ក្រុង​វ៉ាសូវី៖ ចូល​ចត​នៅ​កំពង់ផែ​ទន្លេ​មួយ​នៅក្រុង​វ៉ាសូវី ​ជាប់​​​នឹង​ទីគំនរ​​​ធ្យូងថ្ម​ នាវា​រូបរាង​ប្លែក​ពីគេ​មួយគ្រឿង​​​ ត្រូវបាន​សាងសង់​ដោយ​​ក្រុម​មនុស្ស​​​គ្មាន​ផ្ទះសម្បែង និង​​កំពុង​រៀបចំ​សម្រាប់​ដំណើរ​កម្សាន្ត​ផ្សង​ព្រេង​​របស់​ខ្លួន។

នាវា​ចេញពី​ញើស​ឈាម​​ជនអនាថា​មួយ​គ្រឿង​នេះ ​មានឈ្មោះថា «Father Boguslaw» តាម​ឈ្មោះបុរស​ដែល​បាន​ផ្តួចផ្តើម​គម្រោង​​ធ្វើ​សមាហរណកម្ម​ប្រជាជន​អនាថា​គ្មាន​សម្បែង​ឱ្យ​ត្រឡប់​ទៅរស់នៅ​ក្នុង​សង្គម​​វិញ។

«ទីបំផុតនាវា​​នេះ​​រស់ហើយ​!» នេះ​ជា​សម្លេង​បន្លឺ​ឡើងដោយ​ប្រធាន​ក្រុម​របស់ខ្លួន​គឺ​លោក Waldemar Rzeznicki ដែល​បាន​ដឹកនាំ​គម្រោង​នេះ នៅពេលដែល​លោក​​​លើក​ទង់ជ័យ​​ដង​ប្រវែង ១៧,៨​ ម៉ែត្រ។

លោក​បាន​និយាយ​ថា៖ «​​នាវា​នីមួយៗមានព្រលឹងរៀងៗខ្លួន​ ទូក​នីមួយៗគឺ​ខុសគ្នា។ ទូក​មួយ​នេះ​ពិតជា​ប្លែក​ពី​គេ»។

នាវា​ត្រូវបាន​ដាក់ឈ្មោះ​តាម​បុព្វជិក​ដែល​​​​ផ្តួចផ្តើម​ជួយ​ឱ្យ​​ជនអនាថា​គ្មាន​សម្បែង​អាច​រស់នៅក្នុង​សង្គម។ AFP

ជា​សមាជិកម្នាក់​នៃ​គម្រោង​នេះ​ ​លោក Slawomir Michalski អាយុ ៦៤ ឆ្នាំ​ ដែល​គ្មាន​ផ្ទះសម្បែង​បាន​និយាយ​​ថា ​យើង​ទទួល​បាន​លទ្ធផល​គួរ​ឱ្យស្ញប់ស្ញែង បើទោះជាយើងគ្មាន​សម្ភារៈ និង​ឧបករណ៍​គ្រប់គ្រាន់​ក្នុងការ​ផលិត។

បុរស​ចំណាស់​រូបនេះ​​​បាន​និយាយថា៖ «យើង​មិនមាន​មធ្យោបាយ​បច្ចេកទេស ​អត់​មានជំនួយ​ពី​កប៉ាល់​ធំៗ ពីរថយន្ត​ស្ទូច​នោះទេ»។​

លោក​បាន​រៀបរាប់ថា៖ «យើង​មាន​ឧបករណ៍ DIY (ច្នៃ​ខ្លួនឯង​ប្រើដោយដៃ) សាមញ្ញៗ ដូចជារណារ ​ពន្លាក ញញួរ​ដែក​ ឧករណ៍កាត់​ដែ និង​សន្លឹក​ក្ដារ​ធម្មតាៗ»។។

សម្ភារៈ​ជាច្រើន ​ដូចជា​ឈើ​សម្រាប់​ដងក្ដោង ​ដែក​សន្លឹក​ ឬ​សំណ​​ ត្រូវបាន​បរិច្ចាគ យក​មក​ប្រើផ្សែផ្សាំ​នឹង​​ម៉ូ​ទ័​រ​ម៉ា​ស៊ូ​ត​ចេញ​មកពី​ទូក​នេសាទ​ចាស់​ត្រូវបាន​កែ​ច្នៃ​ប្រើប្រាស់ឡើងវិញ។

ទិដ្ឋភាព​ពីលើ​អាកាស​បង្ហាញនាវា​ដ៏​ប្លែក​ដែល​សាងសង់​ដោយ​ក្រុម​ជនពនេចរ​គ្មាន​ផ្ទះសម្បែង។ AFP

លោក​ Boguslaw Paleczny ដែល​បានចាប់ផ្តើម​ជា​វិស្វករ​កងទ័ពជើងទឹក​មុនពេល​ក្លាយជា​បុព្វជិក​សាសនា​ បាន​ស្លាប់​ក្នុង​ឆ្នាំ ២០០៩ ដោយ​មិន​បាន​​រស់នៅ​ ដើម្បី​មើល​គម្រោង​នេះ​ចប់​ចុង​ចប់ដើម​ដោយផ្ទាល់ភ្នែកនោះទេ។

មនុស្ស​សរុប​ប្រមាណ ៣០០ នាក់​ ឥត​​ផ្ទះ​សម្បែង​នៅក្រុង​វ៉ាសូវី បាន​​ស្ម័គ្រចិត្ត​​​ចូលរួម​ក្នុងការ​សាងសង់​នេះ។ អ្នកខ្លះ​ធ្វើការ​តែ ១​ ថ្ងៃ​ ឬ ២ ​ថ្ងៃ​ រីឯ​ខ្លះទៀតចូលរួមជា​​ច្រើន​សប្តាហ៍​ ឬ​ក៏​ច្រើន​ឆ្នាំ។

លោក ​Michalski បាន​និយាយទាំងមោទនភាពថា៖ «យើង​បានបញ្ចប់​សក្ខីកម្ម​រប​ស់​គាត់​ហើយ»។

ផ្លាស់​ប្តូរជីវិត​ខ្ញុំ

នៅមាន​ការងារ​ត្រូវធ្វើ​ទៀត​មុន​ពេល ដែល​ទូក​ចាប់ផ្តើម​ធ្វើដំណើរ​តាម​​បណ្តោយ​ទន្លេ Vistula ទៅកាន់​​កំពង់ផែ Gdansk តាម​​​ផែនការចម្ងាយ​ ៤១៨ គីឡូម៉ែត្រ។

នាវា Father Boguslaw នៅ​កំពង់ផែ​ក្រុង​វ៉ាសូវី កាលពីថ្ងៃទី​នៅ​ថ្ងៃទី ១២ ខែមិថុនា​ឆ្នាំ ២០២១។ AFP

ទូក​ត្រូវការ​ប្រព័ន្ធ​នាវាចរណ៍​អគ្គិសនី​ និង​ឧបករណ៍​សុវត្ថិភាព។ ប៉ុន្តែ​សម្រាប់​លោក​ Marek Metrak ​ជា​មនុស្ស​អនាថា​ម្នាក់​ ដែល​ចូលរួម​ក្នុង​គម្រោង​តាំងពី​ដំបូង​បាន​ បន្លឺ​ប្រាប់ថា ​​គោលបំណងរបស់លោក​​បានសម្រេចហើយ។

លោក​បាន​និយាយថា៖ «គម្រោង​បាន​ផ្លាស់​ប្តូរជីវិត​របស់ខ្ញុំ​ ១៨០ ដឺ​ក្រេ»។

បុរស​អាយុ ៧៤ ឆ្នាំ​រូបនេះ​បាន​និយាយថា៖ «ខ្ញុំ​បានទទួល​ជីវិត​ថ្មី​មួយ។ ដូចជា​ទូក​ដែល​បានអណ្ដែត​លើ​​​ទឹក​ហើយ​អាច​​បើក​​បាន។ ​ខ្ញុំ​ក៏​ក្លាយជា​មនុស្ស​ឯករាជ្យមួយ​រូប»។

អតីត​ជនអនាថា​រូបនេះ​​​បាន​និយាយ​ដោយ​មោទនភាព​ដោយ​កាន់​កូនសោ​ផ្ទះ​របស់គាត់​ថា៖ «ទើបតែ ២ សប្តាហ៍​មុន​ ខ្ញុំ​បានទទួល​កូនសោ​ផ្ទះ​ថ្មី​របស់ខ្ញុំ​ពី​ក្រុមប្រឹក្សា។ ខ្ញុំ​កំពុង​សរសេរ​សៀវភៅ។ ខ្ញុំ​មិន​ផឹក​ឬ​ជក់បារី​ទៀត​ទេ។ ខ្ញុំ​មាន​អារម្មណ៍​ក្មេង​ជាង​វ័យ»៕ AFP/HR

នាវា​ Father Boguslaw សំចត​​​នៅ​កំពង់ផែ​ជាប់​កន្លែង​​ផ្ទុក​ធ្យូងថ្ម​ និង​គំនរ​សំរាម​។ AFP