភិបាលជប៉ុន ... ភាគីរុស្ស៊ីបានជូនដំណឹងដល់ទីក្រុងតូក្យូថា ខ្លួនមិនអាចយល់ព្រមលើការរៀបចំការពិគ្រោះយោបល់អន្តររដ្ឋាភិបាលស្តីពីការអនុវត្តកិច្ចព្រមព្រៀងនេះទេ»។
ប្រទេសជប៉ុន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់អាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គការរុស្ស៊ីរាប់សិបនាក់ភ្លាមៗ បន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានរបស់ខ្លួនលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភៈឆ្នាំមុន។
កាលពីថ្ងៃសុក្រកន្លងទៅនេះ ជប៉ុនបានរឹតបន្តឹងទណ្ឌកម្មលើរុស្ស៊ីជាការឆ្លើយតបនឹងការវាយប្រហារផ្លូវអាកាសរបស់ រុស្ស៊ីលើទីក្រុងជាច្រើនរបស់ប្រទេសអ៊ុយក្រែន។
យោងសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័ររបស់អង់គ្លេស ប្រទេសរុស្ស៊ីកាលពីខែមិថុនាបានផ្អាកកិច្ចព្រមព្រៀងឆ្នាំ១៩៩៨ ដែលអនុញ្ញាតឱ្យទូកជប៉ុនចូលនេសាទនៅជិតកោះដែលមានជម្លោះ ហើយប្រធានខុទ្ទកាល័យរបស់ជប៉ុនកាលពីថ្ងៃចន្ទបានប្រាប់សន្និសីទសារព័ត៌មានថាជប៉ុននឹងទាមទារឱ្យរុស្ស៊ីចូលរួមក្នុងកិច្ចចរចាប្រចាំឆ្នាំ ដូច្នេះប្រតិបត្តិការនេសាទនៅឆ្នាំនេះអាចចាប់ផ្តើម។
ប៉ុន្តែក្រសួងក្រសួងការបរទេសរុស្ស៊ី បាននិយាយថា នឹងមិនមានភាពប្រសើរឡើងក្នុងទំនាក់ទំនងរវាងពួកគេទាំង២ ឡើយ លុះត្រាតែជប៉ុនបង្ហាញនូវ«ការគោរព»។
ទីភ្នាក់ងារព័ត៌មាន RIA បានឱ្យដឹងថា៖«ដើម្បីត្រឡប់ទៅការសន្ទនាធម្មតាវិញ អ្នកជិត ជប៉ុនគួរតែបង្ហាញការគោរពជាដំបូងចំពោះប្រទេសរបស់យើង ដែលចង់ធ្វើឱ្យទំនាក់ទំនងទ្វេភាគីប្រសើរឡើង»។
រុស្ស៊ី និងជប៉ុនបានបន្តមើលមុខគ្នាមិនត្រង់ចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី២មកម្ល៉េះ។ អរិភាពនៃប្រទេសមហាអំណាចយោធានិងសេដ្ឋកិច្ចទាំងពីរ ដោយសារតែការប្រឈមមុខដាក់គ្នាលើប្រជុំកោះគូរីលនោះ ដែលត្រូវបានរឹបអូសដោយសហភាពសូវៀត នៅចុងបញ្ចប់នៃសង្រ្គាម៕