The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កញ្ញាឯក​ចក្កវាឡ​កម្ពុជា​​ឆ្នាំ ២០២១ ផ្តើម​ទទួល​ពាក្យ​បេក្ខភាព​បណ្តើរៗ




កញ្ញាឯក​ចក្កវាឡ​កម្ពុជា​​ឆ្នាំ ២០២១ ផ្តើម​ទទួល​ពាក្យ​បេក្ខភាព​បណ្តើរៗ

Content image - Phnom Penh Post
កញ្ញា​ឯកចក្កវាឡកម្ពុជា រ៉េត សារីតា (រូប​គ្រង​មកុដ​) និង​បេក្ខនារី​ជាប់​លេខ​បន្ដ​បន្ទាប់​។ រូបថត សហ​ការី

កញ្ញាឯក​ចក្កវាឡ​កម្ពុជា​​ឆ្នាំ ២០២១ ផ្តើម​ទទួល​ពាក្យ​បេក្ខភាព​បណ្តើរៗ

ភ្នំពេញ៖ បើ​ទោះបី​ជា​​កម្មវិធី​ប្រកួត​​​កញ្ញាឯក​ចក្កវាឡ​ពិភព​លោក​ប្រចាំ​​ឆ្នាំ​ ២០២០ ទើប​តែ​បាន​លើក​ការ​​រៀបចំ​ការ​​ប្រកួត​​កាល​ពី​​ពាក់​​កណ្តាល​ខែ​មិថុនា មុន​នេះ​មែន​ក្តី តែ​ការ​ប្រកួត​កញ្ញាឯក​ចក្កវាឡ​ពិភព​លោក​ប្រចាំ​​ឆ្នាំ​ ២០២១​​ ក៏​ត្រូវ​បាន​គេ​ប្រកាស​កាល​បរិច្ឆេទ​ និង​ប្រទេស​ជា​ម្ចាស់​នៃ​ការ​រៀបចំ ដែល​​ប្រារឰ​ឡើង​​នៅ​ខែធ្នូ ឆ្នាំ ​២០២១ នៅ​ទីក្រុង​អេឡាត ប្រទេស​អ៊ីស្រាអែល។

ដោយ​ឡែក ​​កម្ពុជា​ក៏​ជា​ប្រទេស​សមាជិក​មួយ​ដែល​មាន​វត្តមាន​​វិល​ចូលរួម​​​វិញ​តាំង​ពី​ឆ្នាំ​​ ២០១៧​ មក​នោះ ​​ក៏​កំពុង​ត្រៀម​ការ​រៀបចំ និង​ចាប់​ផ្តើម​ទទួល​ពាក្យ​របស់​បេក្ខនារី​​ ដើម្បី​ចូល​​ប្រកួត​ជ្រើសរើស​រក​ម្ចាស់​មកុដ​កម្មវិធី​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ប្រចាំ​ឆ្នាំ​ ២០២១ ជា​បណ្តើរៗ​ហើយ​​។

បើ​យោង​តាម​សេចក្តី​បង្ហើប​ដំណឹង​ពី​គេហទំព័រ​ផ្លូវ​ការ​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​បាន​ឱ្យ​ដឹង​ថា៖ «មាគ៌ា​ឆ្ពោះ​ទៅ​​រក​ការ​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​​ប្រចាំ​ឆ្នាំ​ ២០២១​។ តើ​អ្នក​ណា​​នឹង​ក្លាយជា​រាជិនី​សម្រស់ និង​គ្រង​មកុដ​​កញ្ញា​ឯក​ចក្កវាឡ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២១?​​ ដាក់​ពាក្យ​ប្រកួត​ដោយ​ផ្ទាល់​​នៅ​ការិយាល័យ​ CIM នៅ​ Olympia Mall ជាន់​ទី៣!»។

បើ​​តាម​ការ​បង្ហើប​​​​ពី​លោក ម៉ែន និមលរ័តន៍ ដែល​ជា​សមាជិក​នៃ​ក្រុម​អ្នក​រៀបចំ​ការ​ប្រកួត Miss Universe Cambodia បាន​បញ្ជាក់​ដូច្នេះ​ថា៖ «នាពេល​នេះ យើង​កំពុង​តែ​ត្រៀម​ខ្លួន​​រៀបចំ​ការ​ប្រកួត​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ប្រចាំ​ឆ្នាំ ២០២១​ ហើយ​ដែរ។ តែ​យើង​ពុំ​ទាន់​បាន​កំណត់​កាល​បរិច្ឆេទ​នៅ​ឡើយ​សម្រាប់​បេក្ខជន​ដាក់់​ពាក្យ​ចូលរួម​ប្រកួត​ ដោយសារ​កំពុង​តែ​រង់ចាំ​ម្ចាស់​ស្ពន់ស័រ​សិន។ ​យ៉ាងណា​មិញ​ការ​ទទួល​ពាក្យ​​ គឺ​យើង​បាន​ប្រកាស​ទទួល​តាម​គេហទំព័រ​ CIM ជា​បណ្តើរៗ​​​ដោយ​មក​ដល់​ពេល​នេះ​ ឃើញ​​មាន​ចំនួន​​អ្នក​ដាក់​ពាក្យ​​​ប្រមាណ​ ៩-១០ នាក់​រួច​ហើយ​»។

Content image - Phnom Penh Post
​កញ្ញាឯកចក្កវាឡកម្ពុជាទាំង ៣ ពីឆ្នាំ​២០១៨ ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​​​។ រូបថត សហ​ការី

លោក ម៉ែន និមលរ័តន៍ ក៏​បន្ត​ឱ្យ​ដឹង​ពី​លក្ខខណ្ឌ​នៃ​ការ​​ជ្រើសរើស​បេក្ខនារី​ចូល​រួម​ប្រកួត​ដូចទៅ​នឹង​ឆ្នាំ​កន្លង​មក​ដែរ​ថា៖ «ចំពោះ​លក្ខខណ្ឌ​ចូលរួម​ប្រកួត​បេក្ខនារី ត្រូវ​មាន​អាយុ​ចាប់​ពី​ ១៨ ឆ្នាំ ​ដល់​វ័យ​ ២៨ ឆ្នាំ។ ឯ​កម្ពស់​វិញ​ គឺ​បេក្ខនារី​ត្រូវ​មាន​កម្ពស់​​គិត​ចាប់ពី​ ១,៦៥ ម៉ែត្រ​ឡើង​ទៅ ខណៈ​កម្រិត​វប្បធម៌​ត្រូវ​មាន​ការ​យល់​ដឹងផ្នែក​ចំណេះ​ដឹង​ទូទៅ​ ​វប្បធម៌ និង​ទេសចរណ៍​បាន​ល្អ​»។ ​

លោក​បន្ថែម​ថា៖ «បេក្ខនារី​ត្រូវ​មាន​ដើម​កំណើត​​សញ្ជាតិ​ខ្មែរ​ ឬ​ជា​កូន​កាត់​ខ្មែរ-បរទេស​ក៏​បាន តែ​ត្រូវ​កាន់​លិខិត​ឆ្លង​ដែន​ខ្មែរ​។ បេក្ខភាព​ត្រូវ​តែ​ជា​អ្នក​នៅ​លីវ ឬ​មិន​ធ្លាប់​រៀបការ ឬ​មិន​ធ្លាប់​សម្រាលបុត្រ​​ និង​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​នានា​ផ្នែក​វិស័យ​នេះ»។​

គួរ​រំឭក​ដែរ​ថា ប្រទេស​កម្ពុជា បាន​បញ្ជូន​បេក្ខនារី​ជា​តំណាង​សម្រស់​នៃ​​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ប្រចាំ​​ប្រទេស ​សម្រាប់​ការ​ចូលរួម​ប្រកួត​កញ្ញាឯក​ចក្កវាឡ​ពិភព​លោក​សាឡើង​វិញ​តាំង​​ពី​ឆ្នាំ​​ ២០១៧ មក​ ដែល​មាន​កញ្ញា​ ប៊ី សុធារី ជា​ម្ចាស់​មកុដ​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ឆ្នាំ​នោះ។

សម្រាប់​ឆ្នាំ​ ២០១៨ មាន​កញ្ញា រឿន ណាត ជា​ម្ចាស់​មកុដ​កញ្ញាឯក​ចក្កវាឡ​កម្ពុជា និង​ឆ្នាំ​ ២០១៩ ​​កញ្ញា សំណាង អេលីណា ជា​ម្ចាស់​មកុដ​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​។ ដោយ​ឡែក​សម្រាប់​ឆ្នាំ​ ២០២០ កញ្ញា រ៉េត សារីតា គឺ​ជា​ម្ចាស់​មកុដ​កញ្ញាឯក​ចក្កវាឡ​កម្ពុជា​ ដោយ​បាន​​ប្រកួត​កញ្ញាឯក​ចក្កវាឡ​ពិភព​លោក​ឆ្នាំ​ ២០២០ ​ជា​ការ​រៀបចំ​លើក​ទី​៦៩​ ធ្វើ​​នៅ​ឯ​​សណ្ឋាគារ និង​កាស៊ីណូ ហូលីវូដ Seminole Hard Rock រដ្ឋ​ហ្វ្លរីដា បាន​​បញ្ចប់​កាល​​​ពី​ខែ​ឧសភា ឆ្នាំ​ ២០២១ ដោយ​មាន​កញ្ញាឯក​ចូលរួម​ ៨០ ប្រទេស៕

អត្ថបទគួរចាប់អារម្មណ៍