ក្រុងហែលស៊ីនគី៖ សំឡេង​ស្រែក​ច្រៀង​​ខ្ញាវខ្ញា​របស់​កុមារ​តូចៗ​នឹងឮនៅ​តាម​សាលារៀន​វិញ​ក្នុង​ទីក្រុង​របស់​ហ្វាំង​ឡង់ ចាប់​ពីថ្ងៃ​ចន្ទនេះ ក្រោយ​មាន​ការ​លើក​បម្រាម​ការ​ច្រៀង​ក្នុង​ថ្នាក់​រៀន​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ជំងឺ​ឆ្លង​សកល​។

អ៊ូទី សាលូ ប្រធាន​មន្ទីរអបរំ​ទទួល​បន្ទុក​ថ្នាក់​​បឋមសិក្សា ក្នុង​ក្រុង​ហែលស៊ីនគី បាន​ប្រាប់ AFP ថា​៖ «​កុមារ​អាច​ច្រៀង​វិញ​បាន​ហើយ​។ ប៉ុន្ដែ​ពួកគេ​មិន​ទាន់​អាច​កាន់ដៃ​គ្នា​ដូច​មុន​ឡើយ​។ ពួកគេនឹង​ត្រូវ​រក្សា​គម្លាត​សុវត្ថិភាព​ដដែល​»។

តាំងពី​រដូវរងា​ឆ្នាំ​មុន សិស្ស​សាលា​តូចៗ​ក្នុង​ទីក្រុង​ហែលស៊ីនគី ត្រូវ​​បញ្ចេញ​សំឡេង​រហ៊ឺម​ក្នុង​បំពង់​ក​ជាជាង​ការ​ស្រែក​ច្រៀង​ចម្រៀង «​រីករាយ​ថ្ងៃ​កំណើត​» ដល់​មិត្ដរួមថ្នាក់​។ មេរៀន​តន្ដ្រី​នៅតែ​មិនត្រូវបាន​អនុញ្ញាត​ឱ្យ​មាន​ចម្រៀង ក្រោយ​ពី​អាជ្ញាធរ​សុខាភិបាល​ព្រមាន​ថា ការអនុវត្ដ​បែប​នេះ​អាច​បង្ក​ការ​រីករាល​ដាល​ជំងឺកូវីដ ១៩​។

ស្ថិត​ក្រោម​គោលការណ៍​ណែនាំ​ថ្មី​ៗ​ដែលត្រូវបាន​ផ្សព្វផ្សាយ​តាម​បណ្ដា​សាលារៀន​ ការ​ស្រែក​ច្រៀង​គួរ​តែ​ធ្វើ​ឡើងនៅ​ចុង​ម៉ោង​។ នេះ​បើ​យោងតាម​កាសែត​ Helsingin Sanomat​។

រូបតំណាង៖ ​កុមារ​អាច​ច្រៀង​វិញ​បាន​ហើយ​ ប៉ុន្ដែ​ពួកគេ​មិន​ទាន់​អាច​កាន់ដៃ​គ្នា​ដូច​មុន​ឡើយ​។

ថ្នាក់រៀន​គួរតែមាន​ខ្យល់ចេញ​ចូល​ល្អហើយ​កុមារ​អាយុ​លើសពី ១២ ​ឆ្នាំ​គួរតែ​ពាក់​ម៉ាស​។

អ្នកគ្រូ​ទទួល​បន្ទុក​បង្ហាត់​មេរៀន​តន្ដ្រីទិតតាឡាមផេឡាបាន​ប្រាប់​កាសែត​នេះកាលពីខែ​សីហា ពេល​គ្រូ​បង្រៀន​តន្ដ្រី​ជា​ច្រើន​បាន​ដាក់​ញ្ញត្ដិ​បញ្ឈប់​បម្រាម​នេះថា តន្ដ្រី​គឺជាមធ្យោបាយ​បង្រៀន​កុមារ​តាម​ធម្មជាតិ​។

ការ​រិះគន់​វិធានការ​សុខាភិបាល​បាន​គូស​បញ្ជាក់ថាទីក្រុង​នានា​ផ្សេង​ទៀត​ អនុញ្ញាត​ឱ្យ​កុមារ​ច្រៀងដោយ​តម្រូវ​ឱ្យ​ពួកគេ​រក្សា​គម្លាត​សុវត្ថិភាពហើយ​ការ​ច្រៀង​នៅតាម​បារ៍ និង​ហាង​ខារាអូខេ​ក្នុង​ក្រុង​ហែលស៊ីនគីត្រូវបាន​អនុញ្ញាត​តាំងពី​ខែ​មិថុនា​។

ហ្វាំង​ឡង់​បាន​កត់ត្រា​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជាង ១៣៦ ០០០​ នាក់​ និង​សម្លាប់​ជាង ១ ០០០ ​នាក់ ក្នុង​ចំណោម​ប្រជាជន​សរុប ៥,៥​ លាន​នាក់​ ហើយស្ថិត​ក្នុង​ចំណោម​អត្រា​ទាប​នៅតំបន់​អឺរ៉ុប។

នាយករដ្ឋ​មន្ដ្រី​ហ្វាំងឡង់ សាន់ណាម៉ារីនបាន​ថ្លែង​ថា បម្រាម​រឹត​បន្ដឹង​ទប់​ស្កាត់​ជំងឺកូវីដ​ចុង​ក្រោយ​នឹង​ត្រូវបាន​ដក​ចេញ​ ពេល​ដែល​កុមារ​អាយុ​ចាប់​ពី ១២​ ឆ្នាំប្រមាណ ៨០​ ភាគរយ​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ដូស​ ជា​តួលេខ​ត្រូវបាន​រំពឹង​ថា នឹង​អាច​ដល់​ក្នុង​ពាក់​កណ្ដាល​ខែ​តុលា​នេះ៕ AFP/HR