The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពួកយោធា​នី​ហ្សេ​ចងសម្ព័ន្ធ​មិត្ត​ការពារ​គ្នា​ជាមួយ​មេ​រដ្ឋប្រហារ​យោធា​ដូចគ្នា​ក្នុង​តំបន់​

ពួកយោធា​នី​ហ្សេ​ចងសម្ព័ន្ធ​មិត្ត​ការពារ​គ្នា​ជាមួយ​មេ​រដ្ឋប្រហារ​យោធា​ដូចគ្នា​ក្នុង​តំបន់​

Content image - Phnom Penh Post
​ប្រជាជន​នីហ្សេ​​ដែលគាំទ្រ​​ក្រុមយោធា​​បង្ហាញ​ទង់ជា​តិ​ប្រទេសដែល​គាំទ្រ​ក្រុមយោធា​ខ្លួន។ AFP

ពួកយោធា​នី​ហ្សេ​ចងសម្ព័ន្ធ​មិត្ត​ការពារ​គ្នា​ជាមួយ​មេ​រដ្ឋប្រហារ​យោធា​ដូចគ្នា​ក្នុង​តំបន់​

ប្រទេស​ម៉ាលី បួរ​គី​ណា​ហ្វា​សូ និង​នី​ហ្សេ​ដែល​ទើប​គ្រប់គ្រង​ដោយ​របប​យោធា​ក្រោយ​ការធ្វើ​រដ្ឋប្រហារ​កាល​ពីថ្ងៃ​ទី​​ ២៦ ខែកក្កដា បាន​ចុះ​ហត្ថ​លេខា​លើ​កតិកាសញ្ញា​ការពារ​គ្នា​ទៅ​វិញ​ទៅមក ខណៈ​ប្រទេស​នៅ​តំបន់​សា​ហែល​របស់​អាហ្រ្វិក​ដែល​គ្រប់​គ្រង​ដោយ​របប​យោធា​ទាំង​ ៣ មានបំណង​ជួយ​គ្នា​ទៅវិញទៅមក​ប្រឆាំងនឹង​ការគំរាមកំហែង​ដែល​អាច​កើតមាន​ដោយ​ការបះបោរ​ប្រដាប់អាវុធ ឬ​ការ​ឈ្លានពាន​ពី​ខាងក្រៅ​។​

​ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ បាន​រាយការណ៍​ថា កតិកាសញ្ញា ដែល​គេ​ឱ្យ​ឈ្មោះថា «​សម្ព័ន្ធភាព​នៃ​រដ្ឋ​នៅ​តំបន់​សា​ហែល​» ត្រូវបាន​សម្រេច​ឡើង​កាលពី​ថ្ងៃ​សៅរ៍ ដោយ​ចង​ភាគី​ហត្ថ​លេ​ខី​ឱ្យជួយ​គ្នា​ទៅវិញទៅមក រួមទាំង​ផ្នែក​យោធា ក្នុងករណី​បើ​មានការ​វាយប្រហារ​ណាមួយ​កើតឡើង​ក្នុងចំណោម​ប្រទេស​ទាំង​ ៣​។

​កតិកាសញ្ញា​នោះ​ចែងថា​៖ «​ការ​វាយប្រហារ​ណាមួយ​លើ​អធិបតេយ្យ​ភាព និង​បូរណភាព​ទឹកដី​របស់​ភាគី​ជាប់​កិច្ចព្រមព្រៀង​ ១ ឬ​លើសពី ​១ នឹងត្រូវ​បានចាត់ទុក​ថា​ជាការ​ឈ្លា​ន​ពាន​ប្រឆាំងនឹង​ភាគី​ផ្សេងទៀត​»​។ វា​ក៏​ចង​ប្រទេស​ទាំង​ ៣ ​ឱ្យធ្វើ​ការ​ទប់​ស្កាត់ ឬ​ដោះស្រាយ​ការបះបោរ​ប្រដាប់អាវុធ​ផងដែរ​។​

​មេដឹកនាំ​យោធា​ម៉ាលី លោក​ Assimi Goita បាន​និយាយ​នៅលើ​បណ្ដាញ​សង្គម​ X (​អតីត​ធ្វី​ត​ធើរ​) របស់លោក​ថា​៖ «​ថ្ងៃនេះ ខ្ញុំ​បាន​ចុះហត្ថលេខា​ជាមួយ​ប្រមុខរដ្ឋ​បួរ​គី​ណា​ហ្វា​សូ និង​នី​ហ្សេ លើ​កតិកាសញ្ញា​ Liptako-Gourma ដែល​បង្កើត​សម្ព័ន្ធភាព​នៃ​រដ្ឋ​នៅ​តំបន់​សា​ហែល ក្នុង​បំណង​បង្កើត​ក្របខ័ណ្ឌ​ការពារ​រួម និង​ជួយ​គ្នា​ទៅ​វិញ​ទៅមក​»​។​

Liptako-Gourma​ សំដៅលើ​តំបន់​ព្រំដែន​រួម​រវាង​ម៉ាលី បួរ​គី​ណា​ហ្វា​សូ និង​នី​ហ្សេ ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​ការបះបោរ​ប្រដាប់អាវុធ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។​

​ចំណែកឯ លោក ​Abdoulaye Diop រដ្ឋមន្ត្រី​ការពារជាតិ​ម៉ាលី​វិញ បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង ​Bamako រដ្ឋធានី​នៃ​ប្រទេស​ម៉ាលី​ថា​៖«​សម្ព័ន្ធភាព​នេះ នឹង​ក្លាយជា​ការរួម​បញ្ចូល​គ្នា​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​យោធា និង​សេដ្ឋកិច្ច​ប្រទេស​ទាំង ​៣»​។​

​ការបះបោរ​ប្រដាប់អាវុធ​ដែល​បាន​ផ្ទុះឡើង​នៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាលី​ក្នុង​ឆ្នាំ​ ២០១២ បាន​រាលដាល​ដល់​ប្រទេស​នី​ហ្សេ និង​បួរ​គី​ណា​ហ្វា​សូ​ក្នុង​ឆ្នាំ​ ២០១៥​។

​រដ្ឋ​ទាំង​ ៣ ​គឺជា​សមាជិក​នៃ​កងកម្លាំង​សម្ព័ន្ធភាព​នៃ​ក្រុម​ប្រទេស​សា​ហែល​ទាំង ​៥ (G5 Sahel)​ ដែល​គាំទ្រ​ដោយ​បារាំង​ជាមួយ​ប្រទេស​ឆាដ និង​ម៉ូ​រីតា​នី ដែល​បានចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៧ ដើម្បី​ដោះស្រាយ​ក្រុម​ប្រដាប់​​អាវុធ​ដែលមាន​ទំនាក់ទំនង​ជាមួយ​ក្រុម​អាល់​កៃ​ដា និង​ក្រុម​រដ្ឋ​អ៊ិ​ស្លាម​អាយ​ស៊ី​ស​។

ECOWAS ដែលជា​សហគមន៍​សេដ្ឋកិច្ច​នៃ​រដ្ឋ​អាហ្រ្វិក​ខាងលិច​បាន​គំរាម​ធ្វើ​អន្តរាគមន៍​ផ្នែក​យោធា​ក្នុងប្រទេស​នី​ហ្សេ​ក្រោយ​រដ្ឋប្រហារ​កើតឡើង​ភ្លាមៗ ប៉ុន្តែ​ប្លុក​នេះ​បាន​បន្ទន់​វោហារ​ស័ព្ទ​សង្គ្រាម​របស់ខ្លួន​វិញ ក្នុង​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​៕

អត្ថបទគួរចាប់អារម្មណ៍