The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផ្ទះ​បំពង់​វៀតណាម​ដុះ​ច្រូងច្រាង​ចុង​សតវត្សរ៍​ទី១៩ បន្ត​ពេញ​និយម​រហូត​ដល់​បច្ចុប្បន្ន​




ផ្ទះ​បំពង់​វៀតណាម​ដុះ​ច្រូងច្រាង​ចុង​សតវត្សរ៍​ទី១៩ បន្ត​ពេញ​និយម​រហូត​ដល់​បច្ចុប្បន្ន​

Content image - Phnom Penh Post
ផ្ទះ​បំពង់ ដែល​ភាសាវៀតណាមហៅថា ញ៉ាអុង មានរាង​តូច​ស្ដើង និង​ខ្ពស់លលៃ នៅទីក្រុង​ហាណូយ​​។ រូបថត AFP

ផ្ទះ​បំពង់​វៀតណាម​ដុះ​ច្រូងច្រាង​ចុង​សតវត្សរ៍​ទី១៩ បន្ត​ពេញ​និយម​រហូត​ដល់​បច្ចុប្បន្ន​

ក្រុង​ហាណូយ៖ ខ្ពស់ តូចស្ដើង និង​ចម្រុះ​ពណ៌ «​ផ្ទះ​បំពង់​» ដុះ​ច្រូងច្រាង​នៅ​​តាម​ដង​វិថី​នានា​នៃ​ទីក្រុង​ ខណៈ​មនុស្ស ៩ ​លាន​នាក់ ​ប្រជែង​​ដណ្ដើម​កន្លែង​រស់នៅ​ក្នុង​ទីក្រុង​ដ៏​ណែនណាន់​របស់​វៀតណាម​នេះ​។

ថ្វី​ដ្បិត​តែ​ប្រទេស​វៀតណាម ​មាន​ការ​រីក​ចម្រើន​​ច្រើន​ចំពោះ​សំណង់​វីឡា និង​ផ្ទះ​លម្ហែ​ដែល​សល់​តាំងពី​សម័យ​អាណានិគម​និយម​បារាំង​យ៉ាង​ណា​​ក៏​ដោយ ក៏​ទីក្រុង​ហាណូយ​នៅ​មិន​ទាន់​សម្បូរ​អគារ​ប្រណីតៗ​ច្រើន​នៅ​ឡើយ​ទេ​។

ផ្ទុយ​ទៅ​វិញ នៅ​តាម​រុក្ខវិថី​នានា​ មាន​​ផ្ទះ​ដែល​មាន​ទំហំ​ស្ទើរ​តែ​ដល់​ ៤ ​ម៉ែត្រ​ ៤ ​ជ្រុង​ តែ​ខ្ពស់​យ៉ាង​លលៃ​។

ជា​ទូទៅ ផ្ទះ​បំពង់​ ១ ទំនង​ជា​លំនៅឋាន​សម្រាប់​សមាជិក ៤ ​នាក់ ក្នុង ១ ​គ្រួសារ តែ​អាច​មាន​សាច់​ញាតិ ២ ទៅ​ ៣ ​​ជំនាន់​រស់​នៅ​ជុំ​គ្នា​។

ផ្ទះ​បំពង់​ដំបូង​ស្គាល់​ថា «ញ៉ា​អុង» ជា​ភាសា​វៀតណាម​ត្រូវ​បាន​មើល​ឃើញ​ថា​ បាន​សាងសង់​ក្នុង​ទីក្រុង​នេះ​នៅ​ចុង​សតវត្សរ៍​ទី​១៩ ពេល​អ្នក​ភូមិ​ ដែល​​លក់​គ្រឿង​ប្រាក់​ឱសថ​បុរាណ និង​ឧបករណ៍​ផ្សេងៗ​បាន​ចាប់​ផ្ដើម​រើ​មក​តំបន់​នេះ។

Content image - Phnom Penh Post
ផ្ទះ​បំពង់ ឬ​ផ្ទះស្អិត​ជាប់គ្នា ជា​​ល្បាយ​​នៃ​លំនៅឋានប្រពៃណី និង​ទំនើប។ រូបថត AFP

លោក ត្រាន់ វ៉ុកបាវ សាស្ដ្រាចារ្យ​ជាន់​ខ្ពស់​នៃ​សាកលវិទ្យាល័យ​​ជាតិ​វិស្វកម្ម​ស៊ីវិល​បាន​និយាយ​ថា ស្ទីល​ស្ថាបត្យកម្ម​ដ៏​តូច​ចង្អៀត​ដូច​បំពង់​ទាំង​នេះ​កើត​ឡើង​ដោយសារ​ទីធ្លា​​មាន​ទំហំ​កំណត់។

ការ​ឌីហ្សាញ​នៅ​តែ​មាន​ការ​ពេញ​និយម​ក្នុង​សម័យ​ទំនើប​នេះ​ នៅ​ទីក្រុង​ហាណូយ ជា​ទីដែល​ស្ថាបត្យករ​ចាត់​ទុក​សំណង់​ទាំង​នោះ​ជា​ «​ផ្ទះ​ស្អិត​» ជាប់​គ្នា​ញឹក។

សាស្ដ្រាចារ្យ​នៅ​ហាណូយ​រូប​នេះ បាន​ប្រាប់​ទីភ្នាក់ងារ​ AFP ថា​៖ «​គំរូ​ផ្ទះ​ទាំង​នេះ​ពិត​ជា​មាន​សារៈសំខាន់​សម្រាប់​ស្ថាបត្យករ​ទីក្រុង​បច្ចុប្បន្ន​។ ផ្ទះ​ស្អិត​ គឺ​ជា​ការ​ប្របាច់​បញ្ចូល​គ្នា​រវាង​សំណង់​លំនៅឋាន​ប្រពៃណី និង​ស្ថាបត្យកម្ម​ទំនើប​»។

អ្នក​ជំនាញ​រូប​នេះ​បាន​បន្ថែម​ថា ផ្ទះ​ទាំង​នោះ​ក៏​អាច​ត្រូវ​បាន​ប្រទះ​ឃើញ​នៅ​បណ្ដា​ទីក្រុង​នានា​ទូទាំង​​ប្រទេស​វៀតណាម ​ផង​ដែរ​៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍