ក្រុង​ឌូបៃ៖ ទីក្រុង​ឌូបៃ​នៃ​ដែនដី​អារ៉ាប​រួម ទទួល​បាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្លាំង​ជា​ពិភព​ ផ្តល់​ការ​កម្សាន្ត​បែប​ប្រណីត​ដល់​សេដ្ឋី​សម្បូរ​ប្រាក់ ​ដែល​ហ៊ាន​ចំណាយធំ​​លើ​ការ​សប្បាយ​លើ​នាវា​​​ឯកជន ចំពេល​មានការ​រីករាល​ដាល​នៃ​ជំងឺ​កូវីដ Covid-19។

ជនជាតិ​អារ៉ាប៊ីសាអូឌីតវ័យ ៣៦ឆ្នាំ អ្នកនាង​ Nada Naeem ដែល​រស់នៅ​ទីក្រុង​ឌូបៃ​បាន​និយាយ​ថា៖ «នាវា​កម្សាន្ត​កាន់​តែ​តែ​ផ្ដល់​ភាព​ឯកជន ខណៈយើង​នៅ​តែ​ជាមួយ​គ្រួសារ និង​មិត្តភក្តិ​តែ​ប៉ុណ្ណោះ ហើយ​វា​ជា​ការ​ដើរ​លេង​ដ៏​ប្រសើរ​ និង​សុវត្ថិភាព​​បំផុត​ក្នុង​ពេល​មាន​ជំងឺ​រាត​ត្បាត»។

នាវាកម្សាន្ត​ឯកជន​រាប់​សិប​គ្រឿង​ត្រូវ​បាន​គេ​មើល​ឃើញ​សំចត​ជារៀងរាល់​ថ្ងៃ​នៅ​ផ្លូវ​ទឹក​ត​ភ្ជាប់​ទៅ​កាន់​ឆ្នេរ​សមុទ្រ និង​បណ្ដា​កោះ​នានា ខណៈ​រាប់​សិប​គ្រឿង​ទៀត​បណ្ដែត​ខ្លួន​លើផ្ទៃ​ទឹក​ខៀវ​ស្រងាត់​ចាំង​ឆ្លុះ​អគារ​កញ្ចក់​ដ៏​ស្កឹមស្កៃ​លូត​ខ្ពស់ៗ​កប់​ពពក​​។

ជា​អ្នកដំណើរ​ហ៊ាន​ជះ​ប្រាក់​កម្សាន្ត​លើ​​នាវា​ប្រណីត​​មួយ​រូប អ្នកនាង​ Naeem បាននិយាយថា​​៖ «​បាន​ដើរ​លេង​បែប​នេះ ដូច​ជា​មាន​អារម្មណ៍​ថា យើង​អាច​ដក​ដង្ហើម​បានខ្លះ»។

បន្ទប់ទទួលភ្ញៀវនៃនាវា​​កម្សាន្តឯកជន​មួយ​គ្រឿង នៅ​ក្នុង​ពិព័រណ៍​នៅ​ក្រុង​ឌូបៃកាល​ពី​ឆ្នាំ ២០១៨។ AFP

ជា​អ្នក​មាន​ជីវភាពធូរធាមួយ​រូប​​ដែរ អ្នកនាង​ Naeem ​បានបន្ថែមថា នាង​​មិន​​បាន​ចាក​​ចេញ​ពី​ទីក្រុង​ឌូបៃ​ទាល់​តែ​សោះ ចាប់​តាំង​ពី​មាន​​​​ការ​រីករាលនៃ​វីរុស​កូរ៉ូណា​តាំង​ពី​ឆ្នាំមុន។

បទ​ពិសោធ​កម្សាន្ត​លើ​នាវា​ឯកជន​នេះ ត្រូវ​បាន​នាង​ចាត់ទុក​ថា៖ «វា​ដូចជា​យើង​បាន​ធ្វើ​ដំណើរ​​ទៅ​ក្រៅ​ប្រទេស​អ៊ីចឹង​​ដែរ​»។

ជា​ទិសដៅ​ដែល​គ្រោង​នឹងបើក​ទ្វារ​​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ជា​ថ្មី​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ ជីវិតពលរដ្ឋ​​រស់នៅ​​តំបន់​​​​ឈូង​សមុទ្រ​អារ៉ាប់​រួម​អេមីរ៉ាត បាន​វិល​ត្រឡប់​ស្ទើរ​តែ​ដូច​សភាព​ធម្មតា ដោយ​ភោជនីយដ្ឋាន សណ្ឋាគារ​ និង​ឆ្នេរសមុទ្រ​បាន​បើកស្វាគមន៍​សាធារណជន​វិញ​។

សម្រាប់​អ្នក​ដែល​មាន​​លទ្ធភាព​​ចាយ​វាយ​​ថ្លៃ​ជួល​ទូក​ប្រណីត​នេះ ពួកគេ​យល់ថា វា​ជា​ការ​ចំណាយ​ដ៏​មាន​សុវត្ថិភាព​។

បន្ថែមពី​លើ​ថ្លៃ​នាវា​កម្សាន្ត ភ្ញៀវ​ទេសចរ​ហោប៉ៅ​​ធ្ងន់​ក៏​អាច​ចំណាយ​លើ​ការ​ជិះស្គីទឹក និង​ម៉ូតូទឹក​ដ៏រំជើបរំជួល​។

លោក Mohammed al-Sayyed អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​នាវា​កម្សាន្ត​ Royal Star Yachts បាន​ឱ្យដឹង​ថា៖ «នៅ​ពេល​ដែល​អាជ្ញាធរ​បន្ធូរបន្ថយវិធានការ​រឹត​បន្តឹង ប្រជាជន​ចូល​ចិត្ត​ធ្វើ​អ្វី ដែល​​មាន​​សុវត្ថិភាព​សម្រាប់​ក្រុមគ្រួសារ​ពួកគេ»។

ក្រុមហ៊ុន​​មាន​បណ្ដុំ​នាវា​ប្រណីតៗ ដែល​​រួម​បញ្ចូល​ទូក​ទេសចរណ៍ប្រវែង​ ៤២​ម៉ែត្រ អាច​ផ្ទុក​អ្នក​ដំណើរ​បាន ៨០ នាក់​ពេញ​ ប្រសិនបើ​ពួកគេ​​មាន​លទ្ធភាព​ចំណាយ​ ៤​៩០០​ដុល្លារ សម្រាប់​ដំណើរ​កម្សាន្ត​ត្រឹម​រយៈ​ពេល ៣ម៉ោង។

លោក Sayyed ដែល​មានបទ​ពិសោធ​នៅ​ក្នុង​ឧស្សាហកម្ម​នាវា​កម្សាន្តជាង​៨​ឆ្នាំ បាន​និយាយ​ថា៖ ប្រជាជន​ចង់​ធ្វើ​ដំណើរ​លើ​នាវា​ឯកជន។​ ពោល​គឺ​ពួកគេ​ចង់​សម្រាកលម្ហែកាយ»។

ជម្រើស​នាវា​ដែល​មាន​តម្លៃ​ថោក​ជាង​នេះ គឺ​ប្រភេទ​​ដឹក​ភ្ញៀវ​បាន ៦៥​ ​នាក់ ជាមួយ​តម្លៃ ១ ២២៥ ​ដុល្លារ​សម្រាប់​រយៈ​ពេល ៣ ម៉ោង។

សម្រាប់​អ្នក​ដែល​មាន​​លទ្ធភាព​​ចាយ​វាយ​​ថ្លៃ​ជួល​ទូក​ប្រណីត​នេះ ពួកគេ​យល់ថា វា​ជា​ការ​ចំណាយ​ដ៏​មាន​សុវត្ថិភាព​។ AFP

យ៉ាងណាមិញ ការ​ចំណាយ​មិន​បញ្ឈប់ត្រឹមហ្នឹងទេ។ ការ​ចេញ​ទៅ​ក្រៅ​ឯ​នាយ​សាគរ ភ្ញៀវ​ទាំង​អស់​ចាំ​បាច់​ត្រូវ​ត្រៀម​លុយ​ក្រាស់​​លើ​ម្ហូប​អាហារ ឬភេសជ្ជៈឱ្យ​សក្ដិសម​នឹង​ទីតាំង​កម្សាន្ត​ដ៏ប្រណីត​។

បន្ថែមពី​លើ​ថ្លៃ​នាវា​កម្សាន្ត ភ្ញៀវ​ទេសចរ​ហោប៉ៅ​​ធ្ងន់​ក៏​អាច​ចំណាយ​លើ​ការ​ជិះស្គីទឹក និង​ម៉ូតូទឹក​ដ៏រំជើបរំជួល​។

ជា​ភ្ញៀវ​ម្នាក់​លើនាវា ជនជាតិ​ប៉ាឡេស្ទីន Jeelan Herz ដែល​បានរស់​នៅ​ក្នុង​ប្រទេស​អារ៉ាប់រួម​ជាង ៣០ឆ្នាំ​បាន​និយាយ​ថា៖ ការ​ធ្វើ​ដំណើរ​លើ​ទូក​គឺ​សាមញ្ញ​ និង​សុវត្ថិភាព។ វា​ហាក់បី​ដូចជា​យើង​នៅ​ខាង​ក្រៅ​ ហើយ​ខណ្ឌ​ចែក​ឆ្ងាយ​ពី​មនុស្សប្លែក​មុខ។ ពោល​គឺ​អ្នក​រួម​ទូក​ជាមួយ​យើង​សុទ្ធសឹង​តែ​មនុស្ស​យើង​ទុក​ចិត្ត ជា​មិត្តភ័ក្ដិ​ជិត​ដិត និង​ក្រុមគ្រួសារ​សាច់ញាតិ​យើង​តែប៉ុណ្ណោះ»។

អ្នកទេសចរ​រូបនេះ​បាន​បន្ត​ថា៖ «នាវា​ឯកជន​ក៏​ជា​អ្វី​ដែល​យើង​អាច​រីករាយ​ជាមួយ​កូនៗ​ដោយ​សុវត្ថិភាព ជាមួយ​ទេសភាព​កណ្ដាល​សមុទ្រ ចូលរួម​លេង​កីឡា​លើ​ទឹក និងងូត​ទឹកដ៏​ខៀវ​ថ្លា​ មិន​ខ្វល់​ពីវត្តមាន​នរណា​ឡើយ»​៕ AFP/HR

ទីក្រុងឌូបៃសម្បូរ​​​នាវា​កម្សាន្ត​ប្រណីត​សម្រាប់​អ្នក​ហ៊ាន​ជះប្រាក់​​​សប្បាយ​បែប​ឯកជន។ AFP