កូរ៉េខាងជើង​ប្រហារ​ជីវិត​មនុស្ស​ដោយ​សារ​គ្រឿងញៀន​ និង​ការបង្ហាញ​ចេតនា​គាំទ្រ​កូរ៉េខាងត្បូង​ ព្រមទាំង​សកម្មភាព​ជំនឿ​សាសនាផង។​ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រ៉យទ័រ​ដែល​ដកស្រង់​របាយការណ៍​ពី​ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េខាង​ត្បូង។​

នៅ​ចុងខែ​មីនានេះ​ ក្រសួង​បង្រួបបង្រួម​របស់​កូរ៉េ​ខាងត្បូង​ ចេញ​របាយការណ៍​កម្រាស់​ ៤៥០​ ទំព័រ​ ស្តីពី​សក្ខីកម្ម​ដែល​ប្រមូល​បាន​នៅ​ចន្លោះ​ឆ្នាំ​ ២០១៧​ ដល់ឆ្នាំ ២០២២ ពីជន​ជាតិ​កូរ៉េខាង​ជើង​ជាង ​​៥០០ ​នាក់ ​ដែលបាន​រត់ចោល​ស្រុក​ចូលទៅ​កូរ៉េខាងត្បូង។​របាយ​ការណ៍នោះ​បាន​បង្ហាញ «សិទ្ធិ​រស់រានមាន​ជីវិត​របស់​ពលរដ្ឋ​កូរ៉េខាងជើង​ហាក់ដូចជា​ត្រូវ​បាន​គំរាម​កំហែង​យ៉ាងខ្លាំង​»។

របាយ​ការណ៍​បន្តថា៖ ​«ការ​កាត់ទោស​ត្រូវ​បាន​អនុវត្ត​ជា​ទូទៅ​ចំ​ពោះ​ឧក្រិដ្ឋ​កម្ម​គ្រឿង​ញៀន​ ការចែក​ចាយ​វីដេអូ​នានា​ដែល​ផ្សាយ​ដោយ​កូរ៉េ​ខាងត្បូង​ និង​សកម្មភាព​សាសនា​និង​អបិយ​ជំនឿ»​។

ទីភ្នាក់ងារ​ Reuters មិន​អាច​ផ្ទៀងផ្ទាត់​ដោយ​ឯករាជ្យ​នូវ​ការ​រកឃើញ​របស់​រដ្ឋាភិបាល​កូរ៉េខាង​ត្បូង​នោះទេ ​ប៉ុន្តែ​ពួក គេ​ស្រប​តាម​ការ​ស៊ើបអង្កេត​របស់​អង្គការ​សហ​ប្រជាជាតិ​ និង​របាយការណ៍​ពី​អង្គការ​មិន​មែន​រដ្ឋាភិបាល។ ​ប្រទេស​កូរ៉េខាង​ជើង​បាន​ច្រាន​ចោល​ចំពោះ​រិះគន់​ទាំងអស់នេះ​។

របាយ​ការណ៍​របស់​កូរ៉េ​ខាងត្បូង​បាន​ផ្តល់ព័ត៌​មាន​លម្អិត​អំពី​ការ​រំលោភ​សិទ្ធិ​ដែល​រីករាល​ដាល​នៅ​ក្នុង​សហគមន៍ ​ជំរុំ​ពន្ធនាគារ ​និង​កន្លែង​ផ្សេងទៀត ​រួមទាំង​ការ​ប្រហារជីវិត​ជា​សាធារណៈ​ ការ​ធ្វើទារុណកម្ម ​និង​ការ​ចាប់​ចង​តាម​អំពើចិត្ត​។

កូរ៉េខាងត្បូង​បាន​និយាយថា ​ការស្លាប់ និង​ការ​ធ្វើ​ទារុណកម្ម​កើតឡើង​ជាទៀងទាត់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង ​ហើយ​មនុស្ស​មួយចំនួន​ត្រូវបាន​ប្រហារជីវិត​ភ្លាមៗ​ បន្ទាប់​ពីត្រូវ​បាន​ចាប់ខ្លួន​ពេលដែល​អ្នក​ទាំងនោះ​ព្យាយាម​ឆ្លង​ព្រំដែន។

ប្រធានាធិបតី​កូរ៉េខាងត្បូង ​Yoon Suk-yeol ​បាន​និយាយថា​ របាយកា​រណ៍នេះ​គួរ​តែជូន​ដំណឹង​ដល់​សហគមន៍​អន្តរ ជាតិ​អំពី​ការ​រំលោភបំពាន​ដ៏​អាក្រក់​របស់​កូរ៉េខាងជើង​ទៅលើ​ពលរដ្ឋ។

លោក​និយាយថា កូ​រ៉េខាងជើង​មិន​សមទទួល​បាន​ជំនួយ​សេដ្ឋកិច្ច​សូម្បីតែ ​១ កាក់​ ១ សេន ស្របពេល​ដែល​ប្រទេសនេះ​នៅមាន​មហិច្ឆតា​នុយក្លេអ៊ែរ​។

ប្រធានា​ធិបតីកូរ៉េ​ខាងត្បូង ​Yoon Suk-yeol សព្វថ្ងៃ​ខុសប្លែក​ពី​អ្នក​កាន់តំណែង​អាណត្តិមុន​ដោយ​សារ​គាត់តែង​បញ្ចេញ​វោហារស័ព្ទ ខ្លាំងៗ​ទៅកាន់​ប្រទេស​កូរ៉េខាង​ជើង។​ផ្ទុយពី​ប្រធា​នាធិបតី​អាណត្តិ​មុនដែល​មាន​ជំហរ​ទន់ភ្លន់​ចំពោះ​កូរ៉េ​ខាងជើង​ ព្រម​ទាំង​ព្យាយាម​ធ្វើឱ្យ​ប្រសើរ​ឡើងនូវ​ទំនាក់​ទំនងជា​មួយ​មេដឹកនាំ​លោក ​Kim Jong Un។​

.

ក្រសួងប​ង្រួបបង្រួម​របស់​កូរ៉េខាងត្បូង​បង្ហាញថា ​ប្រជាជន​កូរ៉េខាង​ជើង​ជិត ​៣៤​ ០០០​ នាក់​បាន​តាំង​ទីលំ​នៅក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ ប៉ុន្តែ​ចំនួន​អ្នក​រត់ចោល​ស្រុក​បាន​ធ្លាក់​ចុះយ៉ាងខ្លាំង​ដោយសារ​កូរ៉េខាងជើង​បាន ​រឹតបន្តឹង​សន្តិសុខ​តាម​ព្រំដែន​កាន់តែ​តឹងរ៉ឹង។​ទិន្នន័យ​របស់​ក្រសួង​បានបង្ហាញថា ​ពលរដ្ឋ​កូរ៉េខាង​ជើង​៦៣​នាក់បាន​រត់ឆ្លង​ព្រំដែន​ចូលមក​កូរ៉េ​ខាងត្បូង​កាលពី​ឆ្នាំ ២០២១​។​ ចំណែក​នៅឆ្នាំ​ ២០២២​ មាន​ពលរដ្ឋ​កូរេ​ខាងជើង ​៦៧ នាក់​​ រត់​ឆ្លង​ព្រំដែន​ចូល​មក​សុំ​សិទ្ធិ​រស់នៅ​ក្នុងកូរ៉េ​ខាងត្បូង​៕