សូកូត្រា៖ ដើម​ដុះត្រង់ភ្លឹង រហូត​ដល់ចុះ​ទើប​បែក​មែក​ដូច​ឫស​ចាក់ស្រែះ​រាង​ដូច​​ផ្លិត «ដើម​ឈាម​នាគ»​ អាយុកាល​រាប់​សតវត្ស​រ៍​បាន​ឈរ​នៅលើ​កំពូលភ្នំ​ដ៏​រឹងមាំ​នៃ​ដែនកោះ​សូ​កូ​ត្រា​ ប្រទេស​យេ​ម៉ែន​ ដែនដី​ល្បី​​ជីវចម្រុះ​គ្មានពីរ​ដ៏​អស្ចារ្យ​របស់​ប្រជុំ​កោះ​មហា​សមុទ្រ​ឥណ្ឌា​។

ប៉ុន្តែ​រុក្ខជាតិ​ដ៏​កម្រ​នេះ​ ក៏​កំពុង​ប្រឈម​នឹង​បញ្ហា​អាកាសធាតុ និង​បរិស្ថាន​ដែល​ឈាន​ទៅ​រក​ការ​វិនាស​សាបសូន្យ​តែម្ដង។

ដើមឈើ​​បុរាណ​ទាំងនេះ​កំពុង​ត្រូវបាន​បំផ្លាញ​ដោយ​ព្យុះ​ដ៏​ខ្លាំងក្លា​ ជាមួយ​កម្លាំង​ខ្យល់​កាន់តែសាហាវ​ជាង​មុន ​ខណៈដែល​ការ​បណ្ដុះ​កូន​ដាំ​​ស្ដារ​ឡើងវិញ ​​ត្រូវបាន​រាំងស្ទះ​ដោយ​ហ្វូង​ពពែ​​ដ៏​ច្រើន​សន្ធឹកស៊ីខ្ទេច ​ធ្វើឱ្យ​រុក្ខជាតិ​​ជីវសាស្ត្រ​ដ៏​ផុយស្រួយ​ងាយ​រងគ្រោះ​លើ​ដែនដី​​វាល​ខ្សាច់។

ជាមួយ​រូបរាង​ចម្លែក ដើម​ឈាម​នាគ ដែល​ជា​ឱសថ​សម្រាប់ពលរដ្ឋ មានដុះតែ​នៅ​កោះ​សូកូត្រា​ប៉ុណ្ណោះ។ AFP

លោក ​អាដ​ណាន ​អា​ម៉េ​ដ​ គ្រូបង្រៀន​គណិតវិទ្យា ​និង​ជា​មគ្គុទេសក៍​ទេសចរណ៍​ដែលមាន​ចំណង់​ចំណូល​ចិត្តស្រឡាញ់​ធម្មជាតិ​​​ និង​សត្វ​ ដ៏​ល្បីល្បាញ​នៅ​ដែនកោះ​​សូ​កូ​ត្រា​បាន​និយាយថា៖ «ដើមឈាន​នាគ នាំ​មក​នូវ​ទឹក ​ដូច្នេះ​វា​មាន​សារៈសំខាន់​ណាស់»។

ស្ថិតនៅតំបន់​ហ៊ុំព័ទ្ធ​ដោយ​សមុទ្រ​ខៀវស្រងាត់​រវាង​ដែនដី​អារ៉ាប់ ​និង​អាហ្វ្រិក ​ចម្ងាយ​ប្រហែល ៣៥០គីឡូម៉ែត្រ ខាងត្បូង​នៃ​ឆ្នេរសមុទ្រ​យេ​ម៉ែន​ កោះ​សូ​កូ​ត្រា​គឺជា​ជម្រក​របស់​​មនុស្ស​ជាង ៥០​០០០ នាក់​ ដែល​ពុំ​​រង​ផល​​ប៉ះពាល់​ពីការ​​បង្ហូរ​ឈាម​នៃ​សង្គ្រាមស៊ីវិល​នៅលើ​ដីគោក។

ជាប់​ជា​តំបន់​​បេតិកភណ្ឌ​ពិភពលោក​ក្នុង​ឆ្នាំ ២០០៨ អង្គការ​យូណេស្កូ​បាន​ពិពណ៌នា​កោះដ៏​ធំ​នេះ​ថា​ជា​កោះ​​មួយ​ក្នុងចំណោមដែនដី «ជីវចម្រុះ​សម្បូរបែប​ និងមាន​រុក្ខជាតិ សត្វ​ពូជ​​ប្លែក​បំផុត» ក្នុង​ពិភពលោក។

ដែនកោះសូកូត្រា ពោរពេញទៅដោយ​រុក្ខជាតិ និង​សត្វ​ពូជ​ប្លែក​​ខុសគេ​នៅ​លើផែនដី។ AFP

លោក អា​ម៉េ​ដ បាន​និយាយថា​ តាម​ប្រពៃណី​ជនជាតិ​កោះ ពលរដ្ឋ​​​មិនទម្លាប់​កាប់​ដើម​ឈាម​នាគ​ ដើម្បី​យក​អុស​ដុត​នោះ​ទេ​ ព្រោះ​ពួកគេ​ដឹង​ថា​វា​ជួយ​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ជាប្រចាំ​ និង​ហើយជ័រ​​ឈាម​ក្រហម​របស់វា​គឺ​ជា​ថ្នាំ។

លោក​​​បាន​និយាយថា៖ «​ពពែ​ស៊ី​កូន​រុក្ខជាតិ​នេះ ​​ដូច្នេះ​ដើមឈើតូចៗ​​ត្រូវបាន​គេ​រក​ឃើញតែ​នៅលើ​ច្រាំង​ថ្ម​ចោទ​ នៅ​កន្លែង​ដែល​ដែល​សត្វ​មិនអាច​ចូលទៅ​ដល់​បាន»។

ដើមឈើ​នេះ​ត្រូវ​ចំណាយពេល​លូតលាស់​​​កន្លះ​សតវត្សរ៍​ឯណោះ មុនពេល​វា​ពេញវ័យ​​បន្តពូជ​។

លោក អា​ម៉េ​ដ បាន​និយាយ​ថា៖ «ប្រ​សិនបើ​អត់មាន​​វិធីសាស្ត្រ​អ្វី​ដើម្បី​ស្ដារ​រុក្ខជាតិ​បុរាណ​នេះ​ទេ មុខ​ជា​មិនយូរទេ​ដើម​ឈាម​នាគ​នឹង​ផុត​រលត់ពីផែនដីយើង​ហើយ»។

ជាមួយ​រូបរាង​ចម្លែក ដើម​ឈាម​នាគ ដែល​ជា​ឱសថ​សម្រាប់ពលរដ្ឋ មានដុះតែ​នៅ​កោះ​សូកូត្រា​ប៉ុណ្ណោះ។ AFP

លោក អាដ​ណាន ​អា​ម៉េ​ដ ​​សំឡឹង​មើល​ជញ្ជាំង​ថ្ម​ខ្ពស់​ការពារ​កន្លែង​​​បណ្តុះ​កូនឈើ​នាគ​ គ្រប់គ្រង​ដោយ​សហគមន៍​ ដែល​ហ៊ុំ​ព័ទ្ធ​ដោយ​បរិវេណ​ទំហំ​ស្មើ​​​ទីលាន​បាល់ទាត់​​ការពារ​ការវាយលុក​របស់​ពពែ។

នៅ​ខាងក្នុង​មាន​កូនឈើ​ទាបៗ​រាប់សិបដើម​ សណ្ឋាន​ស្រដៀង​នឹង​ដើម​ម្នាស់​។ ពួកវា​គឺជា​លទ្ធផល​ដ៏​លំបាក​នៃ​ការលូតលាស់​យ៉ាងហោចណាស់ ១៥​ ឆ្នាំ។

ចង្អុល​ទៅ​កាន់​កូន​ដើម​ឈាម​នាគ លោក​ អា​ម៉េ​ដ បាន​និយាយ​ថា៖ «វា​​គឺជា​ការចាប់ផ្តើម ​ប៉ុន្តែ​វា​ត្រូវការ​អ្វី​ច្រើន​ទៀត។ យើង​ត្រូវការ​ការគាំទ្រ»៕ AFP/HR

ដែនកោះសូកូតា ពោរពេញទៅដោយ​រុក្ខជាតិ និង​សត្វ​ពូជ​ប្លែក​​ខុសគេ​នៅ​លើផែនដី។ AFP

កោះ​ដែល​មាន​ប្រវែង ១៨០គីឡូម៉ែត្រ​នេះ ជា​កន្លែង​ឆ្លង​កាត់រវាង​អាហ្រ្វិក និង​អារ៉ាប់។ AFP

ដើម​ឈាម​នាគ បាក់ដោយសារ​ខ្យល់ព្យុះ រីឯ​កូន​របស់វា​ត្រូវ​បាន​ហ្វូងពពែ​ស៊ីខ្ទេច។ AFP

ដើម​ត្រង់​​បែក​មែក​ដូច​ឫស​ចាក់ស្រែះ​រាង​ដូច​​ផ្លិត «ដើម​ឈាម​នាគ»​ មាន​អាយុកាល​រាប់​សតវត្ស​រ៍​។ AFP