The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​ហ្វារ ផលិត​វីដេអូ «សេរីភាព​ គឺ​ជា​ផ្កា​រីក​នៅ​រដូវ​ក្ដៅ» ​រំលេច​សិល្បៈ​សៀក តន្ដ្រី​សម័យ ប្រពៃណី និង​គំនូរ​ជីវចល




កម្ពុជា​ហ្វារ ផលិត​វីដេអូ «សេរីភាព​ គឺ​ជា​ផ្កា​រីក​នៅ​រដូវ​ក្ដៅ» ​រំលេច​សិល្បៈ​សៀក តន្ដ្រី​សម័យ ប្រពៃណី និង​គំនូរ​ជីវចល

Content image - Phnom Penh Post
ក្រុមសិល្បករ​កម្ពុជាហ្វារ សម្ដែង​សៀក និង​សកម្មភាព​ការសម្ដែង​របស់​សិល្បករ​ក្នុង​ទេសភាពធម្មជាតិ​ គួប​នឹង​រូបភាព​គំនូរជីវចល​​​។ រូបថត សហ​ការី

កម្ពុជា​ហ្វារ ផលិត​វីដេអូ «សេរីភាព​ គឺ​ជា​ផ្កា​រីក​នៅ​រដូវ​ក្ដៅ» ​រំលេច​សិល្បៈ​សៀក តន្ដ្រី​សម័យ ប្រពៃណី និង​គំនូរ​ជីវចល

ភ្នំពេញ៖ ​សំឡេង​ទ្រ​បន្លឺ​​ឡើង​​យ៉ាង​លន្លង់លន្លោច​ ដាស់​អស់​​តួអង្គ​មនុស្ស​តាក់តែង​កាយ​ដោយ​បុប្ផា និង​លម្អ​ភ្លឺ​ផ្លេក​​ដូច​អំពិលអំពែក មុន​នឹង​សំនៀង​​បង្ហើរ​យ៉ាង​គ្រលួច កួច​បើក​ត្របក​ផ្កាឈូក​​រំលេច​នូវ​​នាដកា​របាំ​អប្សរា​យ៉ាង​​ទន់ភ្លន់​​។

ក្នុង​វីដេអូ​​គំនូរ​ជីវចល​មាន​​ទេសភាព​ធម្មជាតិ​​ដ៏​ស្រស់​ស្អាត​ ​សំឡេង​ព្យ៉ាណូ​ លាយ​​នឹង​តន្ត្រី​​បុរាណ​ប្រគំ​យ៉ាង​រន្ថើន កែន​អស់​តួអង្គ​មនុស្ស​​សត្វ​​ហក់​​លោត​យ៉ាង​សម្បើម​តាម​​សិល្បៈ​​សៀក​គួរ​ឱ្យ​ជក់​ចិត្ត​ទស្សនា។

វីដេអូ​សម្រង់​ខ្លី​ជាង ៤ ​នាទី​​ ចំណង​ជើង «សេរីភាព​ គឺ​ជា​ផ្កា​​រីក​​នៅ​រដូវ​ក្តៅ​» ត្រូវ​បាន​បង្កើត​ដោយ​ស្ទូឌីយោ​គំនិត​ច្នៃ​ប្រឌិត​កម្ពុជា​ហ្វារ ​​មាន​ការ​សម្ដែង​​ពី​ក្រុម​​ល្ខោន​សៀក​កម្ពុជា​ហ្វារ បាន​​ធ្វើ​ឱ្យ​ទស្សនិកជន​មាន​​​ការ​ភ្ញាក់​ផ្អើល​​ និង​កោត​សរសើរ​ចំពោះ​ផលិតកម្ម​ដោយ​ច្របាច់​បញ្ចូល​​តន្ត្រី​សម័យ និង​បុរាណ​​ ក្រាហ្វិក​ គំនូរ​ជីវចល និង​ការ​សម្ដែង​សៀក​​សម្បូរ​បែប​។

វីដេអូ​ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​ធំ​របស់​ទូត​អាមេរិក​ក្នុង​ការប្រារព្ធ​ពិធី​អបអរ​​សាទរ​ចំពោះ​ថ្ងៃ​ឯករាជ្យជាតិ​​លើក​ទី២៤៥ ​របស់​សហរដ្ឋ​អាមេរិក​​ថ្ងៃទី​ ៤​ ខែ​កក្កដា​​។

ដើម​ឡើយ​ ស្ថានទូត​គ្រោង​ផ្ដល់​ថវិកា​ដល់​​អង្គការ​ហ្វារ ដើម្បី​ឱ្យ​មាន​ការ​សម្ដែង​ជូន​​​ប្រជាជន​ពី​តាម​ភូមិ​ស្រុក និង​យុវជន​​​ពី​បណ្ដា​​អង្គការ​នានា​​​មក​ទទួល​បទពិសោធ​ទស្សនីយភាព​ហ្វារ​ពន្លឺ​សិល្បៈ​។

ប៉ុន្តែ​​ដល់​ខែ​មិថុនា​ ដោយ​​ពុំ​មាន​តម្រុយ​អាច​​សម្ដែង​​វិញ​បាន​ ​ស្ថានទូត​ក៏​សម្រេច​​​បង្វែរ​​ថវិកា​ជា​ការ​ផលិត​វីដេអូ​វិញ​។

លោក ហួត តារា ជា​នាយក​ប្រតិបត្តិ​​សហគ្រាស​សង្គម​​ហ្វារ​ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​ការ​បង្កើត​​វីដេអូ​នេះ​ថា​៖ «យើង​ធ្លាប់​មាន ៣ ទៅ​ ៤ ​គម្រោង​ពី​មុន​មក​ដែរ ​ក្នុង​ការ​ធ្វើ​វីដេអូ​របៀប​នេះ​។ តែ​នេះ​ជា​លើក​ទី១​ ​ដែល​យើង​មាន​សេរីភាព​បង្កើត​​ដោយ​ខ្លួន​ឯង​ដោយសារ​វា​ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​លើកទី​២៤៥ របស់​​អាមេរិក​»​។

លោក តារា​ បាន​ឱ្យ​ដឹង​ថា​ វីដេអូ​ប្រើ​រយៈពេល​ខ្លី​ប្រមាណ​​ ២ សប្ដាហ៍​ប៉ុណ្ណោះ ក្នុង​ផលិត​ជាមួយ​​គោល​គំនិត​​​បង្ហាញ​ពី​សេរីភាព​សម្រាប់​ថ្ងៃ​ឯករាជ្យ​របស់​អាមេរិក ​ដោយ​​លាយ​បញ្ចូល​​នូវ​​អត្តសញ្ញាណ​ខ្មែរ​។

លោក ​តារា​ បាន​ឱ្យ​ដឹង​ទៀត​ថា​៖ «​នៅ​ពេល​ដែល​សិល្បករ​ពិភាក្សា​គ្នា​ពី​ប្រធានបទ​នៅ​ក្នុង​ក្រុម​ ពួក​គាត់​ចង់​បង្ហាញ​នូវ​អ្វី​ដែល​ជា​អត្តសញ្ញាណ​វប្បធម៌​ខ្មែរ​។ អ៊ីចឹង​​គាត់​នឹក​ឃើញ​ដល់​ផ្កាឈូក​ដែល​ជា​តំណាង​ដ៏​ខ្ពស់​នៃ​វប្បធម៌​​យើង​ ហើយ​ពណ៌​ទង់ជាតិ​អាមេរិក​បង្ហាញ​ពី​ សេរីភាព ការ​រួម​គ្នា​ជា​សហគមន៍​»។

Content image - Phnom Penh Post
​សិល្បករ​សៀក​រំលេចរូបផ្កា​នៅលើ​រាងកាយ​ត្រៀម​សម្ដែង​ក្នុង​វីដេអូ «សេរីភាព​គឺជា​ផ្ការីកនៅ​រដូវក្ដៅ»។ រូបថត សហ​ការី

នាយក​ប្រតិបត្តិ​សហគ្រាស​សង្គមហ្វារ​រូប​នេះ​បន្ថែម​ថា​៖ «និយាយ​រួម ​គាត់​ចង់​បង្ហាញ​ថា ​មនុស្ស​ដែល​មាន​សេរីភាព​​​ គឺ​មាន​ពណ៌​ច្រើន​លាយ​ក្នុង​ជីវិត​ និង​មាន​សេចក្ដី​រីករាយ​ក្នុង​ការ​រស់នៅ​ និង​ប្រាស្រ័យ​ទាក់ទង​គ្នា​​ទៅ​វិញ​ទៅ​មក​»។

ពេល​​​រៀបចំ​វីដេអូ​នេះ រួច​រាល់​ហើយ​​បាន​ផ្ញើ​ទៅ​ឱ្យ​ខាង​ទូត​ពិនិត្យ លោក តារា​ ភ្ញាក់​ផ្អើល​ដែល​​ទទួល​បាន​ការ​​​ពេញ​ចិត្ត​ខ្លាំង ដោយ​ពុំ​មាន​សំណើ​​សុំ​កែប្រែ​អី​ទាំង​អស់​។

លោក តារា ក៏​បាន​ឱ្យ​ដឹង​ថា ​ខាង​ហ្វារ​ក៏​រីករាយ ពី​ព្រោះ​ទី១ គឺ​ផ្ដល់​ឱកាស​ឱ្យ​សិល្បករ​មាន​ឱកាស​​បន្ដ​មាន​សកម្មភាព​​រស់​រវើក​ទាំង​ទេពកោសល្យ​ និង​ការ​​ច្នៃ​ប្រឌិត​។ ទី២​ មាន​ឱកាស​​​ស្រាវជ្រាវ​រក​អ្វី​ដែល​ថ្មី​ ​និង​ទី៣​ គឺ​បង្កើត​ឱ្យ​មាន​ភាព​ច្នៃ​ប្រឌិត​ផ្នែក​ទស្សនីយភាព​សម្ដែង​ផ្ទាល់​ បូក​នឹង​ទស្សនីយភាព​ដែល​បញ្ចេញ​ដោយ​គំនូរ​ជីវចល​ និង​ភ្លេង​ផង​ដែរ​។​

លោក តារា​ ​បញ្ជាក់​ប្រាប់​ថា៖ «តាម​ពិត ​វីដេអូ​នេះ​ស្ថិត​ក្នុង​​វីដេអូ​ទូត​មាន​រយៈពេល​ជិត​ ២០ នាទី​ក្នុង​កម្មវិធី​ធំ​។ ប៉ុន្តែ​យើង​​ឃើញ​វា​មាន​គុណភាព​ល្អ​យើង​ក៏​ស្នើ​បង្ហោះ​វីដេអូ​នេះ​ដាច់​​ដោយ​ឡែក​ ហើយ​ក៏​ជា​ជោគជ័យ​មួយ​ដោយ​យើង​ទទួល​បាន​​មតិ​យោបល់​ល្អៗ​យ៉ាង​ច្រើន​​​ពី​ទស្សនិកជន​»។

តាំង​ពី​ផ្ទុះ​​វិបត្តិ​កូវីដ​មក លោក​បាន​​ឱ្យ​ដឹង​ដែរ​ថា អង្គការ​​​ហ្វារ​មាន​ផល​ប៉ះពាល់​ខ្លាំង​។ យ៉ាងណា​មិញ ​ថ្វី​ដ្បិត​ថា ​មិន​មាន​​សកម្មភាព​សិក្សា និង​សម្ដែង​រក​ប្រាក់​ចំណូល​អ្វី​ច្រើន​ តែ​ទាំង​​គ្រូៗ​ និង​សិល្បករ​នៅ​តែ​ព្យាយាម​ដុស​ខាត់​សមត្ថភាព​ទេពកោសល្យ​ជានិច្ច​។

សម្រាប់​ហ្វារ​នៅ​បាត់ដំបង​ ​ជា​សាលារៀន​ធំ ​មាន​អាយុកាល​​ជិត​ ៣០ ​ឆ្នាំ​ និង​មាន​សិស្ស​​ជាង​ ១ ពាន់​នាក់​ បើ​ទោះ​មិន​ទាន់​មាន​ការ​អនុញ្ញាត​ឱ្យ​សិស្ស​ជួបជុំ​ តែ​បើ​មាន​កម្មវិធី​ធំៗ​ដែល​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​សុខាភិបាល​​នោះ​ ក៏​​អាច​ជួបជុំ​គ្នា​ក្រោម​ ១០ នាក់​ ដើម្បី​ហាត់​សម ​និង​បង្កើត​អ្វី​​ថ្មី​។

ក្រៅ​ពី​នេះ ​គ្រូៗ​ព្យាយាម​​រក​គំនិត​ច្នៃ​ប្រឌិត​បន្ថែម​ ដូចជា​គ្រូ​មតេ្តយ្យ​​​ទៅ​រៀន​ភ្លេង​ជាមួយ​គ្រូ​ផ្សេង​ ត្រៀម​បង្រៀន​ពេល​សិស្ស​អាច​វិល​មក​រៀន​វិញ​​។

សម្រាប់​ហ្វារ​នៅ​សៀមរាប​​​ជា​សហគ្រាស​សង្គម​ ពួក​គាត់​ជា​សិល្បករ ដែល​​​ហាត់​សម​​ច្រើន​ឆ្នាំ​ និង​រៀន​ចប់​​ពី​​សមាគម​ហ្វារ​ ​​កំពុង​ជួប​ការ​ពិបាក​ខ្លាំង។

លោក តារា ​បាន​ឱ្យ​ដឹង​ថា​៖ «យើង​នៅ​មាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​សម្រាប់​គាត់​ ប៉ុន្តែ​វា​ជិត​ ២ ឆ្នាំ​ហើយ ​យើង​មាន​ការ​លំបាក​ខ្លាំង​។ យើង​សូម​ឱ្យ​គាត់​​នៅ​តែ​ហាត់​សម​ និង​បង្កើត​ថ្មី​ដើម្បី​រក្សា​នូវ​សុខភាព​ និង​ភាព​​ច្នៃប្រឌិត​របស់​គាត់​។ យើង​​សង្ឃឹម​ថា​ យើង​អាច​ត្រឡប់​មក​​ឆាក​វិញ​។ យើង​មិន​ចង់​បាត់បង់​ពួក​គាត់​ឱ្យ​ទៅ​ជា​អ្នក​រត់​ម៉ូតូ​ឌុប ​ឬ​កង់បី​អី​វិញ​ទេ​»។

សម្រាប់​ព័ត៌មាន​បន្ថែម អំពី​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ លោក​អ្នក​អាច​ទាក់ទង​​តាមរយៈ​ទំព័រ​​ហ្វេសប៊ុក @phareponleuselpak៕

អត្ថបទគួរចាប់អារម្មណ៍