ភ្នំពេញ៖ បន្ទាប់​​ពី​ស្ងាត់ស្ងៀម​មួយ​ស្របក់​នៅ​លើ​វិថី​សិល្បៈ ​នាគ្រា​​ស្រុក​ទេស​កំពុង​តែ​ជួប​វិបត្តិ​កូវីដ ​១៩ នោះ ស្រាប់​តែ​គូស្នេហ៍​ជា​តារា​ចម្រៀង​ដូចគ្នា និង​មាន​វ័យ​ស្មើគ្នា កញ្ញា ទេព បូព្រឹក្ស និង​​លោក ងួន ចាន់​​ដេវីត ហៅ ជី​ ដេវីត បង្កើត​ការ​​​ភ្ញាក់​ផ្អើល​ជា​ថ្មី​ ជាមួយ​​​​ដំណឹង​កំពុង​តែ​មាន​​បុត្រ​​លើក​​ដំបូង ដើម្បី​​រឹត​បន្តឹង​ចំណង​​​ស្នេហ៍​ពួក​គេ​​​​ប្រមាណ​ជាង​ ៤ ​ឆ្នាំ​មក​នេះ​។

នេះ​​​បើ​តាម​ការ​បង្ហោះ​រូបភាព​​ផ្អែមល្ហែម និង​សារ​ជា​​ភាសា​អង់គ្លេស​យ៉ាង​ខ្លី ​មាន​ន័យ​​ជ្រៅ​សម្រាប់​គូ​ស្នេហ៍​​​មួយ​គូ​នេះ​ពី​តារា​ចម្រៀង​ប្រុស​លោក ជី​ ដេវីត​ ដែល​ប្រែ​​សម្រួល​ជា​ភាសា​ខ្មែរ​​​​ថា​៖ «​​ខ្ញុំ និង​កូន​របស់​ខ្ញុំ!»។​

ក្រោយ​​​ពី​​បង្ហោះ​រូបភាព និង​សារ​​នោះ​មក​ ក៏​​មាន​​ប្រិយមិត្ត​ជា​​អ្នក​គាំទ្រ​ និង​​មិត្ត​អ្នក​សិល្បៈ​ បាន​​សម្តែង​ការ​ត្រេក​​​​អរ និង​បង្ហាញ​ភាព​ភ្ញាក់​ផ្អើល​​មួយ​រំពេច​ ដោយសារ​មាន​អ្នក​​ខ្លះ​សរសេរ​​ថា៖ «​សូម​អបអរ​សាទរ!» និង​អ្នក​ខ្លះ​ទៀត​ថា៖ «​Mommy Cute Daddy Handsome​»។ តែ​​​ក៏​មាន​អ្នក​តាមដាន​​ខ្លះ​មិន​ជឿ​ទុក​​ចិត្ត​ទៅ​​​នឹង​ដំណឹង​​​នោះផង​​ដែរ ដោយ​ពួក​គេ​គិត​ថា នេះ​គឺ​គ្រាន់​​តែ​​ជា​ដំណឹង​ប្លែក​បែប​​​​ទាក់ទាញ​ចំណាប់​​អារម្មណ៍​មហាជន​ប៉ុណ្ណោះ។ អ៊ីចឹង​ហើយ បាន​ជា​​ពួក​គេ​និយាយ​ថា៖ «Prank ទៀត​ហើយ​មែន?​ ហ៊ាន​តែ​ Prank យំ​ហើយ! ​លែង​ចង់​ជឿ​ហើយ​​បើ Prank រហូត»​។​​

ការ​ពិត ឬ​យ៉ាងណា​ ភ្នំពេញ ​ប៉ុស្តិ៍ ​ក៏​មិន​អាច​ទទួល​បាន​ការ​​បក​ស្រាយ​ពី​សំណាក់​តារា​ចម្រៀង​ទាំង​ពីរ​​​បាន​នោះ​​ឡើយ ដោយសារ​​ប្រព័ន្ធ​ទូរស័ព្ទ​របស់​អ្នក​ទាំង​ ២​ ដែល​ធ្លាប់​ទូរស័ព្ទ​ចូល​​កាល​ពី​មុន នា​ពេល​​នេះ ​មិន​អាច​​ទាក់ទង​បាន។​

កន្លង​មក​ប្រមាណ​​ ២ ឆ្នាំ​ ចុង​​ក្រោយ​នេះ គូស្នេហ៍​ជា​តារា​​ដែល​​ធ្វើ​ឱ្យ​​អ្នក​គាំទ្រ អន្ទះសា​ចង់​​ឃើញ​​​ក្រាប​​ផ្ទឹម​ចូល​​​រោងជ័យ​របស់​កញ្ញា ទេព បូព្រឹក្ស និង​លោក ជី ដេវីត​ រង​​​មន្ទិល​សង្ស័យ​​នូវ​កាល​បរិច្ឆេទ​ចូល​រោង​ជ័យ ក្រោយ​​ពី​ក្លាយ​ជា​គូដណ្តឹង​​​នឹង​គ្នា​នោះ​។​​

ភ្ជាប់​ជាមួយ​រូបថត​កៀក​កើយ​ផ្អែមល្ហែម​ជា​ច្រើន​សន្លឹក មាន​ទាំង​កាយ​​វិការ​ឱប​ថើប​ប៉ះ​បបូរមាត់​ យ៉ាង​​ស្អិត​ នៅ​ទឹក​​ដី​ទេសចរណ៍​ធម្មជាតិ​​ខេត្ត​មណ្ឌលគិរី​ ងួន ចាន់ដេវីត បាន​ភ្ជាប់​នឹង​សំណេរ​​ឱ្យ​ជា​តម្រុយ​​​ថា៖ «ផ្ញើ​សេចក្ដី​នឹក​រឭក និង​សេចក្ដី​ស្រឡាញ់​នៅ​មណ្ឌលគិរី សាង​នូវ​អនុស្សាវរីយ៍​នាមុន​​ពេល​ឃ្លាត​​ពី​ពាក្យ​សង្សារ»៕​