ភ្នំពេញ៖ នាពេល​ថ្មីៗ​នេះ បង្កើត​ភាព​ភ្ញាក់​ផ្អើល​ខ្លាំង​ពេញ​បណ្តាញ​សង្គម ​ដោយ​ឃើញ​តារា​ចម្រៀង​ប្រុស​កំលោះ​មាន​​រូ​​បសង្ហា មុខ​កាត់​កូន​ចៅ​ចិន លោក អេឡិច ច័ន្ទត្រា​​ បង្ហោះ​រូប​ភាព​សិ្នទ្ធស្នាល​នឹង​ស្រី​ស្អាត​ម្នាក់​ក្នុងឈុត​ប៊ីគីនី នៅ​អាង​ហែល​ទឹក​។

បណ្តុំ​រូប​ភាព​ក្នុង​​ឈុត​ពណ៌ស​ រវាង​តារា​ចម្រៀង​​ប្រុស​​​អង្គុយ​លើ​កៅ​អី​ក្បែរ​អាង​ហែល​ទឹក​ ខណៈ​​នារី​រូប​ស្រស់​ស្លៀកឈុត​ប៊ីគីនី​អង្គុយ​លើ​ស្មា​ តារា​ប្រុស​រូប​សង្ហា​​លោក អេឡិច ច័ន្ទត្រា​ បង្ហើរ​សារ​យ៉ាង​ខ្លី​​​ថា៖ «Birthday Girl!​ Neth Chariya!»។​

ក្រោយ​ពី​បង្ហោះ​រូប​ទាំង​នោះ​​មក ក៏​ធ្វើ​ឱ្យ​​ភ្ញាក់​ផ្អើល​មហាជន​ជា​អ្នក​គាំទ្រ​តាម​បណ្តាញ​សង្គម ដោយ​បាន​លើក​ឡើង​ថា៖ «អ៊ីយ៉ា!​តារា​ចម្រៀង​ប្រុស​ អេឡិច ច័ន្ទត្រា​ កំពុង​តែ​មាន​ចេតនា​ចង់​បង្ហាញ​មុខ​ម្ចាស់​​ស្នេហ៍​ខ្លួន​​ទេ​ដឹង?»។​

តារាចម្រៀង និង​សម្ដែង​លោក អេឡិច ច័ន្ទត្រា ជាមួយ​អតីត​ពិធីការិនី និង​តារាសម្ដែង​ នេត សុចរិយា។ ហ្វេសប៊ុក

តា​រា​​​ប្រុសឆ្នើម​​ផ្នែក​​​​មនោសញ្ចេតនា​​ លោក ​អេឡិច ច័ន្ទត្រា​ អតីត​​ជា​ម្ចាស់​ពាន Apsara Award ឆ្នាំ​២០១៣ ដែល​មាន​ទ្រព្យ​ស្តុក​បាន​រៀប​ចំ​​ធ្វើ​ពិធី​ឡើង​ផ្ទះ​វីឡា​កូន​កាត់​ថ្មី​សន្លាង ហៅ​សុទ្ធ​តែ​ក្រុម​អ្នក​សិល្បៈ​​ចម្រុះ​ចូល​រួមយ៉ាង​ច្រើន​កុះករអញ្ជើញ​ភ្ញៀវ​ចូល​រួម​​ ៥០ តុ ​​កាល​​ពី​​ឆ្នាំ​ ២០១៨ ទិញ​ក្នុង​តម្លៃ​ជិត​​​កន្លះ​​លានដុល្លារ ដែល​មាន​ទី​តាំង​​ស្ថិត​​​នៅ​​បុរី​ប៉េង​ហួត​បឹង​​ស្នោ​រ​ ​ក្នុង​ខណ្ឌច្បារអំពៅ ក៏​បាន​បញ្ជាក់​ពី​រូប​​ភាព​ទាំង​នោះ​ដែរ​។​​​

តារា​​ចម្រៀង​ប្រុស អតីត​​ដៃ​គូ​ចម្រៀង​ស័ក្តិសម​ឥត​ខ្ចោះ ​របស់​តារាចម្រៀង​សិចស៊ី ឆ័យ​លី ដាឡែន លោក អេឡិច ច័ន្ទត្រា បំភ្លឺ​ថា៖ «អូ!​តាមពិត​ទៅ​រូប​នោះ ខ្ញុំ​ថត​ជា​មួយ​មិត្ត​ភក្តិ​សិល្បៈ​​ ដែល​​ជា​អតីត​​​​​ពិធី​ការិនី​ទូរ​ទស្សន៍​​​ឈ្មោះ នេត សុចរិយា ហើយ​គាត់​ជា​មិត្ត​ភ័ក្តិស្និទ្ធស្នាលខ្ញុំ​យូរ​មក​ហើយ នៅ​ថ្ងៃ​ខួប​កំណើតរបស់​​គាត់​។ គាត់​​​​ទើប​តែ​ផ្អាក​ការ​ងារ​សិល្បៈ​នារយៈពេល​ប្រមាណ​បួន​ប្រាំ​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយសារ​គាត់​ងាក​មក​ធ្វើ​ជំនួញ​​រក​​ស៊ីវិញ​​»​។

តារាចម្រៀង និង​សម្ដែង​លោក អេឡិច ច័ន្ទត្រា នៅ​តែ​អាចរក្សារាង និង​សម្រស់​មិន​ចាញ់​តារា​ប្រុសជំនាន់ក្រោយ។ ហ្វេសប៊ុក

តារាចម្រៀង​​លោក អេឡិច ច័ន្ទត្រា ក៏​​បន្ត​ឲ្យ​ដឹង​​ទៀត​​ថា៖ «យើង​គ្រាន់​​តែ​មិត្ត​ភក្តិ​ស្និទ្ធស្នាល​ ដែល​បាន​រាប់​អាន​​​គ្នា​តាំង​ពី​យូរ​មកតែ​ប៉ុណ្ណោះ មិន​មាន​អ្វី​លើសនេះ​ទេ!»។​

គួរ​រំឮក​ដែរ​ថា តារា​សម្ដែង និង​អតីត​ពិធី​ការិនី​ទូរទស្សន៍​ប៉ុស្តិ៍​លេខ៣ (TV3) ​ នេត សុចរិយា ធ្លាប់​លេច​​ឮ​នូវ​ព័ត៌មាន​ថា មាន​​ទំនាក់​ទំនង​ ជាមួយ​នឹងបុរស​ជា​​​ថៅកែ​ក្រុម​ហ៊ុន​ស្រា​នាំ​មក​ពីប្រទេស​​សិង្ហបុរី មាន​ឈ្មោះ ណេសិន ហ្គាន ដែលជា​​កូន​កាត់​​ ម៉ាឡេស៊ី អូស្ត្រាលី និង​សិង្ហបុរី កាល​ពី​ឆ្នាំ​២០១៥ ហើយ​ក៏​មាន​មុខ​ពី​អាជីព​សិល្បៈ​តាំង​ពីពេល​នោះ​មក​ដែរ​ដល់​បច្ចុប្បន្ន៕​

តារាចម្រៀង និង​សម្ដែង​លោក អេឡិច ច័ន្ទត្រា ថត​រូប​ជាមួយ​​តារាម៉ូដែល​ល្បីៗ​នៅកម្ពុជា។ ហ្វេសប៊ុក