​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​ និ​ង​ព្រៃ​ឈើ​រ​ប​ស់​ប្រទេស​ឥណ្ឌូនេ​ស៊ី ​លោកស្រី​ ​Siti Nurbaya Bakar ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​​ ទី ​៥ ​ខែ​មិថុនា​ថា​​ ​ឥណ្ឌូនេស៊ី​នឹង​ចាប់​ផ្តើម​ដាក់​បម្រាម​លើការ​ប្រើ​ប្រាស់​​ផលិត​ផល​ប្លាស្ទិក​​ដែល​អាច​ប្រើ​​បាន​តែ​ម្ដង​​​នៅ​ចុង​ឆ្នាំ​ ២០២៩។​

​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន​ CNA ដល់​ពេល​នោះ​ ​ក្រុម​ហ៊ុន​ផលិត​​ផ្សេង​ៗ​ ក៏​ត្រូវ​មាន​កាតព្វកិច្ច​កាត់​បន្ថយ​ការ​វេច​ខ្ចប់​ដោយប្រើ​​ប្លាស្ទិក​ចំនួន​ ៣០​ ភាគ​រយ​ផង​ដែរ​។

លោកស្រី​​ Siti Nurbaya ​បាន​និយាយ​ថា​ ការ​ហាម​​ឃាត់ ​នឹង​រួម​បញ្ចូល​ទាំង​ថង់​ប្លាស្ទិក​ដែល​ប្រើ​តែ​បាន​តែ​ម្ដង​ ​បំពង់​បឺត​ប្លាស្ទិក​ និង​សម្ភារ​​​​កាត់​នំខេក​​ប្លាស្ទិក​ជា​ដើម​ ខណៈ​ដែល​ការ​ប្រើ​ប្រាស់​​ប្រអប់​បាយ​ជ័រ​ ​ដើម្បី​​​វេច​ខ្ចប់​អាហារ​ ក៏​នឹង​ត្រូវ​ហាម​ឃាត់​ផង​ដែរ​។

លោកស្រី​​បន្ត​ថា​៖«​​នេះ​​ជា​​វិធី​​ដោះ​ស្រាយ​​កាក​សំណល់​​វេច​ខ្ចប់​​ដែល​​ពិបាក​​ប្រមូល​ពិបាក​កែច្នៃ​​ឡើង​វិញ​ និង​​​បំពុល​បរិស្ថាន​ខ្លាំង​»។

គួរ​រំឭក​ថា​ ​ការ​សិក្សា​​ និ​ង​​របាយការណ៍​ជា​ច្រើន​​ បាន​ចាត់​ឥណ្ឌូនេស៊ី​ថា ​​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​​ប្រទេស​ផលិត​កាក​សំណល់​​ប្លាស្ទិក​​កំពូល​​​លើ​​ពិភព​លោក​។​ នេះ​បើ​តាម​ CNA។ ​​​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​បរិស្ថាន​​ឥណ្ឌូនេស៊ី​ ប្រទេស​នេះ​ ​​បាន​ផលិត​កាក​សំណល់​ប្លាស្ទិក​ចំនួន​ ១២,៦ លាន​តោន​​​កាល​ពី​ឆ្នាំ​មុន​​។

​ជាមួយ​គ្នា​នេះ​ដែរ​ ការ​សិក្សា​មួយ​ពី​ក្រុម​បរិស្ថាន​​Zero Waste Indonesia Alliance ​បាន​បង្ហាញ​ថា​ មាន​តែ​ ៩​ភាគ​រយ​នៃ​សំណល់​ប្លាស្ទិក​នៅ​​ឥណ្ឌូនេស៊ី​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​កែ​ច្នៃ​ឡើង​វិញ​ ខណៈ​៩១​ ភាគរយ​ផ្សេង​ទៀត​ស្ថិត​នៅ​ក្នុង​កន្លែង​ចាក់​សំរាម​ ឬ​បំពុល​ទន្លេ​ និង​មហា​សមុទ្រ​។​

ជាមួយ​នឹង​ផែនការ​នេះ​ផង​ដែរ​ ​លោក​ Siti Nurbaya ​បាន​និយាយ​ថា​ ខេត្ត​នានា​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​ នឹង​​ទទួល​បាន​ការ​​ណែនាំ​ឱ្យ​ផលិត​ផែនទី​បង្ហាញ​ផ្លូវ​ ស្ដី​ពី​ការ​កាត់​បន្ថយ​កាក​សំណល់​ប្លាស្ទិក​ ដើម្បី​គាំទ្រ​ដល់​ការ​ហាម​ឃាត់​​។

​កាល​ពី​ខែ​កក្កដា​ ឆ្នាំ​ ២០១៩ ​​​កោះ​បា​លី ​បាន​ក្លាយ​ជា​ខេត្ត​ដំបូង​បង្អស់​របស់​ឥណ្ឌូនេស៊ី​ ដែល​ដាក់​បម្រាម​លើ​ការ​ប្រើ​ប្រាស់​ថង់​​ប្លាស្ទិក​​បំពង់​បឺត​​ និង​ប្រអប់​ដាក់​បាយ​ជ័រ​ ដែល​អាច​ប្រើ​ប្រាស់​បាន​តែ​ម្ដង​។​ទន្ទឹម​នឹង​នេះ​ រដ្ឋ​ធានី​ហ្សាការ តា​​ក៏​បាន​ចេញ​បម្រាម​លើ​ការ​ប្រើ​ប្រាស់​ថង់ប្លាស្ទិក​ប្រើ​តែ​ម្ដង​​ក្នុង​ខែ​កក្កដា​ ឆ្នាំ​ ២០២០​​​ប៉ុន្តែ​នៅ​តែ​អនុញ្ញាត​ឱ្យ​ប្រើ​បំពង់​បឺត​ សម្ភារកាត់​នំខេត​ និង​ប្រអប់​​ដាក់​បាយ​ជ័រ​។

​​

គួរ​គូស​បញ្ជាក់​ថា​ ឥណ្ឌូនេ​ស៊ី​ មិន​មែន​ជា​ប្រទេស​តែ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​ ​ដែល​រំពឹង​ថា​​នឹង​បញ្ច​ប់​ការ​ពឹង​ផ្អែក​លើ​ផលិត​ផល​ប្លាស្ទិក​ ដែល​អាច​ប្រើ​​បាន​តែ​ម្ដង​នោះ​ទេ​។ ​​ក្នុង​​​ឆ្នាំ​ ២០១៨​​ ​ម៉ាឡេស៊ី​ ​បាន​​កំណត់​​ផែនទី​​បង្ហាញ​​ផ្លូវ​​ដ៏​​​មាន​​មហិច្ឆតា​​មួយ​ ​ដើម្បី​​​​លុប​​បំបាត់​​ប្លាស្ទិក​​ប្រើ​​បាន​​តែ​ម្ដង​នៅ​ឆ្នាំ​ ២០៣០​។ ​

ដើម្បី​សម្រេច​បាន​​​​គោលដៅ​នេះ​ រដ្ឋ​មន្ត្រី​ក្រសួង​ធនធាន​ធម្មជាតិ ​បរិស្ថាន​ និង​ប្រែ​ប្រួល​អាកាស​ធាតុ​ម៉ាឡេស៊ី​ លោក​ Nik Nazmi Nik Ahmad ​បាន​និយាយ​កាល​ពី​ខែ​មុន​ថា​ម៉ាឡេស៊ី​​មាន​​គោល​​បំណង​​ហាម​ឃាត់​ការ​ប្រើ​ប្រាស់​ថង់​ប្លាស្ទិក​សម្រាប់​​​ការ​​លក់​រាយ​​ក្នុង​​គ្រប់​វិស័យ​អាជីវកម្ម​ទូ​ទាំង​ប្រទេស​នៅ​ឆ្នាំ​ ២០២៥​៕