ក្រុង​បាងកក៖ អស់ពី​មឹក​ហោរា​ឈ្មោះ ប៉ូល តែ​ល្បី​ទស្សន៍ទាយ​​លទ្ធ​ផល​នៃ​ការ​ប្រកួត​ FIFA World Cup កាលពី​ជាង ១០ ឆ្នាំមុន ប្រទេស​ថៃ​​ មាន​សត្វ​​ដែល​គេ​ជឿថា​អាច​ទាយត្រូវ​លទ្ធផល​បាល់​យ៉ាង​ឆុត ៤ ​ប្រកួត​ ហើយ​សម្រាប់​រដូវកាល​ ​​Euro 2020 ស្នង​សត្វ​មឹក​​ប៉ូល ដែល​បាន​ស្លាប់​នៅ​អាល្លឺម៉ង់​កាលពីឆ្នាំ ២០១០។

សត្វ​ជា​ហោរាទាយ​បាល់​មានឈ្មោះថា «ប៊យ» ជា​តោ​ពណ៌​ស អាយុ​៥ឆ្នាំ ដែល​រស់នៅ​សួនសត្វ​ភាគ​ឦសាន​ប្រទេស​ថៃ។ សត្វ​តោ​មួយ​ក្បាល​នេះ​បាន​ទស្សន៍ទាយលទ្ធផល​បាល់​​ដោយ​តោង​​ត្របាក់ដុំសាច់ ដែល​គេ​ព្យួរ​​ក្បែរ​ទង់​ជ័យ​ក្រុម​ប្រកួតរួច​ចង​នឹង​​ខ្សែ​លួស​​ក្នុង​​បរិវេណ​សួនសត្វ។

ការ​ទស្សន៍ទាយ​របស់​តោ​ថៃ ធ្វើ​ឱ្យ​គេ​នឹក​ដល់​មឹក​ប៉ូល នៅ​អាង​ចិញ្ចឹម​សត្វ​ទឹកប្រៃ​ប្រទេស​​អាល្លឺម៉ង់ ដោយ​វា​​ធ្លាប់​ព្យាករណ៍​​លទ្ធផល​ឆុត​រហូត​ដល់ទៅ ៨​ប្រកួត​​​​ក្នុង​ព្រឹត្តិការណ៍​វើលខាប់​ឆ្នាំ ២០១០។

តោ​ពណ៌ស​ឈ្មោះ «ប៊យ» នៅ​សួនសត្វ​ Kaen Zoo ភាគឦសាន្ត​ប្រទេសថៃ ល្បី​ទស្សន៍តាយ​លទ្ធផល​បាត់ទាត់​​ត្រូវ​ផ្ទួនៗ។ AFP

តោ​ស​នេះ​បាន​ទទួលជោគជ័យ​ ៤​ ដង​ ហើយ​ពី​ការ​ទស្សន៍ទាយ​លទ្ធផល​កន្លង​មក​គឺ៖ បារាំង​ឈ្នះ​អាល្លឺម៉ង់​ ១-០ កាល​​ពីថ្ងៃ​​ទី ១៦ អង់គ្លេសស៊ី​ក្រូអាស៊ី ១-០ កាលពី​ថ្ងៃទី ១៣ និង​ហូឡង់​​ស៊ី​​អ៊ុយក្រែន ៣-២ ថ្ងៃទី ១៤ និង​ក្រុម​ព័រទុយហ្គាល់​​ដឹកនាំ​ដោយ គ្រីស្ទីណូ រ៉ូណាល់ដូ ផ្ដួល​ហុងគ្រី​ ៣-០ កាលពីថ្ងៃទី ១៥ ខែ​មិថុនា ​កន្លង​ទៅ​នេះ។

ការ​ទស្សន៍ទាយ​ដែល​ធ្វើ​ឱ្យ​ហោរាជើង ៤ តោ​ស​នៅថៃ​​អាប់មុខ​នោះ​គឺ ការប្រកួតស្មើ​​រវាង​អេស្ប៉ាញ និងស៊ុយអែត ដែល​​ពុំ​​មាន​​គ្រាប់​បាល់​​ចូល​​ទី។

Obkaew Janpatun មន្ត្រី​នៅ​សួនសត្វ​ Kaen Zoo បាន​ប្រាប់ទីភ្នាក់ងារ AFP ថា៖ «តោ​យើង​កន្លងមក​​ក៏​ធ្លាប់ធ្វើការ​ទស្សន៍ទាយ​លទ្ធផល​ English Premier League ប៉ុន្តែ​លទ្ធផល​មិនត្រូវ​​​​​ទេ»។

មន្ត្រី​សួនសត្វ​រូប​នេះ​បញ្ជាក់ទៀត​ថា៖ «ទើបតែ​មួយរយៈ​ចុង​ក្រោយ​នេះ​ទេ តោ ប៊យ ចាប់​ផ្ដើម​ទាយ​ត្រូវៗ​តែ​ម្ដង»៕ AFP/HR

តោ​ពណ៌ស​ឈ្មោះ «ប៊យ» កំពុង​ជ្រើសរើស​សាច់​ព្យួរ​នៅ​ក្បែរ​​ទង់ជ័យ​វែល និង​សាច់​​ជាប់​​​ទង់ជ័យ​អ៊ីតាលី។ AFP