ភ្នំពេញៈ នៅ​ប៉ុន្មាន​ម៉ោង​មុននេះ បង្កើត​ភាពភ្ញាក់ផ្អើល​ខ្លាំង​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុក ស្រាប់តែ​ស្ត្រី​ខ្មែរ សញ្ជាតិ​អូស្ត្រាលី អ្នកនាង ហ្សារីណា ដែល​ជា​ប្រពន្ធ​ប្រកាស​លែងលះ​លោក ស៊ុក សុភា តារាសម្តែង​ប្រុស​ល្បី​ក្នុង​ចម្រៀង​រឿង «​ទុំទាវ​» ក្រោយពី​បាន​រៀបការ​ជិត ១០ ឆ្នាំ​មក​នោះ​។

ចេញពី​ហ្វេសប៊ុក​ស្ត្រី​ជា​ភរិយា​ដែល​មាន​គណនី​ឈ្មោះ Sarina Lucky Luy បានចេញ​សារ​ប្រកាស​ក្តែងៗ​ថា​៖ «​សុំ​ជូនដំណឹង​ដល់​បងប្អូន​ទាំងអស់​គ្នា អោយបាន​ដឹងថា ខ្ញុំ និង ស៊ុក សុភា លែងលះគ្នា​ហើយ ដូច្នេះ​ចាប់ពី​ថ្ងៃនេះ​ទៅ​គាត់​ធ្វើអ្វី​ជា​សិទ្ធិ​របស់គាត់ រីឯ​ខ្ញុំ​ក៏​ជា​សិទ្ធិ​របស់ខ្ញុំ​។ មូលហេតុ សុំ​មិន​បកស្រាយ​មានតែ​ពាក្យ​ថា ឆ្អែត​!»​។

អ្នកនាង ហ្សារីណា ក៏​បន្ត​សារ​ទៀត ក្រោយពី​មាន​ការជជីក​សួរនាំ​នោះ​ថា​៖ « ខ្ញុំ​សុំ​បកស្រាយ​យ៉ាងខ្លី​ថា មិនមែន​សម្ដែង តែ​ជា​ការពិត រឿង​ដូច្នេះ ខ្ញុំ​មិន​យកមក​លែង​សើច​ទេ​។ សុំ​បកស្រាយ​ថា ដែល​យើង​លែង​គ្នា មិនមែន​មកពី​រឿង​កំហុស​ដែល​យើង​ធ្វើ​ខុស​ទេ តែ​មកពី​ភាគី​ម្នាក់​យក​ក្រុមគ្រួសារ​មក​បូក​ចូល​។ គេ​ធ្វើឱ្យ​យើង​ឃើញថា គ្រួសារ​គេ មិនចេះ​ខុស យើង​ជានរ​ណាក៏ដោយ នៅ​ដល់​ណាក៏ដោយ យើង​ត្រូវ​ទទួល​ថា​យើង​ខុស យើង​ជា​ក្មេង​ជា​កូន ចង់​គេ​មិនឱ្យ​តម្លៃ ក៏​យើង​ត្រូវតែ​ទទួល​ថា​យើង​ខុស ចង់​យើង​ខំប្រឹង​ដើម្បី​កូន​គេ​យ៉ាងណា ក៏​យើង​ត្រូវ​ទទួល​ថា​យើង​ខុស​។ ចៃដន្យ មនុស្ស​ដូច​ខ្ញុំ ខុស​ថា​ខុស ត្រូវ​ថា​ត្រូវ មិន​ខុស​មិន​អោនក្បាល​ជាដាច់ខាត​»​។

អ្នកនាង​បន្ថែមថា​៖ «​បើ​បង​បាន​ប្ដី មិនចេះ​បែកចែក​រឿង​គ្រួសារ និង​ជីវិត​ប្ដី​ប្រពន្ធ​អោយ​បាន​ច្បាស់លាស់​ផង យើង​អោយ​ឱកាស​ទៀត​ដដែលៗ​ម្ដេច​បាន​? យើង​មិន​អោយគេ​ស្អប់​គ្រួសារ​គេ​ទេ យើង​ក៏​ចេះ​ស្រឡាញ់​គ្រួសារ​យើង គេ​ក៏​ចេះ​ស្រឡាញ់​គ្រួសារ​គេ តែ​សុំអោយ​ចេះ​បែង​ចែង​រវាង​ក្ដី​ស្រឡាញ់​ទាំង ២ ហ្នឹង​ឱ្យ​បាន​ច្បាស់លាស់​។ មនុស្ស​ខ្ញុំ​ជា​មនុស្ស​ចិត្តបុណ្យ ធ្វើបុណ្យ​ណាស់ បើ​ចេះ​អោបក្រសោប​ខ្ញុំ ជួយ​អស់ពី​ខ្លួន​ងាប់​ចោល តែ​កុំ​ឱ្យតែ​ខ្ញុំ​ជួយ​ហើយ មើលរំលង ឬ​មិនឱ្យ​តម្លៃ​ខ្ញុំ ខ្ញុំ​សុខចិត្ត​ដោះលែង​អ្នកឯង​ចោល​ដូចគ្នា​។ ខ្ញុំ​ធ្វើបុណ្យ​ងាប់​ចោល តែ​កុំ​ឱ្យតែ​មិនឃើញ​តម្លៃ​ខ្ញុំ​អាច​បោះចោល​ដូចគ្នា​»​។

គួរ​រំឮក​ដែរ​ថា តារាសម្តែង​លោក ស៊ុក សុភា បាន​រៀបការ​ជាមួយ​នឹង​ភរិយា ហ្សារីណា ដែលជា​ជនជាតិខ្មែរ មាន​សញ្ជាតិ​អូស្ត្រាលី​នៅ​ថ្ងៃទី​ ២០ ខែមិថុនា ឆ្នាំ​ ២០១២៕