ក្រុងប៉េកាំង៖ បារម្ភ​ពី​រូបរាង​របស់ខ្លួន​ដែលអាច​ប៉ះពាល់​ដល់​ឱកាស​ជោគវាសនា​ក្នុង​សង្គម​ដ៏​ប្រកួត​ប្រជែង​របស់​ចិន លោក សៀ ស៊ូរ៉ុង បាន​សម្រេចចិត្ដ​ធ្វើ​ការ​វះកាត់​កែទម្រង់ច្រមុះ​របស់​លោក។ យុវជនរូបនេះជា​បុគ្គលម្នាក់​ចំណោម​រាប់​លាន​នាក់​ដែល​ជ្រើសរើស​សេវា​កែសម្ផស្ស។

អ្នកស្រាវជ្រាវ​វ័យ ២៧​ឆ្នាំ​រូបនេះ ចង់​ឱ្យការប្រើប្រាស់​មុខ​កាំបិត​កែច្នៃ​រូបរាង​ពី «​យុវជន​មុខគ្មាន​ហុងស៊ុយ​» ទៅជា​អ្វីដែលលោក​គិត​ថា​នឹង​បង្កើន​យីអ៊ុន​សម្រាប់​ជីវិត។

សម្ផស្ស​ស្ដង់ដារ​ក្នុង​ប្រទេស​ចិន​អាច​ទាមទារ​ភាព​ប្រាកដប្រជា ចាប់ពី​សម្ពាធ​លើ​សម្បុរ​ស្បែក កែភ្នែក និង​ច្រមុះ រហូត​ដល់​ «​ភាព​រលើប​រលោង​នៃ​ស្បែក​» ជាអ្វីដែលត្រូវបាន​ហៅថា​ ​យុវជន​សង្ហា​សម័យ​ថ្មី។

អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ លោក សៀ ស៊ូរ៉ុង ជាមួយគំនូរស្នាម​កន្លែង​ត្រូវ​កែ​កុន​មុខ​ក្រោម​ផ្លែ​កាំបិត។ AFP

លោក សៀ បាន​ពន្យល់​ប្រាប់​ថា​៖ «​ខ្ញុំ​មានអារម្មណ៍ថា ខ្ញុំ​គួរតែ​មានស្បែក​ហ្មត់​រលោង​នៅវ័យ​នេះ តែ​ខ្ញុំ​ស្ទើរតែមាន​ដល់​មនុស្ស​វ័យ​កណ្ដាលទៅហើយ​»។

ទីភ្នាក់ងារ AFP បាន​ជួប​លោក សៀ ក្នុង​ក្រុង​ប៉េកាំង​ ខណៈ​លោក​ត្រៀម​ខ្លួន​ទទួល​ការ​វះកាត់​ជួសជុល​រូបរាង។ លោក​បាន​ចំណាយ​ប្រាក់​ ៤​ម៉ឺន​យ័ន​ (ជាង ៦០០០​ដុល្លារ) លើ​ការ​កែកុន​ទម្រង់មុខ​កាលពី​ដើម​ឆ្នាំ។

លោក​បាន​និយាយថា​៖ «​ខ្ញុំ​ធំ​ដឹង​ក្ដី​មក​នៅ​ទីជនបទ​ ដោយ​មុខ​មាត់​ខ្ញុំ​មាន​ភាព​ស្រអាប់​ ហើយ​សម្បុរស្បែក​មិន​ស្រស់​ថ្លា​ទេ។ ខ្ញុំ​គិត​ថា រូបរាង​ខ្ញុំ​គឺយ៉ាប់​តែម្ដង​ជា​ទូទៅ។ ខ្ញុំ​តែងតែមាន​អារម្មណ៍​​អាប់ឱនណាស់​»។

គ្រូពេទ្យ​ឯកទេស​ផ្នែកសម្ផស្ស​បង្ហាញ​ការ​ស្គេន​មុខ និង​ជម្រើស​ព្យាបាល​ស្បែកមុខ​នៅក្រុងប៉េកាំង។ AFP

យុវជន​បញ្ញវន្ត​កាន់តែ​ច្រើន​ក្នុង​សង្គម​ចិន ជ្រើសរើស​សោភណ្ឌវិទ្យា និង​ការ​វះកាត់​ជាថ្នូរនឹង​ហុងស៊ុយ​ក្នុង​ជីវិត។

យោងតាម​ iResearch បាន​បង្ហាញថា បុគ្គល​ក្រុមហ៊ុន​ជា​បុរស​ប្រមាណ ១៧​ភាគរយ​ក្នុង​ប្រទេស​ចិន បាន​ទទួល​ការវះកាត់​កែសម្ផស្ស ហើយ​បុរស​ភាគច្រើន​បាន​ជួសជុល​រូបរាង​នៅអាយុ​មុនឈាន​ដល់​វ័យ ៣០​ឆ្នាំ។

iResearchបន្ដថា ឧស្សាហកម្ម​វះកាត់កែសម្ផស្ស​នៅ​ចិន​ពេលនេះ មាន​តម្លៃ​ ១៩៧​ពាន់​លាន​យ័ន (៣០​ពាន់​លាន​ដុល្លារ) កើន​ពី ៦៤,៨​ពាន់លាន​យ័ន ក្នុ​ងឆ្នាំ​២០១៥៕ AFP/HR

អ្នកស្រាវជ្រាវ​វិទ្យាសាស្ត្រ លោក សៀ ស៊ូរ៉ុង សម្រាកនៅពេទ្យ​ក្រោយ​វះ​កាត់កែសម្ផស្ស។ AFP