ក្រុង​ម៉ុងរ៉េអាល់៖ សិប្បកម្ម​បិត​ស្រាបៀរ​នៅ​​​​កាណាដា​មាន​ទំនោរ​ផលិត​​ស្រាបៀរ​ប្លែកៗ​ ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​អតិថិជន​និយម​រសជាតិ​ថ្មី​ជានិច្ច​ ហើយ​ក្លាហាន​ហ៊ាន​ក្រេប​​ទឹក​ស្រវឹង​​​ខុស​ប្លែក​ពី​គេ។

មាន​មូលដ្ឋាន​នៅ​ទីក្រុង​​កេប៊ិក សិប្បកម្ម​​ Brasseurs sur demande ​ជា​កន្លែង​ផលិត​ភេសជ្ជៈ​ស្រវឹង​ដំបូង​បង្អស់​នៃ​ខេត្ត​​របស់​កាណាដា​មួយ​នេះ ដែល​ជំនាញ​ខាង​ផលិត​ស្រាបៀរ​ប្លែក​ខុសគេ ហើយ​ក៏​ទទួល​បាន​ជោគជ័យ​ខ្លាំង​ណាស់​ដែរ។

អង្គុយ​កាន់​កែវ​ស្រាបៀរ​ខ្នាត​ធំ អតិថិជន ម៉ាធីវ ជីនហ្គ្រេស ​​និយាយ​​ថា៖ «ការ​ជ្រើសរើស​ផឹក​ស្រាបៀរ​​ប្លែក​ៗ​​ធ្វើ​ឱ្យ​​យើង​ទទួល​បាន​បទពិសោធ​រសជាតិ​ថ្មី​ជានិច្ច ហើយ​យើង​អាច​សម្រប​រសជាតិ​​តាម​អារម្មណ៍​​យើង។ សម្រាប់​ខ្ញុំ ខ្ញុំ​អត់​ចូល​ចិត្ត​ហូប​របស់​ដដែលៗ​ទេ ហើយ​ក៏​មិន​សូវ​​ចាប់​អារម្មណ៍​ផឹក​​ផលិតផល​អត់ដូរ​នោះ​ដែរ»។

នារដូវ​ក្ដៅ ការ​ក្រេប​ស្រាបៀរ​ផ្លែ​ឈើ​ ​​ផលិត​ដោយ​​សិប្បកម្ម​​ Brasseurs sur demande ​ទទួល​បាន​ការ​ពេញ​និយម ជាពិសេស​​អតិថិជន​ជា​នារី។

ហេឡែន ម៉ារតែល ជាអតិថិជន​ម្នាក់​ទៀត​​​និយាយ​ថា៖ «និយាយ​ពី​រដូវ​ក្ដៅ​វិញ យើង​និយម​ញ៉ាំ​ផ្លែ​ឈើ​មាន​ទឹក​ច្រើន។ វា​ដូច​គ្នា​អ៊ីចឹង​ដែរ​​​ ដែល​ជា​ស្រាបៀរ​​រសជាតិ​​ផ្លែ​រ៉ាស់ប៊ែរី នៅ​ទីនេះ​ជួយ​បំបាត់​ការ​ស្រេក​ទឹក ធ្វើ​ឱ្យ​អារម្មណ៍​ស្រស់ស្រាយ ជាពិសេស​ពេល​​ក្រេប​វា​បណ្ដើរ ញ៉ាំ​អាហារ​បណ្ដើរ ក្រោម​ពន្លឺ​ព្រះអាទិត្យ។ ខ្ញុំ​ពេញ​ចិត្ត​នឹង​​រសជាតិ​វា​ណាស់!»។

ស្ថាបនិក​សិប្បកម្ម​ផលិត​ស្រាបៀរ លោក Bertrand Lemoyne ផ្ទាល់​ក៏​ជា​មនុស្ស​​ចូលចិត្ត​ផ្សង​ព្រេង​​ស្វែងរក​បទពិសោធ​រសជាតិ​ប្លែកៗ និង​​​អះអាង​ថា លោក​មិន​ចូលចិត្ត​ទទួល​ទាន និង​ក្រេប​​របស់​ដដែលៗ​​ទេ។

លោក​ថា៖ «វា​ដោយសារ​​មាន​អតិថិជន​ជា​ច្រើន​សួរ​នាំ​រក។ យើង​ផ្ដល់​​រសជាតិ និង​បរិយាកាសល្អ​»៕ HR