ក្រុងឡុងដ៍៖​ ​រដ្ឋាភិបាល​អង់គ្លេស​បាន​ថ្លែង​​កាលពី​ថ្ងៃអាទិត្យ​ថា​ នៅ​ខែ​កក្កដា​​ ខាង​មុខ​នេះ ​​នឹង​មានការ​​អនុញ្ញាត​ឱ្យរៀប​​ពិធីមង្គលការ​មិនមែន​ជំនឿសាសនា នៅ​បរិវេណបើក​ចំហរ ​ក្នុង​ប្រទេស​អង់គ្លេស​ និង​វែ​ល​ជា​លើកដំបូង​ ក្រោយពី​វិស័យ​មួយ​នេះ​​​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​វិបត្តិ​កូវីដ​សកល។

រហូតមកដល់​ពេលនេះ​អង់គ្លេស ​និង​វែ​ល​បានអនុញ្ញាត ​ឱ្យតែ​ពិធីមង្គលការ​របស់​ ជ្វី​ហ្វ​ និង​ឃ្វី​ក នៅ​បរិវេណ​ក្រៅ​អគារ​ប៉ុណ្ណោះ ​ខណៈដែលពលរដ្ឋ​ទៀត​ត្រូវ​រៀបការ​នៅក្នុង​បន្ទប់​ ឬ​រចនាសម្ព័ន្ធ​អចិន្ត្រៃយ៍។ រីឯ​ប្រទេស​​ស្កុ​ត​ឡេ​ន​អនុញ្ញាត​ឱ្យមាន​ពិធីមង្គលការ​នៅ​ខាងក្រៅទីវាល​។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​លោក Robert Buckland បាន​ប្រាប់​ទូរទស្សន៍ Sky News ថា​ កំណែទម្រង់​នេះ​បាន​ផ្តល់នូវ៖ «ភាពបត់បែន​កាន់តែច្រើន សម្រាប់​ពិធីមង្គលការ​ដើម្បីឱ្យ​មាន​ភ្ញៀវ​អាច​មានចំនួន​ច្រើន​​ តាមរបៀប​ប្រកប​ដោយ​សុវត្ថិភាព»។

ក្រសួងយុត្តិធម៌​បាន​លើក​ឡើង​ថា​ យោងតាម​ច្បាប់​ថ្មី​ចាប់ពី​ថ្ងៃទី ១ ខែកក្កដា​ ប្រជាជន​នៅ​ប្រទេស​អង់គ្លេស ​និង​វែល​​នឹង​អាចធ្វើ​​ពិធីមង្គលការ​​​មិនមែន​​សាសនា​ និង​ពិធី​អបអរ​ភាព​ជា​ដៃគូ​​នៅ​​ខាងក្រៅ​ ឬ​ក្រោម​អគារ​មានដំបូល​ផ្នែក​ខ្លះ​ នៅតាម​កន្លែង​ដែល​បានអនុម័ត​ដូចជា​សណ្ឋាគារ។

សេចក្ដីសម្រេច​​នេះ​គឺមាន​លក្ខណៈ​បណ្តោះអាសន្ន​ ដែល​នឹង​ដំណើរការ​ដល់​ខែមេសា​ឆ្នាំក្រោយ​ ទោះបី​រដ្ឋាភិបាល​បាន​ឱ្យដឹង​ថា ​នឹងមានការ​​ពិគ្រោះ​យោបល់​ថា​ការ​អនុវត្ត​នេះ​នឹង​មាន​​​លក្ខណៈ​ជា​អចិន្ត្រៃយ៍​ ឬ​យ៉ាងណា។

រូបតំណាង៖ ការ​រៀបពិធីមង្គលការ​នៅ​ទីធ្លារ​ឥត​ដំបូល ឬ​មាន​ដំបូល​គ្រប​បរិវេណ​ខ្លះ ត្រូវបាន​អនុញ្ញាត​នៅអង់គ្លេស។ AFP

ការ​​អនុញ្ញាត​​នេះគឺ​ដើម្បី​ជំរុញ​ដល់​វិស័យ​អាពាហ៍ពិពាហ៍ ដែល​អនុញ្ញាតឱ្យ​គ្រប់​ទិដ្ឋភាព​នៃ​ពិធីមង្គលការ​នឹង​ប្រព្រឹត្តទៅ​នៅ​ខាងក្រៅអគារ​​ជា​លើកដំបូង។

រដ្ឋាភិបាល​បាន​និយាយថា ​ការផ្លាស់ប្តូរ​ច្បាប់​នេះ​ផ្តល់នូវ​ភាពបត់បែន​កាន់តែច្រើន «ជាពិសេស​ក្នុងពេល​មាន​ជំងឺ​រាតត្បាត»។

អ្នកប្រកប​របរ​រកស៊ី​វិស័យ​រៀបចំ​ពិធីមង្គលការ​ និង​ម្ចាស់​ទីតាំង​បាន​ត្អូញត្អែថា ​ការ​រឹតត្បិត​លើ​ការ​ប្រារព្ធ​ពិធី​ក្នុងអំឡុងពេល​មាន​រោគរាតត្បាត​បានធ្វើឱ្យ​អាជីវកម្ម​របស់​ពួកគេ​ដេក​ស្ដូកតែម្ដង។

អ្នករៀបចំ​គម្រោង​អាពាហ៍ពិពាហ៍​លោកស្រី Sarah Haywood អ្នកនាំពាក្យ​ក្រុម​យុទ្ធនាការ​អាពាហ៍ពិពាហ៍​អាពាហ៍ពិពាហ៍​ចក្រភព​អង់គ្លេស​បានសរសេរ​លើ​បណ្ដាញ​សង្គម​ធ្វីតធើរ​ថា៖ «ដំណឹង​ល្អ​ខ្លះ!»។

គួរ​រំឭក​ផង​ដែរថា លោក​នាយករដ្ឋមន្ត្រី Boris Johnson ​​បាន​រៀបការ​កាលពី​ខែឧសភា ​ដោយ​បាន​​លប់​ចោល​ចំនួន​ភ្ញៀវ​ចំនួន ៣០​ នាក់​ ហើយ​ភ្ញៀវ​​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​រាំ​នៅក្នុង​ពិធីមង្គលការ​នោះឡើយ៕ AFP/HR

លោក​នាយករដ្ឋមន្ត្រី Boris Johnson ​​បាន​រៀបការ​កាលពី​ខែឧសភា ​ដោយ​បាន​​លប់​ចោល​ចំនួន​ភ្ញៀវ​ចំនួន ៣០​នាក់​។ AFP