The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​សម្ដែង​ខ្មែរ​ទី២ បាន​ទទួល​ពាន​រង្វាន់​អន្ដរជាតិ​ ជា​តារា​ឆ្នើម​ពី​មហោស្រព​ភាពយន្ដ​ក្រុង​វេនីស​ អ៊ីតាលី




អ្នក​សម្ដែង​ខ្មែរ​ទី២ បាន​ទទួល​ពាន​រង្វាន់​អន្ដរជាតិ​ ជា​តារា​ឆ្នើម​ពី​មហោស្រព​ភាពយន្ដ​ក្រុង​វេនីស​ អ៊ីតាលី

Content image - Phnom Penh Post
លោក នាង កាវិច ឡើង​​ទទួល​ពានរង្វាន់​ក្នុង​ព្រឹត្ដិការណ៍​មហោស្រពភាពយន្ដ​ក្រុង​វេនីស។ រូបថត AFP

អ្នក​សម្ដែង​ខ្មែរ​ទី២ បាន​ទទួល​ពាន​រង្វាន់​អន្ដរជាតិ​ ជា​តារា​ឆ្នើម​ពី​មហោស្រព​ភាពយន្ដ​ក្រុង​វេនីស​ អ៊ីតាលី

ភ្នំពេញ៖ ខណៈ​ផលិតករ​ភាពយន្ដ​លោក នាង កាវិច ឡើង​​ទទួល​ពាន​រង្វាន់​ក្នុង​ព្រឹត្ដិការណ៍​មហោស្រព​ភាពយន្ដ​​ក្រុង​​វេនីស​ ទឹក​ដី​អ៊ីតាលី​ឯ​នាយ​សមុទ្រ​ លោក ឈួន ពិសិដ្ឋ នៅ​ក្នុង​ស្រុក​ បាន​ស្រែក​បន្ទរ​ទាំង​ក្ដី​រំភើប​រីករាយ​​ពី​ចម្ងាយ។

លោក ឈួន ពិសិដ្ឋ សម្ដែង​ជា​​តួអង្គ​ឈ្មោះ សំណាង ក្នុង​ភាពយន្ដ​រឿង «ប៊ុលឌិង ស» ត្រូវ​បាន​ជ្រើសរើស​ជា​តារា​ឆ្នើម ​ (The Best Actor) ចំពោះ​ពាន​រង្វាន់ Horizons នៃ​មហោស្រព​​ក្រុង​វេនីស​ លើក​ទី៧៨​ ដែល​ត្រូវបាន​ប្រារឰ​ឡើង​ពី​ថ្ងៃទី ១ ដល់​ថ្ងៃទី ១១ ខែ​កញ្ញា​កន្លង​ទៅ។

លោក ឈួន​ ពិសិដ្ឋ ត្រូវ​បាន​ចាត់​ទុក​ជា​តារា​សម្ដែង​កម្ពុជា​ទី២ ក្នុង​ប្រវត្ដិសាស្ដ្រ​ភាពយន្ដ​ជាតិ​ ដែល​បាន​ឈ្នះ​ពាន​លំដាប់​​ពិភព​លោក​ បន្ទាប់​ពី​លោក ហាំង ង៉ោ ដែល​បាន​គ្រង​ពាន Academy Award ក្នុង​ឆ្នាំ​ ១៩៨៥ សម្រាប់​ភាពយន្ដ​ «វាល​​ពិឃាត​» ដ៏​ល្បីល្បាញ ដែល​ផលិត​ក្នុង​ឆ្នាំ​ ១៩៨៤​។

នៅ​ពេល​ឡើង​ទទួល​ពាន​រង្វាន់ លោក កាវិច បាន​និយាយ​មុន​ពេល​​អាន​សារ​ពី​លោក ឈួន ពិសិដ្ឋ​ នៅ​ចំពោះ​មុខ​អ្នក​ចូលរួម​ក្នុង​មហោស្រព​ភាពយន្ដ​​ក្រុង​វេនីស​ថា​៖ «ខ្ញុំ​ចង់​ឱ្យ​លោក​នៅ​ទីនេះ​ជាមួយ​យើង​ផ្ទាល់ ឈួន ពិសិដ្ឋ ដើម្បី​អបអរ​ការ​​ទទួល​នូវ​ពាន​រង្វាន់​នេះ​ជាមួយ​​គ្នា។ អរគុណ​ណាស់​សម្រាប់​ឱកាស​មួយនេះ​។ ប្អូន​ពិត​ជា​អស្ចារ្យ​ណាស់»។

លោក​បាន​បន្ដ​ថា​៖ «​ជា​ចុង​ក្រោយ សូម​ថ្លែង​អំណរគុណ​ដល់​ក្រុម​ការងារ WB ម្ដង​ទៀត ជា​ពិសេស មាស ស្រីលីន ចំពោះ​ការ​ណែនាំ​ពួក​យើង​រហូត​ដល់​យើងបាន​ទទួល​នូវ​ពាន​រង្វាន់​ដល់​ថ្លៃ​ថ្លា​នេះ​»។

Content image - Phnom Penh Post
ឈុត​ដកស្រង់ពីភាពយន្ត​រឿង «ប៊ុលឌិង ស» ដែលលោក ពិសិដ្ឋ​ សម្ដែង​ជា​តួអង្គ​ សំណាង​។ រូប សហការី

នៅ​មុខ​កញ្ចក់​ទូរទស្សន៍​ឯ​នេះ​​វិញ លោក ឈួន​ ពិសិដ្ឋ អាយុ ២៥ ​ឆ្នាំ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្ដិ៍​ថា​៖ «​សម្រាប់​អារម្មណ៍​ដំបូង​នៅ​ពេល​ដែល​ខ្ញុំ​បាន​ឮ​ដំណឹង​ពី director [ផលិតករ] គឺ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​មែន​ទែន។ ខ្ញុំ​មាន​អារម្មណ៍​ថា រំភើប​ហើយ​វា​ក៏​ជា​ក្តី​ស្រមៃ​មួយ​ដែល​ខ្ញុំ​អត់​ធ្លាប់​បាន​គិត​នៅ​ក្នុង​ឆាក​ជីវិត​ខ្ញុំ​សោះ»។

រឿង «ប៊ុលឌិង ស» សំណាង អាយុ ២០ ​ឆ្នាំ ប្រឈម​នឹង​ការ​រុះរើ​ផ្ទះ​សំបែង​ដែល​ខ្លួន​ធំ​ដឹង​ក្ដី​មក​នៅ​កណ្ដាល​រាជធានី​ភ្នំពេញ​ និង​រង​នូវ​សម្ពាធ​ពី​គ្រួសារ មិត្ដភក្ដិ ក៏​ដូច​ជា​អ្នក​ជិត​ខាង​ដែល​បាន​កើត​ឡើង​ ក្រោយ​មាន​ការ​ផ្លាស់ប្ដូរ​នេះ។

បើ​ទោះ​បី​ជា​ខ្លួន​បាន​ក្លាយ​ជា​តារា​សម្ដែង​ឆ្នើម​យ៉ាង​ណា​ក្ដី​ ក៏​តួអង្គ សំណាង ​​រូប​នេះ​បាន​​ឧទ្ទិស​ពាន​រង្វាន់​អន្ដរជាតិ​មួយ​នេះ​ជា​សមិទ្ធផល​​រួម​ពី​ក្រុម​ការងារ​ភាពយន្ដ​​ទាំង​មូល​។

លោក​បាន​បន្ដ​ថា​៖ «​សម្រាប់​ពាន​​រង្វាន់​តារា​សម្ដែង​ប្រុស​ឆ្នើម គឺ​វា​មាន​តម្លៃ​ចំពោះ​ក្រុម​ការងារ White Building [ប៊ុលឌិង ស] ទាំង​អស់​គ្នា បើ​ទោះ​បី​វា​ជា​ពាន​រង្វាន់​សំដៅលើ​តែម្នាក់​ឯង​យ៉ាង​ណា​ក៏​ដោយ​ ក៏​អ្នក​ទាំង​អស់​គ្នា​បាន​ចូលរួម​ជា​ផ្នែក​មួយដ៏​សំខាន់​សម្រាប់​ការ​បង្កើត​រូបភាព​ទាំង​មូល»។

ថ្វី​ដ្បិត​តែ​រឿង «ប៊ុលឌិង ស» ទើប​តែ​ជា​ភាពយន្ដ​ទី២ បន្ទាប់​ពី​រឿង «New Land Broken Road» យ៉ាង​ណា​ក៏​ដោយ ក៏​សមត្ថភាព​សម្ដែង​តារា​ថ្មោង​​ថ្មី​នេះ ត្រូវ​បាន​ទទួល​ស្គាល់​​លើ​ឆាក​អន្ដរជាតិ​ពី​ទេពកោសល្យ​សម្ដែង​របស់​លោក។

លោក ពិសិដ្ឋ បាន​និយាយ​ពី​កត្ដា​មួយ​ចំនួន ដែល​លោក​អាច​ទទួល​បាន​ពាន​រង្វាន់​នា​ថ្ងៃ​នេះ​ថា​ ជីវិត​ពិត​ និង​សាច់​រឿង​របស់ សំណាង មាន​ភាព​ស្រដៀង​គ្នា​ជា​ច្រើន​ចំណុច​។

លោក​បាន​ប្រាប់​ថា​៖ «ទី១ សំណាង គឺ​ជា​យុវជន​ម្នាក់ ដែល​ស្វែងរក​ក្ដី​ស្រមៃ​តាមរយៈ​ការ​រាំ​ ហើយ​ខ្ញុំ​ក៏​ជា​សិល្បករ​ម្នាក់ ចាប់​ផ្ដើម​ពី​ការ​រាំ​ដូច​គ្នា ដែល​មាន​សមាជិក ៥ នាក់។ នៅ​ក្នុង​សាច់​រឿង​ ខ្ញុំ​ជា​ក្មេង​ម្នាក់ ដែល​រស់នៅ​ក្នុង​សម្ពាធ​គ្រួសារ ហើយខ្ញុំ​​យល់​អារម្មណ៍​ពី​សម្ពាធ​គ្រួសារ​នេះ​»។

Content image - Phnom Penh Post
ក្នុងរឿង «ប៊ុលឌិង​ ស» តួអង្គ​ សំណាង អាយុ ២០ ​ឆ្នាំ ប្រឈម​នឹងការ​រុះរើ​ផ្ទះសំបែង​​។ រូបថត សហការី

លោក​បាន​បន្ដ​ថា​៖ «​ខ្ញុំ​ទទួល​ការ​បង្វឹក​ផ្ទាល់​ពី​បងស្រី មាស​ ស្រីលីន ជា​ vice director ដែល​គាត់​បាន​បង្ហាត់​បង្ហាញ​រយៈពេល​ជាង ៦ ខែ មុន​ពេល​​ការ​ថត​ចាប់​ផ្ដើម និង​មាន​ការ​មើល​ឯកសារ​របស់ Director នៃរឿង Last night saw you smile ក៏​ដូ​ចជា​ឯកសារ​មួយ​ចំនួន ដែល​ធ្វើ​ឱ្យ​ខ្ញុំ​បាន​យល់​ពី​ស្ថានភាព និង​ជីវិត​រស់នៅ​អគារ​ប៊ុលឌិង​ហ្នឹង​ខ្លាំង​មែន​ទែន»។

លោក ពិសិដ្ឋ បាន​និយាយ​ថា សំណាង គឺ​ជា​ក្មេង​ម្នាក់​ដែល​​រស់នៅ​ក្នុង​អគារ​មួយ ដែល​​ត្រូវ​បាន​​លក់​ទៅ​​ឱ្យ​ក្រុមហ៊ុន​ឯកជន ហើយ សំណាង និង​គ្រួសារ​ត្រូវ​រើ​ផ្ទះ​ចេញ​ទៅ​នៅ​ខេត្ត ដោយសារ​តែ​គ្មាន​លទ្ធភាព​ក្នុង​ការ​រក​ទីតាំង​សម្រាប់​រស់នៅ​ក្នុង​ក្រុង​បន្ត។

លោក​បន្ដ​ថា កាន់​តែ​អាក្រក់​ថែម​ទៀត​ ឪពុក​របស់​ សំណាង ធ្លាក់​ខ្លួន​ឈឺ​រហូត​ដល់​ពិការ ទើប​គ្រួសារ​សម្រេច​ចិត្ត​ធ្វើ​ការ​រើ​ផ្ទះ​ទៅ​កាន់​ទី​រួម​ខេត្ត។

ម្ចាស់​ពាន​តារា​ឆ្នើម​ពី​មហោស្រព​ភាពយន្ដ​ក្រុង​វេនីស​រូប​នេះ បាន​លើក​ឡើង​ថា នៅ​ក្នុង​ដំណើរ​​ជីវិត​របស់ សំណាង រូប​គេ​មាន​មិត្ដភក្ដិ​ជិតស្និទ្ធ​ ២ នាក់​ឈ្មោះ ខា និង​ តុល​។ ដោយសារ​​មិត្ដភក្ដិ​ម្នាក់​ត្រូវ​បាន​គ្រួសារ​​យក​​ទៅ​នៅ​បរទេស សំណាង បាន​បាត់បង់​ក្ដី​ស្រមៃ​ធំ​មួយ​ជាមួយ​ពួក​គេ។

រឿង «​ប៊ុលឌិង ស» ដែល​​​ចាក់​បញ្ចាំង​​ដំបូង​នៅ​ថ្ងៃទី ៧ ខែ​កញ្ញា ក្នុង​មហោស្រព​ភាពយន្ដ​ក្រុង​វេនីស ផលិត​ដោយ​ផលិតកម្ម Anti-Archive និង​ Apsara Films សហការ​នឹង​​​ Xstream និង​ Kongchak Pictures។

ភាពយន្ដ​នេះ​ក៏​ត្រៀម​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ដ​ BFI ក្រុង​ឡុងដ៍ និង​តំណាង​កម្ពុជា​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​​ Academy Awards ទៀត​ផង​៕

អត្ថបទគួរចាប់អារម្មណ៍