ក្រុង​ស៊ីដនី​៖ ក្មេង​ជំទង់​ ២ នាក់ ​ត្រូវបាន​ចោទប្រកាន់​កាលពី​ថ្ងៃ​អង្គារ​ពីបទ​វាយប្រហារ​ដែល​បានធ្វើឱ្យ​សត្វ​កង់​ហ្គូ​រូ ១៤ ក្បាល ​ងាប់​នៅ​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ប្រទេស​អូស្ត្រាលី​ ក្នុង​ទង្វើ​មួយ​ដែល​គេ​ហៅថា «សោកនាដកម្ម​ និង​​ភាពសាហាវ​ឥត​មេត្តា​» ដោយ​ក្រុម​អ្នក​ជួយសង្គ្រោះ​សត្វ។

ប៉ូលីស​បាន​និយាយថា​ ក្មេងប្រុស​អាយុ ១៧ ឆ្នាំ​ ទាំង ២ ​នាក់ ​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​អ្នកស្រុក​បាន​រកឃើញ​សត្វ​កង់​ហ្គូ​រូ​ពណ៌​ប្រផេះ​ភាគ​ខាងកើត ​ដែល​បាន​ស្លាប់​រួមទាំងកូនកង់គូរូ​ ២​ក្បាល នៅ​ជិត​ឆ្នេរ Batemans ចម្ងាយ​ធ្វើ​ដំណើរ​​ប្រហែល ៤ ម៉ោង​ខាងត្បូង​ទីក្រុង​ស៊ីដនី​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍។

អង្គការ​ជួយសង្គ្រោះ​សត្វព្រៃ WIRES បាន​និយាយ​នៅលើ​ហ្វេ​ស​ប៊ុ​កថា៖ «វា​ជា​ទង្វើ​សោកនាដកម្ម​ និង​សាហាវ​គ្មាន​មេត្តា ​ដែល​បាន​បន្សល់ទុក​នូវ​ស្លាកស្នាម​ ដែល​មិនអាច​លុបចោល​បាន ​ចំពោះ​អ្នកស្ម័គ្រចិត្ត​នៅ មី​ស​សៅ​ស៍​ធី​ស​ ​ដែល​បាន​ចូលរួម​នៅ​កន្លែង​កើតហេតុ​ក៏ដូចជា​ប្រជាជន​ក្នុង​តំបន់» ។

កូនកង់គូរូ​ញី​ដែល​រួច​ជីវិត​ពី​ការ​វាយប្រហារ​របស់ក្មេងចំទង់ ២​ នាក់ ត្រូវ​បានសង្គ្រោះ។ AFP

ប៉ូលីស​បាន​និយាយថា​ ពួកគេ​បាន​រកឃើញ​សត្វ​ងាប់​នៅតាម​តំបន់​ ២ ​ដាច់ដោយឡែក​ពីគ្នា​ក្បែរ​ទីក្រុង​ឆ្នេរសមុទ្រ។

សមាជិក​ម្នាក់​នៃ​សាធារណជន​បាន​រកឃើញ កូន​កង់គូរូមួយ​ក្បាល ​ដែល​នៅរស់​ ដែល​ត្រូវបាន​គេ​ដាក់​រហស្សនាម​ថា «ក្តីសង្ឃឹម» ដោយ​​ក្រុម​អ្នក​ជួយសង្គ្រោះ។

អ្នក​ស្រី ចានែល រ៉េណេ​ ប្រធាន Mid South Coast WIRES បាន​ប្រាប់​ទូរទស្សន៍ ABC ថា៖ «គួរឱ្យភ្ញាក់ផ្អើល​ដែលវា [កូន​កង់គូរូញី​] ​អាច​ជាសះស្បើយ​មាន​ជីវិត​ ​​សឹង​​មិនគួរ​ឱ្យ​ជឿ»។

អ្នកស្រី​រំឭក​ប្រាប់ថា៖ «នៅពេល​វាមកដល់​ទីនេះ​ វាពិតជា​មិនសម​នឹង​នៅមាន​​ជីវិត​ទេ»។

យើង​​បាន​ចំណាយពេល​ប្រហែល​ពីរ​ម៉ោង​ ដើម្បី​ធ្វើឱ្យ​វា​មាន​កម្ដៅ​ហើយ​ ដើម្បី​មើល​សញ្ញាសង្ឃឹម​ណាមួយ​​ ដែលថា​វា​នឹង​ទំនង​អាច​រស់រាន​មានជីវិត។

ក្មេងប្រុសទាំង ២ ​​នឹងត្រូវ​ប្រឈម​មុខ​នឹង​តុលាការ​កុមារ​នៅ​ថ្ងៃទី ២២ ខែវិច្ឆិកា​ ដោយ​ចោទប្រកាន់​ពីបទ​វាយដំ​ និង​សម្លាប់សត្វ​ដោយ​ឥតគិតពិចារណា៕ AFP/HR

រូបតំណាង៖ ក្នុង​ចំណោម​សត្វ​កង់គូរូ ១៤​ក្បាល​ដែល​ស្លាប់ មាន​២​ក្បាលជា​កូន​តូច​របស់វា។ AFP