ឥណ្ឌូនេស៊ី​រំពឹងថា ​នឹង​បញ្ចប់​ការចរចា​ជា​មួយ​ប្រទេសចិន​ នៅពេល​ដ៏ខ្លី​ខាងមុខនេះ​ ដើម្បី​ទទួល​បាន​ប្រាក់​កម្ចី​បន្ថែម​ចំនួន​ ៥៦០​​ លាន​ដុល្លារ​អាមេរិក​ យកទៅ​អនុវត្ត​គម្រោង​រថភ្លើង​ល្បឿនលឿន។​ នេះ​បើតាម​រដ្ឋ​មន្ត្រី​ជាន់ខ្ពស់​ឥណ្ឌូនេស៊ី​ដែល​ថ្លែង​ប្រាប់​អ្នកកាសែត​នៅថ្ងៃ​ទី ១០​ ខែ​មេសា។​

គម្រោង​រថភ្លើង​ល្បឿន​លឿននេះ ​នឹង​តភ្ជាប់​រដ្ឋធានី​ហ្សាកា​តា​ទៅកាន់​មជ្ឈមណ្ឌល​វាយ​នភណ្ឌ Bandung​។

ប្រទេស​ឥណ្ឌូនេស៊ី​ស្វែង​រក​ប្រាក់​កម្ចីថ្មី​ពី​ធនាគារ​អភិវឌ្ឍន៍​ចិន​ដើម្បី​បង្គ្រប់​លើការ​ចំណាយ​ប្រមាណ​ជាង​ ១ ពាន់​ ២ ​រយ​លាន​ដុល្លារ​។

មន្ត្រីឥណ្ឌូ​នេស៊ី​បាន​និយាយថា​ ការ​ចំណាយ​សរុប​ដែល​ឥណ្ឌូនេស៊ី​ទទួល​បាន​ពី​ចិន​តាម​រយៈគំ​និត​ផ្តួច​ផ្តើម​ខ្សែ​ក្រវាត់ ​និងផ្លូ​វ (BRI)​ បាន​កើនឡើង​ដល់​ជាង ​៧​ពាន់​លាន​ដុល្លារ​អាមេរិក​។

ទេស​រដ្ឋមន្ត្រី​ឥណ្ឌូនេ​ស៊ីលោក ​Luhut Pandjaitan ​បាន​លើកឡើង​កាល​ពី​សប្ដាហ៍​មុនថា​ ប្រទេសចិន​ បាន​កាត់​បន្ថយ​អត្រាការ​ប្រាក់​លើ​ប្រាក់​កម្ចីបន្ថែមពី​៤%​មកនៅ​ត្រឹម​៣,៤%។​លោក​​ថា ​ឥណ្ឌូនេស៊ី​ចង់​ឱ្យចិន​បញ្ចុះ​អត្រា​ការ​ប្រាក់មក​នៅត្រឹម​២%វិញ។​

កាល​ពី​សប្ដាហ៍​មុនលោក ​Luhut​ និយាយ​ក្នុង​សនិ្នសីទ​កាសែត​មួយ​ថា ៖«​ចិន​បាន​យល់ព្រម​ (ចុះ​ការប្រាក់)​ ក្រោម៤%​ភាគរយ​ ប៉ុន្តែ​យើងចង់​បាន​ទាប​ជាងនេះ​(២%)។​កាលពី​ឆ្នាំ២០១៧​ ធនាគា​រអ​ភិវឌ្ឍន៍ចិន​ បាន​ផ្តល់​កម្ចី ​ឱ្យ​សម្ព័ន្ធ​ក្រុមហ៊ុន​ឥណ្ឌូ​នេស៊ី ​និង​ក្រុមហ៊ុន​ចិន​ដែល​សាងសង់​ផ្លូវរថភ្លើង​ប្រមាណ​ជាង៤, ៥៥ ប៊ីលាន​ដុល្លារ​ដោយ​មាន​អត្រាការ​ប្រាក់ ​២ ភាគ​រយ​ហើយ​រយៈ​ពេល​កម្ចី៤០ឆ្នាំ​។

រដ្ឋលេខាធិ​ការ​ក្រសួងកិច្ចការ​សមុទ្រ​និង​សម្របសម្រួល​ការ​វិនិយោគ​ឥណ្ឌូនេស៊ី​លោក​ Septi​an Hario Seto ​បាន​និយាយថា ​ការចរចា​ក៏​នឹងបន្ត​ ដោយ​ ឥណ្ឌូនេស៊ី​ចង់​បាន​ប្រាក់​កម្ចីថ្មីនេះ​ស្រដៀង​នឹង​លក្ខខណ្ឌ​កាលពី​ឆ្នាំ ២០១៧ ​ដែល​មានរយៈ​ពេល​អនុគ្រោះ​ពី​១០ទៅ​១៥ឆ្នាំ។

លោក​បន្ថែមថា​ ប្រទេស​ចិន​ចង់​ឱ្យរ​ដ្ឋាភិបាល​ឥណ្ឌូនេស៊ី​ធានា​ប្រាក់​កម្ចីហើយ​មាន​ក្រុម​ហ៊ុន​រដ្ឋមួយ​នៅពី​ក្រោយ​គម្រោងនេះ​ ខណៈ​ដែល​ទីក្រុង​ហ្សាការតា​ពេញចិត្ត​ក្នុង​ការតែងតាំង​ក្រុមហ៊ុន​ឯកជនជាអ្ន​កធ្វើការ​លើ​គម្រោងនេះ​។

ទាក់ទង​នឹងការ​ប្រើប្រាស់​កម្ចី​ពីចិននេះ​ប្រទេស​ឥណ្ឌូនេស៊ី​ចង់ឱ្យ​ផ្នែក​ឯកជន​ទទួល​ធ្វើ​ការងារនេះ​ដោយផ្អែក​លើក​មូលដ្ឋាន​អាជីវកម្ម​ខណៈ​ដែល​ប្រទេស​ជាច្រើន​បង្ហាញក្ដី​បារម្ភ​ពី​អន្ទាក់​បំណុល​របស់​ប៉េកាំង។​

ទោះ​ជា​យ៉ាងណាក្ដី​ រដ្ឋាភិបាល​ឥណ្ឌូនេស៊ី​បា​ន​បន្ថែម​ប្រាក់ដែល​បានពី​ថវិកា​ជាតិ​ប្រមាណ​ជាង​២១៤​ លាន​ដុល្លារ​អាមេរិក​រួចទៅ​ហើយចូល​ទៅក្នុង​គម្រោង​សាងសង់នេះ​ ព្រោះ​តែការ​ចំណាយ​កើនឡើង​ច្រើនជាង​ការព្យាករណ៍​ទុក​។

លោក​ Luhut​ បាន​និយាយថា​ ផ្លូវរថភ្លើងនេះត្រូ​វបាន​គេរំពឹងថា​នឹង​ដំណើរ​ការ​ពាណិជ្ជកម្ម​នៅខែ​សីហា​ខាងមុខ​៕