ក្រុង​ស៊ាងហៃ៖ សត្វ​ជ្រូក​​ ១​ ក្បាល​ដែល​បាន​ក្លាយ​ជា​និមិត្តរូប​ដ៏​មិន​នឹក​ស្មាន​ដល់ នៅ​ប្រទេស​ចិន​បន្ទាប់​ពី​វា​អាយុ​ថ្លៃ អាច​រស់​រាន​មាន​ជីវិត ៣៦ ថ្ងៃ ក្រោម​គំនរ​បាក់បែក​ពី​ការ​រញ្ជួយ​ដី​ដ៏​ខ្លាំងក្លា​មួយ​កាល​ពី​ឆ្នាំ ២០០៨ ទីបំផុត​បាន​ស្លាប់​នៅ​អាយុ ១៤ ឆ្នាំ។

ការ​ស្លាប់​របស់​ជ្រូក​អាយុ​ថ្លៃ​កាលពី​សប្ដាហ៍​មុន​បាន​បង្ក​ឱ្យ​ពលរដ្ឋ​ចិន​មួយ​ចំនួន​មាន​ អារម្មណ៍​រំជួល​ចិត្ត​ជា​ខ្លាំង។

«ហ្សូជៀនចៀង» ឬ​ «ជ្រូក​ដ៏​រឹងមាំ» គឺ​ជា​ឈ្មោះ​ដែល​មហាជន​ដាក់​ឱ្យ​សត្វ​ជ្រូក​អាយុ​ថ្លៃ​​មួយ​នេះ ក្រោយ​ពី​ភាព​ល្បី​ខ្ទរខ្ទារ​ ដោយសារ​តែ​វា​អាច​បន្ត​ដង្ហើម​ក្រោម​គំនរ​បាក់បែក​ជាង ​១ ខែ ​ពី​គ្រោះ​រញ្ជួយ​ដី​កម្រិត ៧,៩ រិកទ័រ​ នៅ​ខេត្ត​ស៊ីឈួន ភាគនិរតី​ប្រទេស​កាល​ពី​ថ្ងៃទី ១២ ខែ​ ឧសភា ​ឆ្នាំ ២០០៨។

បាតុភូត​រញ្ជួយ​ដី​គ្រា​នោះ​បាន​ធ្វើ​ឱ្យ​មនុស្សជិត ៩ ម៉ឺន​នាក់ បាន​ស្លាប់​បាត់​បង់​ជីវិត និង​បាត់ខ្លួន។

​ឈ្មោះ​ដែល​មហាជន​ដាក់​ឱ្យ​សត្វ​ជ្រូក​អាយុ​ថ្លៃ​​ម១​ក្បាល​នេះគឺ «ហ្សូជៀនចៀង» ឬ​«ជ្រូក​ដ៏​រឹងមាំ»។ AFP

យ៉ាងណាមិញ រឿងរ៉ាវ​អព្ភូតហេតុ​របស់​សត្វ​ជ្រូក ដែល​ពឹង​ផ្អែក​លើ​ថង់​ធ្យូង និង​ទឹក​ភ្លៀង​ត្រូវ​បាន​ស្ងើច​សរសើរ​វា​ថា​ជា​និមិត្តរូប​នៃ​ឆន្ទៈ​តស៊ូ​ក្នុង​ការ​រស់រាន​មាន​ជីវិត។

រំឭក​ពី​ហេតុការណ៍​គ្រា​នោះ សាក្សី​បាន​និយាយ​ថា​ជ្រូក "ហ្សូជៀនចៀង" បាន​ស្រក​ទម្ងន់​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​វា​ត្រូវ​បាន​ទាញ​ចេញ​ពី​គំនរ​ថ្ម​បាក់បែក រហូត​វា​មាន​ទ្រង់ទ្រា”​ស្គម​ស្ទើរ​តែ​ដូច​សត្វ​ពពែ​ទៅហើយ។

សារមន្ទីរ​ក្នុង​តំបន់​មួយ​នៅ​ជិត​ទីក្រុង​ឆេងឌូ បាន​ទិញ​ជ្រូក​ដ៏​ល្បីល្បាញ​១​ក្បាល​នេះ​ក្នុងតម្លៃ ៣ ០០៨ យ័ន (ប្រមាណ ​៤៥០ ដុល្លារ) និង​ទុក​វា​ជា​សត្វ​និមិត្តរូប​ ទាក់ទាញ​ភ្ញៀវ​ទេសចរ រហូត​ដល់​វា​អស់​ជីវិត​តាម​ធម្មជាតិ។

សារមន្ទីរ​ក្នុង​តំបន់​មួយ​នៅ​ជិត​ទីក្រុង​ឆេងឌូ បាន​ទិញ​ជ្រូក​ដ៏​ល្បីល្បាញ​១​ក្បាល​នេះ​ក្នុងតម្លៃ​៤៥០ ដុល្លារ ដើម្បី​ទាក់ទាញ​ទេសចរ។

សារមន្ទីរ​បាន​និយាយ​នៅ​លើ​បណ្តាញ​សង្គម Weibo របស់​ខ្លួន​ ថា៖ «ក្រោយ​គ្រោះ​មហន្តរាយ សត្វ​ជ្រូក​នេះ​បាន​រស់រាន​រហូត​ដល់​ចាស់​ទ្រុឌទ្រោម​អស់​អាយុ​សង្ខា​កាលពី​យប់​ថ្ងៃពុធ (សប្ដាហ៍​មុន)»។

យោង​តាម​កាសែត The Global Times ដោយ​ដក​ស្រង់​សម្ដី​អ្នក​ជំនាញ​បង្កាត់​ពូជ​ជ្រូក បើ​ធៀប​នឹង​អាយុ​របស់​មនុស្ស​វិញ ជ្រូក​នោះ​មាន​អាយុ​រស់រាន​បាន​ដល់​ ១០០ ឆ្នាំ​ ហើយ​មុន​នឹង​វា​ផុត​ដង្ហើម។

ការបង្ហោះ​វីដេអូ​ពី​ជ្រូក​ក្លាហាន​នេះ​ក្នុង​បណ្ដាញ​សង្គម​ចិន Weibo ក្រោម​ចំណង​ជើង​ថា «ជ្រូក​ដ៏​រឹងមាំ​បាន​ស្លាប់​ហើយ» បាន​ទាក់ទាញ​ការ​ចូល​មើល​ជិត ៣០០ លាន​នាក់ នៅ​នៅ​រយៈ​ពេល​២៤ម៉ោង​ក្រោយការ​ស្លាប់របស់វា ដោយ​មហាជន​បាន​ចាត់ ទុក​វា​ថា​ជា «ជ្រូកដ៏ល្បីបំផុតនៅក្នុងប្រវត្តិសាស្ត្រ»៕ AFP/HR

មនុស្សម្នា​ចោមរោម​មើល​ជ្រូក «ហ្សូជៀនចៀង» ឬ​«ជ្រូក​ដ៏​រឹងមាំ» ដែល​នៅ​ក្រោម​គំនរ​ថ្ម​ជាង ១ខែ​តែ​មិនស្លាប់។