ជាទូទៅ​គេ​តែង​សង្កេតឃើញ​មាន​ករណី​​បុគ្គល​ខ្លះ​បាន​លួច​ថតរូប​អ្នកដទៃ​រួច​​យកមក​ផ្សព្វផ្សាយ​សាធារណៈ​ទាំងម្ចាស់​រូប​មិន​បាន​ដឹងខ្លួន ប៉ុន្តែ​តាមច្បាប់​ការធ្វើ​ដោយ​គ្មាន​ការអនុញ្ញាត​ពី​ម្ចាស់​រូប​បែបនេះ គឺ​ត្រូវ​ប្រឈមមុខ​នឹង​ផ្លូវច្បាប់​។

ចង់ដឹងថា តើ​ទង្វើ​បែបនេះ​ត្រូវ​ប្រឈម​នឹង​ផ្លូវច្បាប់​យ៉ាងណា​នោះ ភ្នំពេញ​ ប៉ុស្ដិ៍​ បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី លី កុសល ដែលមាន​ការិយាល័យ​បម្រើការ​នៅផ្ទះ​លេខ​ ៤៥Eo ផ្លូវ​លេខ​ ៩ ភូមិ​ត្រពាំងថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

ឧបមាថា​លោក​ (​ក​) ​បាន​ចូល​ទទួលទាន​អាហារ​ក្នុង​ហាង​មួយ​ហើយ​គាត់​បានឃើញ​នារី​ម្នាក់ ក៏​ថតរូប​នារី​នោះ​ដោយ​គេ​មិនដឹង​ខ្លួន តើ​ទង្វើ​របស់លោក​ (​ក​) ​បែបនេះ​ត្រឹមត្រូវ​ឬទេ​?

បញ្ហា​នេះ​ម្ចាស់​រូបថត​មាន​សិទ្ធិ​ខាង​រូបភាព​ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​បុគ្គល​​ដែល​ទទួលបាន​ការការពារ​ដោយ​ច្បាប់ ដូច្នេះ​ទង្វើ​របស់លោក​ (​ក​) ធ្វើបែបនេះ​មិន​ត្រឹមត្រូវ​ទេ ប្រសិន​បើ​ការថត​នោះ​ពុំបាន​សុំ​ការអនុញ្ញាត​ពី​នារី​នោះ​។

ចុះបើ​ឧបមាថា លោក​ (​ក​) ​បាន​យក​រូប​នារី​នោះ​ទៅ​ចែកចាយ​បន្តទៀត តើ​នារី​នោះ​អាច​ប្តឹង លោក​ (​ក​) ​បានទេ​ព្រោះថា នាង​មិន​បាន​អនុញ្ញាត​ផង​នោះ​?

ចុះបើ​លោក​ (​ក​) ​ថតរូប​អ្នកសិល្បៈ​ល្បីឈ្មោះ​ម្នាក់ ខណៈ​លោក​ (​ក​) ​ឃើញ​​តាមផ្លូវ តែ​បុគ្គល​ម្នាក់​នោះ​មិនដឹង​ខ្លួន​ទេ ហេតុដែល​លោក​ (​ក​) ​ថតរូប​បុគ្គល​នោះ​ ដោយសារ​គាត់​គិតថា​ជា​បុគ្គល​ល្បីឈ្មោះ​។ តើ​ករណី​បែប​នេះ​យ៉ាងម៉េច​ដែរ​?

ករណីនេះ​លោក​ (​ក​) ​គឺ​បាន​បំពាន​ និង​រំលោភ​លើ​សិទ្ធិ​ខាង​រូបភាព​អាច​នឹងត្រូវ​ទទួលទោស​ខាង​រដ្ឋប្បវេណី​ផង និង​ខាង​ព្រហ្មទណ្ឌ​ផង​។

យោងតាម​ក្រមរដ្ឋប្បវេណី​ក្នុង​ករណី​មានការ​ថត​ ឬ​ផ្សព្វផ្សាយ​រូបភាព​ដោយ​គ្មាន​ការព្រមព្រៀង​ពី​ម្ចាស់​រូប ម្ចាស់​រូប​មាន​សិទ្ធិ​៖

-​ទាមទារ​ឱ្យ​បញ្ឈប់​ (​មាត្រា​ ១១)៖

ដូចជា​ពេល​ឃើញ​គេ​លើក​ម៉ាស៊ីន​ថត​ចង់​ថត សាមីខ្លួន​អាច​ហាមឃាត់​មិន​​ឱ្យ​ថត​។

-​ទាមទារ​ឱ្យ​ដកចេញ​នូវ​លទ្ធផល​នៃ​សកម្មភាព​រំលោភ​ (​មាត្រា​ ១២)៖ ប្រសិនបើ​រូបភាព​ត្រូវបាន​ថត​រួចទៅហើយ សាមីខ្លួន​អាច​ទាមទារ​ឱ្យ​លុប​រូបនេះ​ចេញពី​ម៉ាស៊ីន​ថត​វិញ​។ ប្រសិនបើ​រូបថត​នេះ​ត្រូវ​បាន​យក​ទៅ​ចុះផ្សាយ​រួចហើយ (​ដូចជា ចុះផ្សាយ​នៅលើ​ទំព័រ​វេបសាយ​ជាដើម​) ម្ចាស់​រូប​អាច​ទាមទារ​ឱ្យ​ដក​រូបនេះ​ចេញ​វិញ​។

-​ទាមទារ​សំណង​ការខូចខាត (​មាត្រា ១៣)៖ ប្រសិនបើ​ការថតរូប​ ឬ​ការផ្សព្វផ្សាយ​រូបភាព​នេះ​បាន​បង្ក​ការខូចខាត​ណាមួយ ម្ចាស់​រូប​អាច​ទាមទារ​សំណង​ខូចខាត​ពី​អ្នកប្រព្រឹត្ត​ល្មើស​បាន​។ សិទ្ធិ​ទាមទារ​សំណង​ខូចខាត​នេះ អាច​អនុវត្ត​ព្រម​គ្នា​ជាមួយ​សិទ្ធិ​ទី​ ២ ​ខាងលើ មាន​​ន័យ​ថា ម្ចាស់​រូប​អាច​ទាមទារ​ឱ្យ​បញ្ឈប់​ការចុះផ្សាយ​រូបភាព​ផង ហើយ​អាច​ទាមទារ​ឱ្យ​សង​ការខូចខាត​ផង​។

+​ជាគោលការណ៍​គឺ​ត្រូវតែ​មាន​ការព្រមព្រៀង​ពី​ម្ចាស់​រូប​ជាមុនសិន​ទាំង​ការថតរូប និង​ការយក​រូបថត​ទៅ​ផ្សព្វផ្សាយ ព្រោះថា​ការព្រមព្រៀង​ឱ្យ​ថត មិនមែន​មានន័យថា ឱ្យ​យក​រូបថត​នេះ​ទៅ​ផ្សព្វផ្សាយ​ទេ​។ ​

ការព្រមព្រៀង​ឱ្យ​ថត ឬ​ឱ្យ​ចុះផ្សាយ​រូបថត អាច​ជា​ការព្រមព្រៀង​ដោយ​ជាក់ច្បាស់ (​ម្ចាស់​រូប​ប្រាប់​អ្នក​ថត​ថា ខ្លួន​អនុញ្ញាត​ឱ្យ​ថតរូប ឬ​យក​រូបថត​ទៅ​ផ្សព្វផ្សាយ​) ​ឬ​ដោយ​តុណ្ហី (​ម្ចាស់​រូប​ដឹង​ដែរ​ថា គេ​ថត តែ​មិន​ជំទាស់​ ឬ​ដឹង​ដែរ​ថា គេ​យក​រូប​ទៅ​ចុះផ្សាយ​តែ​មិន​ជំទាស់ គឺ​មានន័យ​ស្មើនឹង​យល់ព្រម​ឱ្យគេ​ថតរូប​ ឬ​ឱ្យគេ​យក​រូបថត​ទៅ​ចុះផ្សាយ​)​។

ក៏ប៉ុន្តែ​អ្នក​ថត គួរតែ​ស្វែងរក​ការព្រមព្រៀង​ឱ្យបាន​ជាក់ច្បាស់​ពី​ម្ចាស់​រូប​ប្រសើរ​ជាង​ការព្រមព្រៀង​ដោយ​​តុណ្ហី ជាពិសេស​បើ​ចង់យក​រូបថត​គេ​ទៅ​ផ្សព្វផ្សាយ ពីព្រោះថា បើ​គ្មាន​ការព្រមព្រៀង​ដោយ​ជាក់ច្បាស់​ជាមុន​ទេ ម្ចាស់​រូប​មិន​ត្រឹមតែ​អាច​ទាមទារ​ឱ្យ​ដក​រូបនេះ​ចេញ​វិញ​ទេ ប៉ុន្តែ​ថែមទាំង​អាច​ទាមទារ​សំណង​ជំងឺ​ចិត្ត​ទៀតផង យោងតាម​ក្រមរដ្ឋប្បវេណី​មាត្រា​ ១៣ ហើយ​អ្នក​ថត​ក៏​អាច​នឹង​ទទួល​ទោស​ជាប់​ពន្ធនាគារ និង​ការពិន័យ តាម​មាត្រា​ ៣០២ នៃ​ក្រមព្រហ្មទណ្ឌ​។ (​សូម​រង់ចាំ​​អាន​វគ្គ​បន្ដ​នៅ​សប្ដាហ៍​ក្រោយ​)