ក្រុង​ឡុង​ប៊ិច: ដោយមាន​កំពូល​តារា​ហូ​លី​វូដ អ្នកនាង អេ​ន​ជើ​លី​ណា ជោ​លី ជា​ទូត​​សុច្ឆន្ទៈ​ជួយ​ផ្សព្វផ្សាយ​ទៅកាន់​ពិភពលោក មហោស្រព​ភាព​យន្ត​ទីក្រុង​កម្ពុជា (Cambodia Town Film Festival ឬ CTFF) ឆ្នាំ​ ២០២១ នៅ​ក្រុង​ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ សហរដ្ឋអាមេរិក បាន​វិល​មកជា​ថ្មី ដោយ​នាំយក​ខ្សែ​ភាព​យន្ត​ខ្មែរ​ល្បីៗ​ច្រើន​ទម្រង់ មកចាក់​បញ្ចាំង ចាប់ពី​ថ្ងៃទី​ ២៤ ដល់ ២៦ ខែ កញ្ញា ឆ្នាំ​ ២០២១​ ខាងមុខនេះ​។​

​យោងតាម​វេ​ប​សាយ​របស់​មហោស្រព ក្រៅពី​ការ​បញ្ចាំងភាពយន្ត កម្មវិធី​ដទៃទៀត​រួមមាន​ការពិភាក្សា​ជាមួយ​អ្នក​ដឹកនាំ​រឿង ផលិតករ អ្នកនិពន្ធ និង​សិល្បករ​សម្ដែង ដើម្បី​ផ្ដល់ឱកាស​ដល់​អ្នក​ផលិតភាព​យន្ត​ជំនាន់​ក្រោយ ឬ​សិស្ស​និស្សិត​អាច​ស្រូបយក​នូវ​បទ​-​ពិសោធ​ក្នុង​វិស័យនេះ​។​

​ក្នុងចំណោម​ភាពយន្ត​ខ្នាត​ធំ​ជាច្រើន រឿង​ខ្សែជីវិត​របស់​អ្នក​ប្រកបមុខរបរ​ធាក់​ស៊ីក្លូ រឿង «​ដើម្បី​កូន​» ដែលមាន​ចំណងជើង​ភាសា​អង់គ្លេស​ថា «Fathers» ត្រូវបាន​ផលិត​យ៉ាង​សម្រិតសម្រាំង​ពី​ផលិតករ​ល្បីឈ្មោះ​លោក ហ៊ុយ យ៉ា​ឡេង ត្រូវបាន​ជ្រើសរើស​ទៅ​បញ្ចាំង​នៅ​ទឹកដី​អាមេរិក​លើកដំបូង​។

លោក ហ៊ុយ យ៉ា​ឡេង ជា​ស្ថាបនិក​នៃ​ផលិតកម្ម​កថា​ ជ័យ និង​ជា​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​ស្តែង​ពី​ជីវិត​អ្នកធាក់ស៊ីក្លូ បាន​សរសេរ​នៅលើ​បណ្ដាញ​សង្គម​របស់លោក​ថា​៖ «​សូម​ចូលរួម​គាំទ្រ​ផង រីករាយ​ដែល​ភាពយន្ត ដើម្បី​កូនបាន​ជាប់​ក្នុង​មហោស្រព Cambodia Town Film Festival នា​ឆ្នាំនេះ និង​ជម្រាបសួរ​បងប្អូន​នៅ​អាមេរិក ពិសេស​អ្នក​ឡុង​ប៊ិច​។ ភាពយន្ត​រឿង «​ដើម្បី​កូន​» របស់ខ្ញុំ​នឹង​បញ្ចាំង នៅ​ថ្ងៃអាទិត្យ ទី​ ២៦ ខែកញ្ញា​»​។​

ខ្សែភាពយន្ត​ខ្លីរឿង California Dreaming សម្ដែង​ដោយកញ្ញា​ រ៉េត សារីតា។ សហការី​

គួរ​រំឭក​ផងដែរ​ថា កុន​រឿង «​ដើម្បី​កូន​» ដែល​រំលេច​ពី​ការ​-​លះបង់​តស៊ូ​របស់​ឪពុក​ពិការ​ជើង​ដែល​ត្រូវ​លក់​ទាំង​ស៊ីក្លូ និង​ឈាម ដើម្បី​ព្យាបាល​ជំងឺ​របស់​កូន នេះ​ក៏​ធ្លាប់​ត្រូវបាន​ជ្រើសរើស​ឱ្យ​តំណាង​កម្ពុជា​ ​ដើម្បី​ទៅ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ពានរង្វាន់ «​ខ្សែភាពយន្ត​អន្តរជាតិ​ល្អ​បំផុត​» ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​អូ​ស្ការ​លើក​ទី​៩៣ នៅ​អាមេរិក​ផងដែរ​។​

​បង្កើតឡើង​នៅ​ឆ្នាំ​ ២០១៣ ដោយ​សហ​ស្ថាបនិក​លោក ប្រាជ្ញ លី (Prach Ly) និង​អ្នកនាង ខេ​លី សូ (Caylee So) ដែល​បច្ចុប្បន្ន​ក៏​ជានា​-​យក​ដឹកនាំ​មហោស្រព កម្មវិធី​នេះ​មាន​គោលបំណង​ចម្បង​ផ្ដោតទៅលើ​ភាព​ចម្រុះ​នៃ​បទពិសោធ​របស់​កម្ពុជា​តាម​​រយៈ​សិល្បៈ​នៃ​ការ​ផលិតភាព​យន្ត​។​

​ដោយ​ជ្រើស​រើសយក​ខ្សែ​ភាពយន្ត​ដែល​ឆ្លុះបញ្ចាំង​ពី​គ្រួសារ ការផ្លាស់​ទីលំនៅ​ទំនាស់​នយោបាយ យុត្តិធម៌ ប្រពៃណី និង​មាន​បញ្ហា​ប្រឈម​នានា មហោស្រព​នឹង​ផ្ដល់នូវ​ចំណេះដឹង​ស៊ីជម្រៅ​ពី​គុណ​តម្លៃ​ក្នុងនាម​ជា​កម្ពុជា ដើម្បី​ជំរុញ​ការសន្ទនា​នៅក្នុង​កម្រិត​អន្តរជាតិ​។​

​ក្រៅពី​មាន​បណ្ដុំ​ខ្សែ​ភាព​យន្ត​ឆ្នើម​ពី​កម្ពុជា មហោស្រព​ភាពយន្ត​ទីក្រុង​កម្ពុជា ក៏បាន​ជ្រើសរើស​នូវ​ភាពយន្ត​បែប​ឯកសារ ភាពយន្ត​ខ្លី ភាពយន្ត​ផលិត​ដោយ​សិស្ស​និស្សិត និង​ភាពយន្ត​គំនូរជីវចល ជា​ស្នាដៃ​មកពី​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក​ផងដែរ​។​

​ចំពោះ​ប្រភេទ​ភាពយន្ត​ឯក​សារ​ក្នុងចំណោម​នោះ​មានរឿង «​មរតក​» ដែល​ត្រូវបាន​ជ្រើស​រើស​សម្រាប់​ចាក់​បញ្ចាំង​នៅក្នុង​មហោស្រព​ភាពយន្ត​ទីក្រុង​កម្ពុជា​ឆ្នាំ​ ២០២១​។​

​ការផ្សព្វផ្សាយ​ដោយ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផា​ណា បានឱ្យដឹងថា​៖ «​ភាពយន្ត​នេះ​ដឹកនាំ​ដោយ លោក សួស សុ​ណាន់​, កញ្ញា សាត ស្រី​តូច​, និង លោក ពៅ ធាង នៅក្នុង​គម្រោង «​ការអភិរក្ស​សត្វ​ដំរី និង​បទ​ពិ​​សោធ​របស់​ជនជាតិដើម​ភាគ​តិច​នៅ​កម្ពុជា​»​។ ព័ត៌មាន​បន្ថែម​ពី​មហោស្រព​ភាពយន្ត​ទីក្រុង​កម្ពុជា សូម​ចូលទៅ​កាន់​វេ​ប​សាយ http://www.cambodiatownfilmfestival.com/៕