​ប្រទេស​ថៃៈ ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​ដែលជា​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​មួយ​នៅ​អាស៊ី​ផង​នោះ បាន​រង​ការគំរាមកំហែង​ដោយសារ​អាកាស​ធាតុ​អាក្រក់​នៅពេល​ថ្មីៗ​នេះ​។ ផ្សែង​អ័ព្ទ​បណ្ដាលមកពី​ភ្លើង​ឆេះ​ព្រៃ និង​កម្រិត​ធូលី​ពុល PM2.5​​ បាន​គ្របដណ្ដប់​ភូមិ​ស្រុក​មួយចំនួន​នៃ​ខេត្ត​ឈៀង​ម៉ៃ​។​

​រដ្ឋបាលខេត្ត​ឈៀង​ម៉ៃ​បានប្រកាស​ដាក់​ភូមិ​ចំនួន​ ៣ នៃ​ស្រុក Muang និង​ Hang Dong ថា ជា​តំបន់​គ្រោះថ្នាក់​ព្រោះតែ​ធូលី​ពុល PM2.5​ កើនឡើង​ខ្ពស់​ហួស​កម្រិត​សុវត្ថិភាព​។​

​សារព័ត៌មាន​ thaipbsworld បានចេញ​ផ្សាយ​ដោយ​ស្រង់​លិខិត​របស់​អភិ​​បាល​រង​ខេត្ត​ឈៀង​ម៉ៃ លោក​Chatchawarl Panya ដែល​សម្រេច​ដាក់ ភូមិ​ ១ ក្នុងស្រុក Hang Don និង​ភូមិ​ចំនួន ​២ ​ទៀត​ក្នុងស្រុក Muang​ នៃ​ខេត្ត​នេះ​ទៅជា​តំបន់​គ្រោះថ្នាក់​។​

​តាមច្បាប់​ស្តីពី​ការបង្ការ និង​កាត់បន្ថយ​គ្រោះមហន្តរាយ​សាធារណៈ​នៅ​ថៃ​រដ្ឋា​ភិ​បាល និង​ភ្នាក់ងារ​រដ្ឋាភិបាល​មូលដ្ឋាន និង​ផ្នែក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ផ្តល់ជំនួយ​ជួយ​ដល់​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​ចំនួន ៣​ ខែ​។​

​ឈៀង​ម៉ៃ ត្រូវបាន​គ្របដណ្ដប់​ដោយ​ធូលី​ពុល​ PM2.5 ម្តងទៀត​នៅ​ថ្ងៃ​សៅរ៍ ទី​ ១ ខែមេសា ដោយ​តំបន់​ខ្លះ​នៃ​ខេត្ត​នេះ​មាន​កម្រិត PM2.5​ រហូត​ ៣៤១ ​មីក្រូ​ម៉ែត្រ​។​

​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​អវកាស Geo-Informatics (GISTDA)​ បាន​រាយ​ការណ៍​ពី​ចំណុច​ដែល​រលក​កម្តៅ​កើនឡើង​ខ្លាំង​ក្នុង​ខេត្ត​មួយចំនួន​នៃ​ប្រទេស​ថៃ​ដែល​រួម​មាននៅ​ខេត្ត​ឈៀង​ម៉ៃ និង​ឈៀង​រ៉ៃ​។​

​កាលពី​ថ្ងៃ​សុក្រ​ទី​ ៣១ ខែមីនា ទីភ្នាក់ងារ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​អវកាស Geo Informatics (GISTDA) បាន​រាយការណ៍​ថា មាន​ទីតាំង​កើតមាន​រលក​កម្តៅ​ចំនួន​ ៥០៨ នៅ​ឈៀង​ម៉ៃ និង​ចំណុច​ទីតាំង​កើតមាន​រលក​កម្តៅ​ចំនួន​ ៣៧៩ នៅ​ឈៀង​រ៉ៃ​។​

​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ប្រទេស​ថៃ​បាន​ជួប​​ប្រជុំគ្នា​កាលពី​ថ្ងៃ​សៅរ៍ ដើម្បី​ព្យាយាម​រក​មធ្យោបាយ​ដោះស្រាយ​បញ្ហា​អ័ព្ទ ប៉ុន្តែ​ចំណាត់​ការជាក់ស្ដែង​នៅ​មិន​ប្រកាស​នៅឡើយ​។​

​ផ្នែក​ខ្លះទៀត​នៃ​ខេត្ត​ឈៀង​ម៉ៃ​បាន​ជួប​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ក្នុងនោះ​ស្រុក Mae Sai ក្នុង​ខេត្ត Chiang Rai ត្រូវបាន​គ្របដណ្តប់​ដោយ​អ័ព្ទ​ពី​ភ្លើង​ឆេះ​ព្រៃ​អស់​រយៈពេល​ជាង​ ១​ សប្តាហ៍​មកហើយ​នាំឱ្យ​កម្រិត​ធូលី​ពុល​ PM2.5 ជា​មធ្យម​កើនឡើង​ដល់ ​៣០៩​ មីក្រូ​ម៉ែត្រ ហើយ​ចំនួន​នេះ​ត្រូវបាន​ចាត់ទុកថា​ជា ការគំរាមកំហែង​ដល់​សុខភាព​។​

​កាសែត​ថៃ​បាន​ជួប​សម្ភាស​អាជីវករ​នៅ​ផ្សារ នៃ​ស្រុក Mae Sai ខេត្ត​ឈៀង​ម៉ៃ​ដែល​បាន​អះអាងថា បញ្ហា​អ័ព្ទ ​(​អាកាស​ធាតុ​)​ បាន​ជំរុញ​ឱ្យ​ភ្ញៀវទេសចរ​ចាកចេញ​ពី​តំបន់​នេះ ដោយ​មិនដឹងថា​ពេលណា​នឹង​បាន​ប្រសើរឡើង​ឡើយ​។​

​ប្រតិបត្តិ​ករ​ទេសចរណ៍​នៅ​ស្រុក​ឈៀង​សាន ខេត្ត​ឈៀង​រ៉ៃ បាន​និយាយថា មាន​ភ្ញៀវ​ប្រហែល ២០%​ បាន​លុបចោល​សំបុត្រ​ដែល​ពួកគេ​បាន​កក់​សម្រាប់​ដំណើរ​កម្សាន្ត​តាម​ដង​ទន្លេមេគង្គ​៕