ជាទូទៅ ប្រសិន​បើ​មាន​ករណី​គ្រោះថ្នាក់​ណាមួយ​កើតឡើង ក្នុងពេល​កំពុង​បំពេញការងារ​របស់​បុគ្គលិក​និយោជិត​ណា​ម្នាក់ គឺ​រមែង​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការទទួល​ខុសត្រូវ​របស់​អ្នក​ជួល​ ឬ​និយោជក​នៃ​ក្រុមហ៊ុន​សហគ្រាស​ ឬមួយ​ក៏​ស្ថាប័ន​នោះ​ទៅតាម​អង្គហេតុ​ដែល​បានកើត​ឡើង​។ ​ចង់ដឹងថា តើ​ការទទួល​ខុសត្រូវ​នោះ​មាន​កម្រិត​យ៉ាងដូចម្ដេច​ដែរ​? ​ជុំវិញ​ចម្ងល់​នោះ​ភ្នំពេញ​ប៉ុស្ដិ៍​បាន​សុំ​ការពន្យល់​ពី​លោក​មេធាវី យុង ផានិត ក្រុម​មេធាវី​ច្បាប់​ និង​ពិគ្រោះ​យោបល់​ដែលមាន​ការិយាល័យ​ផ្ទះ​លេខ​ ២១១០B ​ផ្លូវជាតិ​លេខ​ ៥ សង្កាត់​ស្រះចក ខណ្ឌ​​ដូនពេញ តាមរយៈ​សំណួរ​ដូចតទៅ​៖

ឧបមាថា​លោក​ (​ក​) ​បាន​ជួល​លោក​ (​ខ​)​ ឱ្យជួយ​ថែទាំ​ហ្វូង​សត្វ​ទា​ដែល​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​តែ​ហ្វូង​សត្វ​ទា​នោះ​ចុះ​លេង​ទឹក​ហើយ​លោក​ (​ខ​) ​ចុះ​ដេញ​តែ​ត្រូវ​លង់ទឹក​ស្លាប់​។ តើ​ករណីនេះ​លោក​ (​ក​) ​មាន​ចំណែក​ទទួល​ខុសត្រូវ​​ចំពោះ​គ្រោះថ្នាក់​នេះដែរ​ទេ​?

លោក​ (​ខ​)​ ជា​កូនឈ្នួល​មើល​ចិញ្ចឹម​ហ្វូង​សត្វ​ទា ហើយ​គាត់​បាន​លង់ទឹក​ស្លាប់​ ដោយសារ​គាត់​ចុះ​ទឹក​ដេញ​ហ្វូង​ទា​។ ​ករណីនេះ​ជា​គ្រោះថ្នាក់​ការងារ​ដូច្នេះ​និយោជក​ត្រូវតែ​ទទួល​ខុសត្រូវ​លើ​សំណង​ ប៉ុន្តែ​មិនជាប់​ពាក់ព័ន្ធ​នឹង​ទោស​ព្រហ្មទណ្ឌ​ទេ​។ យោង​មាត្រា​ ២៤៨ នៃ​ច្បាប់​ស្តីពី​ការងារ​ចែងថា ត្រូវ​ចាត់ទុកជា​គ្រោះថ្នាក់​ការងារ​គ្រោះថ្នាក់​ដែល​កើតឡើង ដោយ​ធ្វើការ​ទោះ​ដោយហេតុ​យ៉ាងណា​ក៏ដោយ ហើយ​ទោះ​មាន​កំហុស​មកពី​កម្មករនិយោជិត ឬ​គ្មាន​ក៏ដោយ​គឺ​គ្រោះថ្នាក់​ដែល​ធ្លាក់​លើ​រូបកាយ​កម្មករនិយោជិត​ក្នុង​ពេល​ធ្វើការ​ឱ្យ​និយោជក ឬ​នាយក​សហគ្រាស​ ឬ​ធ្លាក់​លើ​សិស្ស​វិជ្ជាជីវៈ មាន​ឈ្នួល​ក្តី​ឥត​ឈ្នួល​ក្តី កាន់​មុខងារ​ជា​អ្វី នៅ​ទីកន្លែង​ណាក៏ដោយ​។ ម្យ៉ាងទៀត​ត្រូវ​ចាត់ទុកជា​គ្រោះថ្នាក់​ការងារ​ដែរ ចំពោះ​គ្រោះថ្នាក់​ណា​ដែល​ធ្លាក់​លើ​កម្មករ​និយោជិត​ក្នុងពេល​ដែល​សាមីខ្លួន​ធ្វើដំណើរ​ពី​លំនៅឋាន​ខ្លួន​ត្រង់​ឆ្ពោះទៅ​ទីកន្លែង​ធ្វើការ​ ឬ​វិល​មកវិញ​ដោយ​គ្មាន​ឈប់​ ឬ​ដោយ​គ្មាន​វាង​ទៅ​កន្លែង​ផ្សេង​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ក្រៅពី​ការងារ​ដែល​គេ​តម្រូវ​ឱ្យទៅ​។ ជំងឺ​បណ្តាល​មកពី​វិជ្ជាជីវៈ​ទាំងអស់​ដូច​មាន​បញ្ជាក់​ក្នុង​ច្បាប់​ត្រូវ​ចាត់ទុកជា​គ្រោះថ្នាក់​ការងារ​ហើយ​ទទួល​ការជួសជុល​ដូចគ្នា​ដែរ​។ ចំពោះ​មាត្រា​ ២៤៩ ចែងថា នាយក​សហគ្រាស​ត្រូវ​ទទួល​ខុសត្រូវ​លើ​គ្រោះថ្នាក់​ការងារ​ទាំងអស់​ដូច​មាន​រៀបរាប់​ក្នុង​មាត្រា​ខាងលើនេះ ទោះបី​លក្ខន្តិកៈ​ផ្ទាល់ខ្លួន​របស់​កម្មករ​និយោជិត​ម្នាក់ៗ​នោះ​មាន​លក្ខណៈ​យ៉ាងណា​ក៏ដោយ​។ ការទទួល​ខុសត្រូវ​ដូចគ្នានេះ​ត្រូវអនុវត្ត​លើ​អ្នកគ្រប់គ្រង​គ្រឹះស្ថាន​ព្យាបាល​ឯកជន​ចំពោះតែ​បុគ្គលិក​ដែល​អ្នកគ្រប់គ្រង​នេះ​ប្រើ​,​ជន​ដែលមាន​វិជ្ជាជីវៈ​សេរី​ចំពោះ​​តែ​គ្រោះ​ថ្នាក់លើ​កម្មករនិយោជិត​របស់​ជន​នោះ​.,​ម្ចាស់ផ្ទះ​ចំពោះតែ​គ្រោះថ្នាក់​​លើ​អ្នកបម្រើ​ក្នុងផ្ទះ​របស់ខ្លួន​., សហគ្រាស​កសិកម្ម​ចំពោះ​គ្រោះថ្នាក់​នៃ​កម្មករនិយោជិត​ក្នុង​សហគ្រាស​នោះ​។ ក្រៅពី​ប្រភេទ​ដូច​មានចែង​ជាក់លាក់​ក្នុង​កថាខណ្ឌ​ខាងដើម​នេះ ជន​ណា​ដែល​ទទួល​កម្មករនិយោជិត​ឱ្យ​ប្រកប​ការងារ​ណាមួយ​ជា​ប្រាកដ និង​ម្តងម្កាល​ឱ្យ​ខ្លួន​ត្រូវតែ​ជួស​ជុស​គ្រោះថ្នាក់​ផ្សេងៗ​​ដែល​កម្មករនិយោជិត​ត្រូវ​រងគ្រោះ​ក្នុង​​ឱកាស​ដែល​បំពេញ​ការងារ​នេះ​។

ឧទាហរណ៍​ថា អ្នកស៊ីឈ្នួល​ចិញ្ចឹមសត្វ​ទា​នោះ​បាន​លួច​លុយ​ម្ចាស់​កសិដ្ឋាន​នោះ​ហើយ​ត្រូវបាន​ម្ចាស់​ទា​សម្លាប់ តើ​គាត់​ចេញ​សំណង​តាមច្បាប់​ស្តីពី​ការងារ​ឬ​?

នៅត្រង់​ចំណុច​នេះ ម្ចាស់​សត្វទា​បានសម្លាប់​កូនឈ្នួល​មានន័យថា ម្ចាស់​សត្វទា​នោះ​គាត់​មាន​ចេតនា​ទៅលើ​ជនរងគ្រោះ​។ តែបើ​គាត់​ចាប់​កូនឈ្នួល​នោះ​ទៅឱ្យ​នគរបាល​យុត្តិធម៌​ ឬ​អាជ្ញាធរ​មាន​សមត្ថកិច្ច​គឺ​ម្ចាស់​សត្វ​ទា​នោះ​គ្មាន​ទោស​ទេ​។ គ្មាន​ច្បាប់​ឯណា​ជំរុញ​លើក​ទឹកចិត្ត​ឱ្យ​សម្លាប់​មនុស្ស​ទេ​។ ហេតុដូច្នេះ ម្ចាស់​សត្វ​ទា​នោះ​ជាប់​ពាក់ព័ន្ធ​នឹង​ទោស​ព្រហ្មទណ្ឌ​។ បទល្មើស​ព្រហ្មទណ្ឌ​គឺជា​អំពើ​ដែល​ត្រូវ​ផ្តន្ទាទោស​ដោយ​ច្បាប់ព្រហ្មទណ្ឌ ហើយ​ជា​កំហុស​របស់​ចារី​ផ្ទាល់​។ ប្រសិនបើ​ច្បាប់​មិន​ចាត់ទុកថា អំពើ​ណាមួយ​ជា​បទល្មើស​ទេ អំពើ​នោះ​មិនអាច​ចាត់ទុកថា​ជា​​បទល្មើស​បានឡើយ​៕