ក្រុង​ចូ​ហាន់​ណេ​ស​ប៊ើក៖ ត្បូង​អាថ៌កំបាំង​​ដែល​បានធ្វើមនុស្ស​ម្នា​ប្រញាប់ប្រញាល់​លើកទ័ព​ទៅ​ជីក​កកាយ​នៅ​តំបន់ជើង​ភ្នំ​​​ឯខេត្ត KwaZulu-Natal ​​អាហ្វ្រិក​ខាងត្បូង​កាលពីសប្ដាហ៍​មុន ត្រូវបាន​រដ្ឋាភិបាល​​ ចេញសេចក្ដី​ប្រកាស​ថា​​ វាជា​រ៉ែ​ត្បូង​ក្វាត​តម្លៃ​ថោក​ប៉ុណ្ណោះ។

មនុស្ស​រាប់​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ភូមិ​ជាយក្រុង​ក្វាហ្លាដធី ចម្ងាយ​ជាង ៣០០ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​ចូហាន់ណេសប៊ើក បន្ទាប់ពី​លេច​ឮ​ដំណឹង​ពី​អ្នក​ឃ្វាល គោ​ម្នាក់ បាន​ប្រទះ​ឃើញ​ ដុំ​ថ្ម​ប៉ុន្មាន​ភ្លឺ​ដូច​ពេជ្រ។

ព័ត៌មាន​នៃ​ការ​រក​ឃើញ​នេះ​បាន​សាយភាយ​យ៉ាង​ឆាប់​រហ័ស​ បង្ក​ឱ្យ​មនុស្ស​ម្នា​ឯទៀត​មាន​ការ​ប្រញាប់ប្រញាល់​ទៅ​ទីនោះ​ផ្សង​សំណាង ទាំង​រដ្ឋាភិបាល​បាន​ចេញ​សេចក្ដី​ព្រមាន​ថា ដុំ​ថ្ម​ទាំង​នោះ​អាច​ជា​វត្ថុ​គ្មាន​តម្លៃ​ក៏​ដោយ។

ភាពចលាចល​នៃពលរដ្ឋ​ផ្អើល​មក​ជីក​កំណប់នេះ​ ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាល​បញ្ជូន​អ្នកជំនាញ​ភូគព្ភសាស្ត្រ​ និង​អ្នកជំនាញ​ខាង​រ៉ែ​ មក​វិភាគ​ស្វែងរកការពិត។

កាលពីសប្ដាហ៍មុន ប្រជាជន​នាំ​គ្នាលើកទ័ពទៅជីក​រក​ត្បូង​ ដោយរំពឹងថា​វា​ជា​ពេជ្រ​មានតម្លៃ។ AFP

លទ្ធផលជាក់ស្ដែង​​បាន​កម្ទេច​ក្ដី​សុ​បិន​ពលរដ្ឋ​ក្រីក្រ​​ខំងើប​មក​ជីក​កកាយ​ដោយក្ដីរំពឹង​ថា វា​នឹង​អាច​កែប្រែជីវភាព​ពួកគេ​បាន។

សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​ក្នុង​តំបន់​បាន​និយាយថា៖ «ការវិភាគ​បានបង្ហាញ​យ៉ាងច្បាស់​ថា​ថ្ម​ដែល​​បាន​រកឃើញ​នៅ​តំបន់​នោះ​មិនមែនជា​ពេជ្រ​នោះទេ»។

តាមពិត​អ្វីដែល​ត្រូវបាន​រកឃើញ​គឺជា​ត្បូង​ក្វាត​ ដែល​មាន​តម្លៃ​ទាប​ខ្លាំង បើ​ប្រៀបនឹងពេជ្រ។

របាយការណ៍​បាន​និយាយថា​ កន្លែង​នោះ​មាន​ចម្ងាយ​ជាង ៣០០ គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង​ចូ​ហាន​ណេ​ស​បឺ​ក​ ជាទីតាំង​ក្បែរ​​ប​ន្ទុះ​ភ្នំភ្លើង​ ហើយ​វា​មិនមែន​ស្ថិតនៅក្នុង​តំបន់កកើត​ពេជ្រ​នោះទេ។

ទន្ទឹមនឹង​នេះដែរ​រដ្ឋា​ភិ​បាល​បាន​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឱ្យ​ប្រជាជនមក​ផ្សង​វាសនា​ជីក​រក​ត្បូង ​​ចាកចេញ​ពី​តំបន់​នេះ​ដោយ​លើកឡើង​ពី​ហានិភ័យ​នៃ​ជំងឺឆ្លង ​និង​ការ​រេចរឹល​នៃ​​បរិស្ថាន៕ AFP

ការ​វិភាគ​បានរកឃើញថា ត្បូង​ដែល​ប្រជាជន​សម្រុកទៅជីក គឺ​ជា​ត្បូងក្វាត ពុំ​សូវ​មាន​តម្លៃ​នោះទេ។ AFP