ក្រុងបាងកក៖ ទី​វាល​​ពោរពេញ​ដោយ​រថយន្ត​តាក់ស៊ី​ពណ៌​ស្រស់ឆើត​ ដែល​ត្រូវបានទុក​ចោល​ឱ្យ​ច្រែះស៊ី​ ដោយសារ​តែ​វិបត្តិ​វីរុសកូរ៉ូណា បាន​ប្រែ​ក្លាយជា​​ថ្នាល​ដំណាំ​ និង​ថ្លុក​ចិញ្ចឹមកង្កែប​ដ៏រស់រវើក​ដើម្បី​​ចិញ្ចឹមក្រពះ​អ្នក​បើកតាក់ស៊ី​​ទាំងនោះ។

ស្ថិត​នៅ​ចំណត​​ភាគ​ខាង​លិច​រាជធានីបាងកក ក្រោម​​តំណក់​ទឹក​ភ្លៀង​នា​រដូវ​វស្សា​ ពន្លក​ដំណាំ​​លាស់​ខ្ចី​​ផុស​លើដំបូល​រថយន្ត និង​​គម្រប​ម៉ាស៊ីន​ឡានពណ៌​ផ្កាឈូក និង​ទឹកក្រូច​ស្រស់​​ចតចោល​​ជាជួរ។

ក្នុង​ចំណោម​រថយន្ត​​តាក់ស៊ី​លែង​ដំណើរការ​ប្រមាណ​ជា ២០០ ​គ្រឿង កង្កែប​ពណ៌​បៃតង​​​លាយ​ត្នោត​​​បញ្ចេញ​សំឡេង​​​ទ្រហឹង​ចេញពី​ក្នុង​កង់ឡាន​កញ្ចាស់ ដែល​ត្រូវបានប្រើប្រាស់​​ជំនួស​កូនថ្លុក​ចិញ្ចឹម​សត្វ។

ប្រសិន​បើ​ដំណាំ​ហុច​ផ្លែផ្កា​ល្អ ពួកគេគ្រោង​នឹង​លក់​អ្វី​ដែល​សល់ពី​តម្រូវការ​ហូបចុក ទៅ​កាន់ទីផ្សារ​បន្លែ​ក្នុង​ស្រុក។ AFP

ចំណត​តាក់ស៊ី​នេះ​ជា​កម្មសិទ្ធិ​របស់ក្រុមហ៊ុន​ Ratchapruk Taxi Garage ដែល​អ្នក​បើកបរ​​ភាគ​ច្រើន​របស់​ខ្លួន​បាន​ចាក​ចេញពី​ក្រុង​បាងកក​ ទៅ​កាន់​ស្រុកភូមិវិញ ព្រោះតែ​ពុំ​មានអ្នក​ដំណើរ​ជួលជិះ។

ទាំងសារភាពថា​​ រថយន្ត​ខ្លះ​​នៅជាប់​បំណុល​បង់​រំលស់ សហ​ម្ចាស់កម្មសិទ្ធិ​ក្រុមហ៊ុន​​លោក​ ថាណាកន អាសាវ៉ាឡឺគុណ បានប្រាប់ទីភ្នាក់ងារ AFP ថា៖ «នេះ​ជា​ជម្រើស​ចុង​ក្រោយ​របស់យើង​ហើយ»។

លោក​​បាន​និយាយ​ទៀត​ថា៖ «យើង​ក៏​នឹក​ឃើញ​ថា អាច​ដាំដំណាំ និង​ចិញ្ចឹមកង្កែប​លើឡាន​តាក់ស៊ីទាំង​នេះ​បាន ក៏​ចេះ​តែ​សាកល្បងទៅ»។

កង្កែប​ពណ៌​បៃតង​​​លាយ​ត្នោត​​​បញ្ចេញ​សំឡេង​​​ទ្រហឹង​ចេញពី​ក្នុង​កង់ឡាន​កញ្ចាស់។ AFP

ភ្ញៀវទេសចរ​ដែល​ធ្លាប់តែ​​ដើរតួ​យ៉ាង​សំខាន់​ក្នុង​អាជីវកម្ម​តាក់ស៊ី​នៅបាងកក បាន​ធ្លាក់ចុះ​ស្ទើរ​ដល់​សូន្យ ដោយសារ​តែ​វិធានការ​រឹត​បន្តឹង​អ្នកដំណើរ​ចូល​​ប្រទេស​នេះ។

ប្រសិន​បើ​ដំណាំ​ហុច​ផ្លែផ្កា​ល្អ ពួកគេគ្រោង​នឹង​លក់​អ្វី​ដែល​សល់ពី​តម្រូវការ​ហូបចុក ទៅ​កាន់ទីផ្សារ​បន្លែ​ក្នុង​ស្រុក។

លោក​ ថាណាកន បាន​បញ្ជាក់ប្រាប់ថា៖ «ការ​ដាំបន្លែ​លើ​ដំបូល​ឡាន វា​មិន​ធ្វើ​ឱ្យ​ខូច​ខាត​ដល់រថយន្ត​តាក់ស៊ីទាំង​នេះទេ ព្រោះ​រថយន្ត​ជា​ច្រើន​គ្រឿង​វា​បាន​ខូច​ខ្ទេចខ្ទី​ជួសជុល​លែង​បាន​ស្រាប់ទៅហើយ។ ម៉ាស៊ីន​ក៏​ខូច កង់​ធូរ​បែក។ ដូចជា​អត់មាន​អី​នៅសល់ដែល​យើង​អាច​កែកុនបាន​ទៀត​ទេ»៕ AFP/HR

នៅ​ចំណត​​ភាគ​ខាង​លិច​រាជធានីបាងកក ក្រោម​​តំណក់​ទឹក​ភ្លៀង​នា​រដូវ​វស្សា​ ពន្លក​ដំណាំ​​លាស់​ខ្ចី​​ផុស​លើដំបូល​រថយន្ត។ AFP