The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ស្ដ្រី​អាហ្វ្រិក​ខាង​ត្បូងអះអាង​ថា​ សម្រាល​​​កូន​ភ្លោះ ១០ នាក់​ អជ្ញាធរ​កំពុង​តាមស្វែងរក




ស្ដ្រី​អាហ្វ្រិក​ខាង​ត្បូងអះអាង​ថា​ សម្រាល​​​កូន​ភ្លោះ ១០ នាក់​ អជ្ញាធរ​កំពុង​តាមស្វែងរក

Content image - Phnom Penh Post
អ្នកស្រី ហ្គូសៃម៉េ ថាម៉ារ៉ា អាយុ ៣៧ ​ឆ្នាំ ជា​អតីត​អ្នក​គ្រប់​គ្រង​ហាង​ បាន​អះអាង​ថា​អ្នកស្រី​សម្រាលកូន ​១០​ នាក់។

ស្ដ្រី​អាហ្វ្រិក​ខាង​ត្បូងអះអាង​ថា​ សម្រាល​​​កូន​ភ្លោះ ១០ នាក់​ អជ្ញាធរ​កំពុង​តាមស្វែងរក

ក្រុង​ខេពថោន៖ ស្ដ្រី​ម្នាក់​មក​ពី​ខេត្ដ​ហ្គោធេង ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បានអះអាង​ថា អ្នក​ស្រី​​បាន​ផ្ដល់​កំណើត​កូន​ភ្លោះ ១០ ​នាក់​។ ប្រសិន​បើ​ការ​អះអាង​នោះជាការ​ពិត អ្នកស្រី​នឹង​បំបែកឯតទគ្គកម្ម​ថ្មី​ ខណៈ​កំណត់ត្រាចាស់​បាន​ទៅលើ​អ្នកស្រី ហាលីម៉ា ស៊ីសស៍ ដែល​បាន​ផ្ដល់​កំណើត​កូន​ភ្លោះ ៩​នាក់​ នៅ​ប្រទេស​ម៉ារ៉ុក​កាលពី​ខែ​មុន​។

ស្វាមី​របស់​អ្នកស្រី ហ្គូសៃម៉េ ថាម៉ារ៉ា ស៊ីថុល ឈ្មោះ តេបូហូ សូតេស៊ី បាន​ប្រាប់ Pretoria News ថា អ្នកស្រី បាន​ប្រសូត​បុត្រ ១០ ​នាក់​ នៅ​មន្ទីរ​ពេទ្យ​មួយ​ក្នុង​ទីក្រុង Pretoria កាល​ពី​ថ្ងៃទី ៧ ខែ​មិថុនា​។

តាម​ពិត វេជ្ជបណ្ឌិត​ដែល​បាន​ឆ្លុះ​អេកូ​ បាន​រក​ឃើញ​ថា អ្នកស្រី នឹង​មាន​កូន​ភ្លោះ ៨​នាក់ តែ​ផ្ទុយ​ទៅ​វិញ ​អ្នក​ស្រី បាន​ឆ្លង​ទន្លេ​កូន​ប្រុស ៧​ នាក់ និង​កូន​ស្រី ៣ ​នាក់​ដោយ​ការ​វះ​កាត់​។

អ្នកស្រី ហ្គូសៃម៉េ ថាម៉ារ៉ា ដែល​មាន​កូន​ភ្លោះអាយុ ៦​ ឆ្នាំ​ពីរ​នាក់​​ស្រាប់​ ធ្លាប់​ប្រាប់​ថា Pretoria News ថា ខ្លួន​មាន​ផ្ទៃ​ពោះ​តាម​ធម្មជាតិ​។

លោក តេបូហូ សូតេស៊ី បាន​ឱ្យ​ដឹង​ថា​៖ «​យើង​ប្រសូត​កូន​ប្រុស ៧ ​នាក់ និង​កូន​ស្រី ៣​នាក់។ គាត់​ទើប​ពរ​ពោះ​បាន​ ៧ ខែ​ និង ៧ ​ថ្ងៃ​ប៉ុណ្ណោះ​។ ខ្ញុំ​រីករាយ​ណាស់​ ហើយ​ក្ដុក​ក្ដួល​ណាស់​ដែរ​»។

Content image - Phnom Penh Post
​អ្នកស្រី ហ្គូសៃម៉េ ថាម៉ារ៉ា ស៊ីថុល និង​ស្វាមី​ តេបូហូ សូតេស៊ី ដែល​កំពុងអំពាវនាវ​រក​ជំនួយ​ចិញ្ចឹម​កូន។

មុន​ពេល​ឆ្លង​ទន្លេ​កូន​ភ្លោះ​ទាំង​នេះ អ្នកស្រី ហ្គូសៃម៉េ ថាម៉ារ៉ា អំឡុង​ពេល​ធ្វើបទសម្ភាស បាន​និយាយថា​៖ «​ខ្ញុំ​ពិ​តជា​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ការ​ពរ​ពោះ​នេះ​ណាស់​។ ដំបូង រាង​ពិបាក​ខ្លះ​ដែរ។ ខ្ញុំ​គ្រាន់​តែ​ធ្វើ​ការ​បួង​សួង​ព្រះ​ជាម្ចាស់​ឱ្យ​ជួយ​ខ្ញុំ​សម្រាល​ដោយ​ជោគជ័យ​ និង​ប្រកប​ដោយ​សុខសុវត្ថិភាព​ទាំង​អស់​គ្នា​»។

អ្នកស្រី ហ្គូសៃម៉េ ថាម៉ារ៉ា អាយុ ៣៧ ​ឆ្នាំ ជា​អតីត​អ្នក​គ្រប់​គ្រង​ហាង​ បាន​ឱ្យ​ដឹង​ថា អ្នកស្រី នឹង​មិន​អាច​វិល​ទៅកាន់​ការងារ​ក្រោយ​សម្រាល​កូន​កាលពី​យប់​ថ្ងៃ​ចន្ទ​រួច​ឡើយ​ និង​ត្រូវការ​ការ​បរិច្ចាគ​ខោ​ទឹក​នោម ម្សៅទឹក​ដោះ​គោ ដប សម្លៀកបំពាក់ និង​លុយ​កាក់​។

អ្នកស្រី ដែល​ស្វាមី​អត់​មាន​ការ​ងារ​ធ្វើ បាន​ប្រាប់​ថា អ្នកស្រី​បាន​ចំណាយ​ប្រាក់​សន្សំ​ពីការ​ឈប់​សម្រាក​ពរពោះ​រយៈ​ពេល​ពីរ​ខែ​ ហើយ​ពេល​នេះ​ពឹង​អាស្រ័យ​លើ​ម្ដាយ​ក្មេក​វ័យ​ចាស់​ក្នុង​ការ​មើល​ថែ​កូន​ៗ​ដ៏​ច្រើន​នេះ​។

ប្ដី​ប្រពន្ធ​ទាំង​ពីរ​បាន​អំពាវនាវ​សុំ​ថវិការ​ជួយ​ចិញ្ចឹម​កូន​ៗ​ទាំង ១០ ​នាក់​ តែ​មន្ដ្រី​អាហ្វ្រិក​ខាង​ត្បូង​បាន​លើក​ឡើង​ថា ពួកគេ​នៅ​មិន​ទាន់​រក​ឃើញ​ភ័ស្ដុតាង​វេជ្ជសាស្ដ្រ​ចំពោះ​ការ​សម្រាល​កូន​កំណត់ត្រា​នេះ​ឡើយ​៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍