ក្រុង​អ៊ីស្លាម៉ាបាដ៖ មន្ដ្រី​ប៉ូលិស​មួយ​ក្រុម​ក្នុង​ប្រទេស​ប៉ាគីស្ថាន មាន​ការ​ខឹង​សម្បា​យ៉ាង​ខ្លាំង​ ពេល​ហាង​លក់​អាហារខ្ចប់​មួយ​បដិសេធ​មិន​ផ្ដល់​ប៊ឺហ្គ័រ​ឥត​គិត​ថ្លៃ​ ដោយ​បាន​ឃុំ​ខ្លួន​បុគ្គលិក​ទាំងអស់ ១៩ ​នាក់​។

បុគ្គលិក​នៅ​ហាង​សម្ព័ន្ធ Johnny & Jugnu នៅភាគ​ខាង​កើត​ទីក្រុង​ឡាហ័រ ត្រូវ​បាន​ឃាត់​ខ្លួន​ និង​បង្ឃាំង ៧ ​ម៉ោង ​ពេញ​មួយ​រាត្រី​កាល​យប់​ថ្ងៃ​សៅរ៍ ដែល​ធ្វើ​ឱ្យ​គ្មាន​អ្នក​ចម្អិន​ម្ហូប និង​ភ្ញៀវ​ស្រែក​ឃ្លាន​។

សម្ព័ន្ធ​អាហារ​សម្រន់​ទាន់​ចិត្ដ​ បាន​ឱ្យដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​ចុះ​ផ្សាយ​តាម​បណ្ដាញ​សង្គម​ថា​៖ «​នេះ​មិន​មែនជា​លើក​ដំបូង​ ដែល​មាន​ហេតុ​ការណ៍​បែប​នេះ​កើត​ឡើង​ចំពោះ​ក្រុម​ការងារ​នៅ​ភោជនីយដ្ឋាន​របស់​យើង​ តែ​យើង​គ្រាន់តែ​ធ្វើ​ឱ្យ​ប្រាកដថា វា​ជា​លើក​ចុង​ក្រោយ​បំផុត​ហើយ​»។

សម្រែក​ឡូឡា​បានចាប់​ផ្ដើម​ នៅពេល​បុគ្គលិក​នៅ​ភោជនីយដ្ឋាន​បដិសេធ​តាម​សំណើ​របស់​ភ្ញៀវ​ពិសេស​ស័ក្ដិ​ធំ​ម្នាក់​។ បុគ្គលិក​ភោជនីយដ្ឋាន​ បាន​ប្រាប់ AFP ថា បុគ្គលិក​ត្រូវបាន​ចាប់​​ខ្លួន​ភាគ​ច្រើន គឺជា​យុវជន​ក្មេងៗ រួមទាំង និស្សិត​សាកលវិទ្យាល័យ​ផង​ដែរ។

បុគ្គលិក​នៅ​ហាង​សម្ព័ន្ធ Johnny & Jugnu នៅភាគ​ខាង​កើត​ទីក្រុង​ឡាហ័រ ត្រូវ​បាន​ឃាត់​ខ្លួន​។

ក្រោយ​មាន​កំហឹង​ចំណោម​អ្នក​គាំទ្រ មន្ដ្រី​ប៉ូលិស ៩ នាក់​ ដែលពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​នេះ ត្រូវបាន​បញ្ឈរ​ជើង​កាល​ពី​ម្សិលមិញ។ នេះ បើ​យោង​តាម​មន្ដ្រី​ប៉ូលិស​ជាន់​ខ្ពស់​ខេត្ដ អ៊ីណាម ហ្គានី បាន​ឱ្យ​ដឹង​នៅ​លើ Twitter។

ហ្គានី បាន​និយាយថា​៖ «​គ្មាន​នរណា​ម្នាក់​ត្រូវបាន​អនុញ្ញាត​អង្គុយ​លើ​ច្បាប់​ឡើយ​»។

ក្រុម​មន្ដ្រី​ប៉ូលិស​ប៉ាគីស្ថាន​រមែង​មាន​រឿង​អាសោច​ចំពោះ​ទង្វើ​ពុក​រលួយ ហើយ​ជំនាញ​កោស​រូស​ចាប់​ផ្ដើម​កើត​ឡើង​ពី​មុខ​ជំនួញ​ក្នុង​ស្រុក។

នាយករដ្ឋ​មន្ដ្រី​ប៉ាគីស្ថាន អ៊ីមរ៉ាម ខាន់ បាន​អំពាវនាវ​ឱ្យ​មាន​ការ​កែ​ទម្រង់​កង​កម្លាំង​ប៉ូលិស​ពុនចាប ដោយ​បាន​និយាយ​ថា កង​កម្លាំង​ពិសេស​ត្រូវបាន​តែងតាំង​ដោយ​អ្នក​នយោបាយ​ដើម្បី​គ្រប់​គ្រង​ស្ថានីយ​ប៉ូលិស​នីមួយៗ៕ AFP/HR

​​​

រូបតំណាង៖ អតិថិជន​នៅ​ហាង​អាហារ​ទាន់ចិត្ត​មួយ នៅប្រទេសប៉ាគីស្ថាន។ AFP