ក្រុង​ស៊ាងហៃ៖ ព្រះកេសរលោងស្រោច​ដោយ​​ញើស​ ព្រះតេជគុណ ​ហ្ស៊ី​ ស៊ា​ង​ (Zhi Xiang) សំឡឹង​មើលទៅ​សត្វ​ឆ្កែ​​ដែល​ទទឹក​រោមជោគដោយសារ​​ភ្លៀងបង្អុរ​ខ្លាំង​​​ ហើយបាន​មានសង្ឃដីកា​យ៉ាង​ទន់ភ្លន់​ទៅ​កាន់​សត្វ​​ជើង​បួន​នោះ​ថា៖ «អត្មា​​សុំ​កាត់​រោម​ឯង​ហើយណា»។

សត្វ​ឆ្កែស្រមូវ​ ១ ​ក្បាល​នេះ ​ស្ថិត​នៅក្នុង​ចំណោម​សត្វ​ឆ្កែ​អនាថា​ជាច្រើន​ក្បាល ​​ដែល​ត្រូវ​បាន​ប៉ូលិស​ប្រមូល​​ពី​គ្រប់​​ច្រកល្ហក​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​សៀង​ហៃ ​និង​ដាក់​ក្នុង​ទ្រុង​ដែក​ទុក​ចោល​នៅតំបន់​ជះ​​​ក្លិនស្អុយ។

កូន​ឆ្កែ​ជាង ២០ ក្បាល ​បាន​​មក​ដល់ដៃ​​​ព្រះតេជគុណ ​ហ្ស៊ី ដោយ​លោក​នឹង​ជួយ​អន្តរាគមន៍​មើលថែ មុន​នឹង​បញ្ជូនទៅទីកន្លែង​ដ៏​ប្រសើរ ស្វែង​រក​ម្ចាស់​ថ្មី​ឱ្យ​សត្វ​អនាថា ឬ​បន្ត​រក្សា​ទុក​នៅ​វត្ត​អារាម​របស់​លោក។

ព្រះសង្ឃ​ពុទ្ធសាសនា​អង្គ​នេះ​បាន​ព្យាយាម​​​ផ្តល់ឱ្យ​សត្វ​ឆ្កែ​ទាំងនេះ​នូវ​ជីវិត​ថ្មី​ ដោយ​លោក​​បាន​​សង្គ្រោះ ចិញ្ចឹម​ ​និង​ថែទាំ​សត្វ​​ ៨ ០០០​ ក្បាល​រួចហើយ។

ឆ្កែ​ប្រមាណ ២០០-៣០០ ​ក្បាល បាន​វាសនា​ហោះ​ទៅ​នៅ​ជាមួយ​ម្ចាស់​ថ្មី​ឯ​ទឹកដីអឺរ៉ុប និង​អាមេរិក​ខាង​ជើងឯណោះ។

ក្រៅពី​សត្វ​ឆ្កែ ព្រះតេជគុណ​ក៏​មានសង្គ្រោះ​ឆ្មា​ប្រមាណ ២០០​ក្បាលផងដែរ។ AFP

ព្រះតេជគុណវ័យ ​៥១ វស្សា​​ដែល​លះបង់ស្បង់ចីវរ​​ព្រះសង្ឃមួយគ្រា រួច​គ្រង​​ឈុត​​​​កម្មករ​ពណ៌​ទឹកក្រូច​​ពេល​ធ្វើ​ការ​ថែទាំ​ ផ្ដល់ចំណី​សត្វ​តាមទម្លាប់​នោះ ​បាន​មានសង្ឃដីកា​ថា៖ «អត្មា​ត្រូវតែ​ជួយសង្គ្រោះ​ពួកវា ពីព្រោះ​ប្រសិនបើ​អត្មា​​មិន​ធ្វើ​ដូច្នោះ​ទេ ​ពួកវា​មុខ​ជា​នឹង​ស្លាប់​​មិនខាន»។

ជំនឿ​ និង​ឧប្បនិស្ស័យ​របស់​ព្រះតេជគុណ ​ហ្ស៊ី​ បាន​ធ្វើ​ឱ្យ​ព្រះអង្គ​​​ជួយសង្គ្រោះ​សត្វ​អនាថា ដែល​ភាគ​ច្រើន​​ជាស​ត្វ​ឆ្កែ។

តែ​ក្នុង​ចំណោម​នោះ ក៏​មាន​សត្វ​ឆ្មា និង​សត្វ​​ចិញ្ចឹម​ផ្សេង​ទៀត​ដែរ​​ចាប់តាំងពី​លោក​ចាប់​ផ្ដើម​កិច្ចការ​នេះ​នៅ​ក្នុង​ឆ្នាំ ១៩៩៤ ដោយ​គ្រា​នោះ​ព្រះតេជគុណ​​​ចាប់ផ្តើម​ព្យាបាល​សត្វ​ឆ្មា​​ត្រូវ​ឡាន​បុក​លើ​ផ្លូវ។

ព្រះតេជគុណមានសង្ឃដីកាថា៖ «ពេល​អត្មា​ចាប់​ផ្ដើម​​កិច្ចការ​សង្គ្រោះសត្វ​ដំបូង ​នៅពេលនោះ​មាន​សត្វ​ដែល​​វង្វេង​បាត់​តិចតួច​ ត្រូវ​បាន​អត្មា​យក​មក​ថែទាំ ​ប៉ុន្តែ​ពេល​នេះ​ចំនួន​មានការ​ផ្លាស់ប្តូរ​គួរឱ្យកត់សម្គាល់​ក្នុង​​រយៈពេល ៤ ឬ ៥ ឆ្នាំ​ចុងក្រោយ»។

ព្រះតេជគុណ ហ្ស៊ី នាំ​យកឆ្កែ​ទៅ​អាកាសយានដ្ឋាន ប្រគល់ជូន​ម្ចាស់ថ្មី។ AFP

ពលរដ្ឋ​ចិន​ដែល​មាន​កំណើន​ទ្រព្យ​សម្បត្តិ​ច្រើន​សន្ធឹក ហើយ​​ទីផ្សារ​សត្វ​ចិញ្ចឹម​ក៏​រីក​លូតលាស់​ខ្លាំង ប៉ុន្តែ​មនុស្ស​មួយចំនួន​បោះបង់ចោល​សម្លាញ់ជើង ៤​ នៅពេលដែល​ពួកគេ​​នឿយណាយ​​មិន​ចង់​មើលថែទាំ​ពួកវា​ទៀត។

ព្រះតេជគុណ ហ្ស៊ី មានសង្ឃដីកា​ថា៖ «នេះ​មិនមែន​បណ្តាលមកពី​មនុស្ស​ដែល​មិន​ចូលចិត្ត​សត្វ​​ឆ្កែនោះ​ទេ​ ប៉ុន្តែ​ដោយ​ការ​ស្រឡាញ់​របស់ពួកគេ​​ពុំ​មានភ្ជាប់​នូវ​​ចំណេះដឹង​ថែរក្សា​សត្វ​ឱ្យបាន​ត្រឹមត្រូវ»។

ការ​បង្កាត់​ពូជ​ក្នុងចំណោមសត្វ​អនាថា​​ក៏ធ្វើ​ឱ្យ​ចំនួន​សត្វ​គ្មាន​ម្ចាស់​កើន​ឡើង​ខ្លាំង​ផង​ដែរ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​និយាយ​នៅក្នុង​ឆ្នាំ ២០១៩ ថា​មាន​សត្វ​អនាថា​បាត់​ចំនួន ៥០​ លានក្បាល ​​នៅ​ក្នុង​ប្រទេស​​ចិន​ ដោយ​ចំនួន​នេះ​គឺ​កើនឡើង​ទ្វេដង​ជា​រៀងរាល់ឆ្នាំ។

សត្វ​ឆ្កែ​ និង​ជំនឿ​ព្រះពុទ្ធសាសនា

ដោយមាន​ជំនួយ​ពី​អ្នកស្ម័គ្រចិត្ត​ និង​កម្លាំង​ពលកម្ម​តិចតួច ព្រះតេជគុណ ​ហ្ស៊ី​ បានរក្សា​​ទុក​ឆ្កែ​រាប់រយ​ក្បាល​នៅឯ​អារាម ​បាវ​អេ​ន ដោយ​នៅ​បរិវេណ​ខាង​មុខ​មាន​វត្តមាន​ព្រះសង្ឃ​ពុទ្ធសាសនា និង​បដិមា​ព្រះ​ពណ៌​មាស​ឆ្អិនឆ្អៅ​ក្រោមបរិយាកាស​ស្ងប់ស្ងាត់ រីឯ​នៅ​បរិវេណ​ខាង​ក្រោយ​ពោរពេញ​ដោយទ្រុង​សត្វ​ចិញ្ចឹម​ដ៏លាន់​ឮ​យ៉ាង​ទ្រហឹង។

ព្រះតេជគុណវ័យ​ ៥១ វស្សា ​​ផ្លាស់ប្ដូរ​ស្បង់ចីវរ​​ព្រះសង្ឃមួយគ្រា រួច​គ្រង​​ឈុត​​​​កម្មករ​ពណ៌​ទឹកក្រូច​​ពេល​ធ្វើ​ការ​ថែទាំ​ ផ្ដល់ចំណី​សត្វ​​។ AFP

អារាម​​ដែល​នៅតែ​ជា​កន្លែង​សក្ការៈបូជា​ក៏មាន​បន្ទប់​មួយ​ដែល​ផ្ទុក​ទៅដោយ​សត្វ​ឆ្មា​ចំនួន ២០០ ​ក្បាល​ សត្វ​មាន់​ ក្ងាន ​និង​ក្ងោកផងដែរ។

ខ្យល់​អាកាស​នៅបរិវេណ​ក្រោយអារាម​​គឺជា​ការ​លាយ​បញ្ចូល​គ្នា​រវាង​ក្លិន​សត្វ​ និង​ផ្សែង​អុជ។​

ព្រះតេជគុណ ហ្ស៊ី ​ភាគច្រើន​រក្សា​ទុក​សត្វ​ឆ្កែ​មានជំងឺ​ដើម្បី​មើលថែ​ពួកវា ខណៈ​ឆ្កែ​ដែល​មានសុខភាព​ធម្មតា​ត្រូវ​​បាន​បញ្ជូនទៅ​រស់នៅទីកន្លែង​ធំទូលាយ​ផ្សេងទៀត និង​ឆ្កែ​ខ្លះ​មាន​សំណាង​បាន​រកឃើញ​ផ្ទះ​ថ្មី​និង​ម្ចាស់​ថ្មី។

ជាអកុសល​ឆ្កែ​ប្រមាណ​​ ៣០​ ភាគរយ​​ដែល​ព្រះតេជគុណ​បាន​សង្គ្រោះ ពុំអាច​មានជីវិត​នៅ​រស់ ដោយសារ​តែ​​​ជំងឺ​ធ្ងន់ធ្ងរ។​

ការកើនឡើង​ឥតឈប់ឈរ​នៃ​ចំនួន​សត្វ​ត្រូវបានសង្គ្រោះ បាន​ក្លាយជា​សម្ពាធ​​​ហិរញ្ញវត្ថុ​ដ៏ធ្ងន់សម្រាប់ ព្រះតេជគុណ ហ្ស៊ី។

ព្រះតេជគុណ ហ្ស៊ី នៅអារាម​ឯក្រុងស៊ាងហៃ ជាទី​ដែល​មាន​បរិវេណ​ទុក​សត្វ​ដែល​ត្រូវបាន​សង្គ្រោះ។ AFP

ព្រះសង្ឃ​ដែល​ក្រោកពីសិង​​ម៉ោង ៤​ ទៀបភ្លឺ​ជារៀង​រាល់ថ្ងៃ អង្គនេះបាន​ខ្ចី​ប្រាក់​ពី​ឪពុកម្តាយ​និង​ព្រះសង្ឃ​ដទៃ​ទៀត បន្ថែម​ពី​លើ​មូលនិធិ​ជំនួយ​សប្បុរសធម៌។

ព្រះតេជគុណ ហ្ស៊ី​ បាន​​ប៉ាន់ប្រមាណ​ថា​ ការចំណាយ​ប្រចាំឆ្នាំ​គឺ​ប្រហែល ១២​លាន​យ័ន (២ លាន​ដុល្លារ) ដោយ​លោក​​ត្រូវការ​ចំណី​ឆ្កែ​ប្រមាណ​ ៦០​តោនជារៀង​​រាល់​ខែ។

ព្រះតេជគុណមានសង្ឃដីកាថា៖ «​បញ្ហា​គឺ​អត្មា​មិនអាច​ខ្ចីប្រាក់​ទៀត​ទេ​ឥឡូវនេះ»។

​លាទាំង​​ទឹកភ្នែក

ចាប់តាំងពី​ឆ្នាំ ២០១៩ ព្រះតេជគុណ ហ្ស៊ី​ បាន​បញ្ជូន​សត្វ​ឆ្កែ​​អនាថា​មួយចំនួនឱ្យ​​ទៅម្ចាស់​ថ្មី​នៅ​​បរទេស។

ព្រះតេជគុណវ័យ​៥១ វស្សា​​ផ្លាស់ប្ដូរ​ស្បង់ចីវរ​​ព្រះសង្ឃមួយគ្រា រួច​គ្រង​​ឈុត​​​​កម្មករ​ពណ៌​ទឹកក្រូច​​ពេល​ធ្វើ​ការ​ថែទាំ​ ផ្ដល់ចំណី​សត្វ​។ AFP

ក្រុម​អ្នកស្ម័គ្រចិត្ត​ ដែល​អាច​និយាយ​ភាសា​អង់គ្លេស​បាន​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ដើម្បី​ទទួលបាន​ការ​ចាប់អារម្មណ៍​ពី​សំណាក់​អន្តរជាតិ​។

មក​ទល់ពេលនេះ​​​មាន​ឆ្កែ​ប្រមាណ ៣០០​ ក្បាល ​ត្រូវបាន​ម្ចាស់ថ្មី​នៅ​​សហរដ្ឋអាមេរិក កាណាដា​ និង​បណ្តា​​ប្រទេស​អឺរ៉ុប​​ជាច្រើន​រួមទាំង​ប្រទេស​អាល្លឺម៉ង់​ ទទួល​ពួក​វា​យកទៅ​ចិញ្ចឹម​ថែទាំ។

ព្រះតេជគុណ ហ្ស៊ី មានការ​នឹកនា​ដល់​ឆ្កែ​មាន​​សំណាង​ទាំងនោះ ដែលពួកវា​ចាប់​ផ្ដើម​​ពី​ជីវិត​វេទនា​ស្ទើរ​ងាប់​នៅ​លើ​ដង​ផ្លូវ រហូត​ដល់​ថ្ងៃ​ពួកវា​​ឡើង​យន្តហោះ ធ្វើ​ឱ្យ​លោក​ស្រក់ទឹកភ្នែក។

លោក​បាន​និយាយថា៖ «អត្មា​គិតថា​ពួកគេ​សប្បាយរីករាយ​ណាស់​ ដូច្នេះ​អត្មា​មាន​អារម្មណ៍​ថា​ វា​ពិតជា​មាន​តម្លៃ​​ណាស់ ហើយ​​​ជាការ​ពិត​ណាស់ អត្មា​ពិត​ជា​​នឹក​ពួកវា​​ណាស់»។

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​​សប្ដាហ៍​កន្លង​ទៅនេះ ព្រះតេជគុណ ហ្ស៊ី បាន​ស្ថិតនៅ​ឯអាកាស​យានដ្ឋាន​អន្តរជាតិ​ក្រុង​សៀង​ហៃ​ ដើម្បី​នាំ​យក​​​ឆ្កែ​មួយ​ក្បាល​ជូន​​អ្នកដំណើរ​ ដែល​បាន​ស្ម័គ្រចិត្ត​យក​វា​ទៅផ្ទះ​ថ្មី​នៅ​ទីក្រុង​សៀថល សហរដ្ឋអាមេរិក។

គ្រង​​សម្លៀក​បំពាក់​​​សង្ឃ ព្រះតេជគុណ ​ហ្ស៊ី​ បាន​កាន់​ឆ្កែ​តូច​មួយ រហូត​ដល់​នាទី​ចុងក្រោយ​ដែល​ត្រូវ​ប្រគល់​ទៅ​ម្ចាស់ថ្មី នៅ​អាកាសយានដ្ឋាន ជាមួយ​នឹង​ពាក្យ​ដ៏​ស្រណោះស្រណោកថា «លា​ហើយ​!» ។

ជូត​ទឹកភ្នែក​នៅពេល​ស្ត្រី​នាំ​ឆ្កែ​នោះ​ទៅ​កាន់​ច្រក​​អ្នកដំណើរ ព្រះតេជគុណ​​មានសង្ឃដីកា​ថា៖ «អត្មា​មាន​ក្តី​សុ​បិ​ន្ត​ថា ​នៅ​ថ្ងៃ​ណាមួយ​ពេល​អត្មា​មាន​ពេលទំនេរ​ អត្មា​ចង់ទៅ​បរទេស​ ទៅ​លេង​ពួកវា ហើយ​​​ថតរូប​ជាមួយ​សត្វ​ឆ្កែ​ទាំងអស់​ដែល​អត្មា​បាន​ជួយសង្គ្រោះ។ ដូច្នេះ​នៅពេល​អត្មា​ចាស់​ហើយ​មិនអាច​ដើរ​បាន ​អត្មា​មាន​រូបថត​ទាំងនោះ​​ទុក​គ្រាន់​មើល​ជាអនុស្សាវរីយ៍​​»៕ AFP/HR