ក្រុង​ការ៉ាកាស៖ ហ្សាការី អេហ្គៀ មានការ​ងារ​ពីរ​ជា​អ្នក​រត់​ម៉ូតូឌុប​ផង និង​ដឹកជញ្ជូន​ផង​នៅ​ក្នុង​ប្រទេស​ញាំញី​ដោយ​វិបត្ដិ​សេដ្ឋកិច្ច​ វេណេស៊ុយអេឡា។ អំឡុង​ពេល​ដ៏​លំបាក​នេះ យុវជន​វ័យ ៣២ ​ឆ្នាំ បាន​លេង​ហ្គេម​អនឡាញ​ ដើម្បី​រក​ប្រាក់​ចំណូល​បន្ថែម​ដោយ​ការ​ប្រមែប្រមូល​នូវ​អ្វីដែល​ហៅថា វត្ថុ​ឌីជីថល​ ឬ NFTs។

លោក អេហ្គៀ គឺជា​ពលរដ្ឋ​វេណេស៊ុយអេឡា​ម្នាក់​ដែល​ងាក​មក​ចាប់​អារម្មណ៍​លេង​ហ្គេម​ NFT ជាថ្នូរនឹង​កម្រៃ​ ខណៈ​ប្រទេសជាតិ​ប្រឈម​នឹង​វិបត្ដិសេដ្ឋកិច្ច​ ៨ ​ឆ្នាំ និង​អតិផរណាហួស​ប្រមាណ​លើក​ទី៤។

វត្ថុ​ឌីជីថល​ គឺជា​វត្ថុ​ដែល​អាច​រក្សា​ទុក​បាន​នៅ​លើ​ប្រព័ន្ធ​ឌីជីថល​ ដោយ​វត្ថុ​នីមួយៗ​សុទ្ធ​តែ​មាន​វិញ្ញាបនបត្រ​បញ្ជាក់​កម្មសិទ្ធិ​ ដែល​បង្កើតឡើង​ដោយ​បច្ចេកវិទ្យា​ប្លុកឆេន​ មិនខុស​ពី​រូបបិយ​បណ្ណ crypto។ វា​មិន​អាច​ត្រូវបាន​លួច​ ឬ​គ្រប់​គ្រង​បាន​ឡើយ។

លោក អេហ្គៀ លេង​ហ្គេម Plant vs Undead ដែល​រុក្ខជាតិ​ត្រូវបាន​ដាំ​ក្នុង​សួន​អនឡាញ​ទប់ទល់​នឹង​សត្វ​ចម្លែក​ស្រដៀង​ហ្សុមប៊ី។ អ្នក​លេង​បាន​ចំណាយ​ពេល​វេលា​ក្នុង​ការ​ស្រោចទឹក​ថែទាំ​រុក្ខជាតិ​ ដើម្បី​លក់​យក​ប្រាក់​ទិញ​រូបបិយ​បណ្ណ crypto។

អតីត​មន្ដ្រីប៉ូលិស វ័យ ៣២​ ឆ្នាំ បង្ហាញ​ក្រាហ្វិក​ឡើង​ចុះ​នៃ​រូបបិយបណ្ណ​ Crypto។ ​AFP

រុក្ខជាតិ​នីមួយៗ​គឺជា​វត្ថុ​ឌីជីថល​ ដែល​អាច​លក់​យក​លុយ​ពិត​ប្រាកដ។ អតីត​មន្ដ្រី​ប៉ូលិស​បាន​វិនិយោគ​ប្រាក់ ៣០០​ដុល្លារ​ ដែល​រក​បាន​ពី​ការងារ​ប្រចាំថ្ងៃ។ មុន​ពេល​ចាប់ផ្ដើម លោក អេហ្គៀ បាន​បើក «​កាបូប​លុយ» ឌីជីថល ដែល​អាច​ប្ដូរ​ជា​ប្រាក់​សុទ្ធៗ។

លោក​បាន​ចំណាយប្រាក់​មួយ​ចំនួន​ធ្វើបច្ចុប្បន្នភាព​កុំព្យូទ័រ​ រួច​ទិញ​ផ្កា​ឈូក​រ័ត្ន​ឌីជីថល​ និង​ស្ពៃ​ខ្លះ​ក្នុង​តម្លៃ ៨០​ ដុល្លារ។ រុក្ខជាតិទាំង​នេះ លោក​នឹង​បន្ដ​ដាំ​ដុះ​រហូត​ដល់​អាច​ប្រមូលផល​ក្នុង​តម្លៃ​ប្រមាណ ២ ០០០ ដុល្លារ។

នៅ​ក្នុង​កំណត់ត្រា​លើ​ថេប្លេត លោក អេហ្គៀ បន្ដ​កត់ត្រា​សកម្មភាព​ដាំដុះ​រប​ស់ខ្លួន​ និងចរន្ដ​នៃការ​លក់​ដូរ​រុក្ខជាតិ​ឌីជីថល។

លោក​បាន​ពន្យល់​ថា​៖ «​នៅម៉ោង ៦ព្រឹក ខ្ញុំ​ក្រោក​លេង​ហ្គេម។ អំឡុង​ពេល​ម៉ោង​ធ្វើ​ការ ខណៈ​រង់ចាំ​ភ្ញៀវ ខ្ញុំ​បន្ដ​ស្រោច​ទឹក​រុក្ខជាតិ ត្រួតពិនិត្យ​មើល​ថា​ តើ​មាន​មកស៊ី​ឬទេ​»។

លោក ហ្សាការី អេហ្គៀ លេង​ហ្គេម Plant Vs Undead ប្រមូលផលរុក្ខជាតិ​លក់​យកលុយពិត។ ​AFP

នៅ​វេណេស៊ុយអេឡា ប្រាក់​ចំណូល​អប្បរិមា​សម្រាប់​សេវាសាធារណៈ​គឺ ២,៥០ ដុល្លារ​ (១ ម៉ឺន​រៀល​) ក្នុង​មួយ​ខែ​ ហើយ​ប្រាក់​បៀរវត្សរ៍​មធ្យម​គឺ ៥០ ​ដុល្លារ (២០​ ម៉ឺន​រៀល​) ខណៈ​គ្រឿងទេស​មួយ​កន្ដ្រក​សម្រាប់​ប្រើ​ប្រាស់​ក្នុង​គ្រួសារ​សមាជិក​ ៥ ​នាក់ ចំណាយ​រហូត​ដល់ ២២០ ​ដុល្លារ (៩០ ​ម៉ឺន​រៀល​)​ ឯនោះ។

លោក រីវើរ៉ូ និង​មិត្ដភក្ដិ​មួយ​ក្រុម​ ដាំដុះ​រុក្ខជាតិ​នៅ​ខាង​ក្រៅ​ការិយាល័យ​តូច​មួយ​ ​ក្រោយ​រោងជាង ដែល​ពួកគេ​ស្រោច​ទឹក​រុក្ខជាតិ​ទាំង​ចេញ ទាំង​ចូល។

លោក ចេស៊ូស អាល់មេរីដា ជា​សមាជិក​ម្នាក់ បាន​និយាយថា​៖ «​រូបបិយបណ្ណ Cryptocurrency គឺជា​អនាគត។ ខ្ញុំ​បាន​សម្រេច​ចិត្ដ​ថា ពេល​ខ្ញុំ​មាន​ដើម​ទុន​គ្រប់​គ្រាន់​ ខ្ញុំ​នឹង​បង្កើត​កាបូប​លុយ​ crypto ឱ្យ​កូន​ខ្ញុំ​ សម្រាប់​ត្រៀម​ទុក​រៀន​សាកលវិទ្យាល័យ​»៕ AFP/HR

អតីត​មន្ដ្រីប៉ូលិស វ័យ ៣២​ឆ្នាំ បង្ហាញ​ក្រាហ្វិក​ឡើង​ចុះ​នៃ​រូបបិយបណ្ណ​ Crypto។ ​AFP