The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ពលរដ្ឋ​ជប៉ុន​បរិច្ចាគ ២ ​លាន​ដុល្លារ​ ជួយ​ការស្រាវជ្រាវ​ព្យាបាល​តម្រងនោម​ឆ្មា​




ពលរដ្ឋ​ជប៉ុន​បរិច្ចាគ ២ ​លាន​ដុល្លារ​ ជួយ​ការស្រាវជ្រាវ​ព្យាបាល​តម្រងនោម​ឆ្មា​

Content image - Phnom Penh Post
អ្នកស្រាវជ្រាវ​រំពឹង​ថា​ ​ប្រូតេអ៊ីន​ AIM នឹង​​ជួយ​ឱ្យសត្វ​​ឆ្មា​​រស់​បានយូរ​។ រូបថត AFP

ពលរដ្ឋ​ជប៉ុន​បរិច្ចាគ ២ ​លាន​ដុល្លារ​ ជួយ​ការស្រាវជ្រាវ​ព្យាបាល​តម្រងនោម​ឆ្មា​

​ក្រុង​តូ​ក្យូ: តាម​ជំនឿ​គេ​ថា សត្វ​ឆ្មា​មានជីវិត​ ៩ ដោយ​សំដៅថា វា​មិន​ងាយ​ងាប់​ក្នុងស្ថានភាព​លំបាក​យ៉ាង​​ណា​ក្ដី​។ ប៉ុន្តែ​ពេលវេលា​របស់​ពួកវា​នៅលើ​ផែនដី ជារឿយៗ​ត្រូវបាន​កាត់បន្ថយ​ខ្លី​ដោយ​បញ្ហា​តម្រងនោម​។​

​ដូច្នេះ​ប្រជាជន​ជប៉ុន​ស្រឡាញ់​សត្វ​​ចិញ្ចឹម បាននាំគ្នា​កៀរគរ​ថវិកា​ជិត ២ លាន​ដុល្លារ ដើម្បី​ស្វែងរក​ការ​ឱសថ​ឱ្យ​សត្វ​ឆ្មា​អាច​រស់​បានយូរ​។​

​ដោយសារ​ជំងឺ​រាតត្បាត​កូ​រ៉ូ​ណា​បាន​វាយលុក​សេដ្ឋកិច្ច​កាលពី​ឆ្នាំមុន អ្នក​​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​តូ​ក្យូ​បាន​បាត់បង់​មូលនិធិ សម្រាប់​ការ​សិក្សា​ពី​ថ្នាំ​ជំងឺ​តម្រងនោម​សត្វ​ឆ្មា​។​

​ប៉ុន្តែ​អ្នក​ស្រឡាញ់​ឆ្មា​ជនជាតិ​ជប៉ុន​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​តាម​អ៊ី​ន​ធឺ​ណិ​ត បរិច្ចាគ​ដល់​អ្នកស្រាវជ្រាវ​បន្ទាប់ពី​អត្ថបទ​អំពី​ស្ថានភាព​លំបាក​របស់​ពួកគេ​ត្រូវបាន​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន Jiji Press​។​

​ស្ត្រី​ម្នាក់​បាន​សរសេរ​នៅក្នុង​សារ​រួមជាមួយ​ការបរិច្ចាគ ២០​ ដុល្លារ​របស់​នាង​ថា​៖ ខ្ញុំ​បាន​បាត់បង់​ឆ្មា​ជាទី​​ស្រឡាញ់​របស់ខ្ញុំ​ដោយសារ​ជំងឺ​តម្រងនោម​កាលពី​ខែធ្នូ​...»​។​

​ម្ចាស់ជំនួយ​ម្នាក់ទៀត​ដែល​ចូលរួម ថវិកា ៩០​​​ ដុល្លារ​បាន​និយាយថា​៖ «​ខ្ញុំទើបតែ​បាន​ចិញ្ចឹម​កូន​ឆ្មា ១​ ក្បាល ហើយ​សង្ឃឹមថា គេ​អាច​ស្រាវជ្រាវ​ឃើញ​ពី​វិធី​ព្យាបាល​ឆ្មា​ពី​ជំងឺ​តម្រង​នោម ទាន់ពេល​ឆ្មា​ខ្ញុំ​នៅមាន​ជីវិត​»​។​

​ឆ្មា​ចិញ្ចឹម និង​ពូជ​ឆ្មា​ព្រៃធំៗ ងាយ​ប្រឈម​បញ្ហា​តម្រងនោម ដោយសារតែ​អសមត្ថភាព​ហ្សែ​៊​ន​ដំណើរការ​ប្រូ​តេ​អ៊ី​ន​សំខាន់​មួយ ឈ្មោះថា AIM​។ វា​ជួយ​សម្អាត​កោសិកា​ងាប់ កាកសំណល់​នៅក្នុង​រាងកាយ និង​ការពារ​តម្រងនោម​ពី​ការស្ទះ​។​

​សាស្ត្រាចារ្យ តូ​រូ មី​យ៉ា​ហ្សា​គី និង​ក្រុម​របស់គាត់​កំពុងធ្វើការ​លើ​វិធី​ផលិត​ប្រូ​តេ​អ៊ី​ន​សមស្រប ដែល​អាចជួយ​បង្កើន​ឱ្យ​សត្វ​ឆ្មា ដែលជា​ទូទៅរ​ស់បាន​ប្រមាណ ១៥ ​ឆ្នាំ​។​

​លោក មី​យ៉ា​ហ្សា​គី បាន​និយាយថា​៖ «​ខ្ញុំ​សង្ឃឹមថា ទីបំផុត​ពេទ្យសត្វ​នឹង​ផ្តល់​ថ្នាំ​នោះ​ឱ្យ​ឆ្មា​រៀងរាល់ឆ្នាំ​ដូច​ថ្នាំ​បង្ការ​»៕ AFP/HR​

អត្ថបទគួរចាប់អារម្មណ៍