The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សំណេរ​គាំទ្រ​ដល់​ក្រុម​​បាល់ទាត់​ជម្រើសជាតិ បង្ក​ក្ដីបារម្ភ​ចំពោះ​ការ​ប្រើ​អក្សរ​ស្រា​ស្ត​ខ្មែរ​




សំណេរ​គាំទ្រ​ដល់​ក្រុម​​បាល់ទាត់​ជម្រើសជាតិ បង្ក​ក្ដីបារម្ភ​ចំពោះ​ការ​ប្រើ​អក្សរ​ស្រា​ស្ត​ខ្មែរ​

Content image - Phnom Penh Post
សំណេរ​អក្សរឡាតាំង​សំនៀងខ្មែរ​ អំឡុង​ពេល​ប្រកួត​បាល់ទាត់។ ព្រះ​តេជគុណ​ សៀងហៃ បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​អក្សរសាស្ដ្រ​ជាតិ​​។ រូបថត ហ្វេសប៊ុក

សំណេរ​គាំទ្រ​ដល់​ក្រុម​​បាល់ទាត់​ជម្រើសជាតិ បង្ក​ក្ដីបារម្ភ​ចំពោះ​ការ​ប្រើ​អក្សរ​ស្រា​ស្ត​ខ្មែរ​

​ភ្នំពេញ: ការប្រកួត​ពានរង្វាន់ AFC Asian Cup China 2023 Qualifiers Playoff I រវាង​ក្រុម​គោព្រៃ​កម្ពុជា និង កោះ​ហ្គាំ លើទឹក​ដី​បា​រ៉ែ​ន បាន​ទាក់ទាញ​អ្នក​ចូល​ទស្សនា​ចំពោះ​ការផ្សាយ​ផ្ទាល់​កណ្ដាលអធ្រា​ត្រ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុ​ជាជាង ១០ ​ម៉ឺន​នាក់​។

​ជាមួយនឹង​ការគាំទ្រ​ពេញទំហឹង​លើ​ក្រុមបាល់ទាត់​ជម្រើសជាតិ និង​ការ​​អបអរសាទរ​ជ័យជម្នះ ១ ទល់ ០ ក្នុង​ជើង​ទី​១ កាលពី​ម៉ោង ១២:៣០​ យប់​ថ្ងៃទី ​៩ ឈានចូល​ថ្ងៃទី​ ១០ ខែតុលា សំណេរ​ជាង 98K (comments) ក៏​រង​មតិ​រិះគន់​ការប្រើប្រាស់​អក្សរ​ឡាតាំង​ជា​សំនៀង​ខ្មែរ​ជំនួស​ឱ្យ​អក្សរ​ខ្មែរ «Merl miss grand job hz mer ball mdong» ឬ មើល Miss Grand ចប់ មើល ball ម្ដង «Merl ball dg merl ball kom nhae zaii khnong ng np np» ឬ មើល ball ដឹង​មើល ball កុំ​ញ៉ែ​គ្នា​ក្នុង​ហ្នឹង ណ​ប់ៗ ជាដើម​។

​ដោយ​ផ្ដោតលើ​តថភាព​ជាក់ស្ដែង​ក្នុងសង្គម​បច្ចុប្បន្ន ដែល​មិន​បន្ទោស និង​បន្តុះបង្អាប់​ចំពោះ​អ្នកសរសេរ ព្រះ​តេជគុណ ហាក់ សៀង​ហៃ ហៅ រាហុល ជា​ស្ថាបនិក​អង្គការ ព​.​អ​.​ក បង្កើតឡើង​កាលពី​ខែកក្កដា ឆ្នាំ ២០១២ បានលើកឡើង​ពី​ការ​ព្រួយ​​បារម្ភ និង​ហានិភ័យ​អក្សរសាស្ដ្រ​ខ្មែរ​ក្នុងចំណោម​យុវវ័យ​។

​ព្រះ​ភិក្ខុ ធម្ម​សេនា ដែល​តែងតែ​បង្ហាត់បង្រៀន​អក្សរសាស្ដ្រ​ខ្មែរលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​អង្គការ បាន​លើក ៣ ​ចំណុច​ធំៗ បុព្វហេតុ​សំណេរ​អក្ខរាវិរុទ្ធ​ខុស ផលប៉ះពាល់ និង​ដំណោះស្រាយ ទាក់ទង​នឹង​ទំនោរ​ស​សេរ​អក្សរ​ឡាតាំង​សំនៀង​ខ្មែរ​នេះ​។

​ព្រះតេជព្រះគុណ​គង់នៅ​វត្ដ​កំផែង ខេត្ដ​បាត់ដំបង មាន​សង្ឃដីកា​ថា​៖ «​ខ្មែរ​មាន​អក្សរ​ខ្មែរ មាន​អត្ដ​សញ្ញាណ​របស់​យើង​។ បើ​យើង​នាំគ្នា​សរសេរ​ខ្មែរ​មិន​ចំ​ខ្មែរ​អ៊ីចឹង តើ​តម្លៃ​របស់​យើង​នៅឯណា​? បើ​យើង​ក្រឡេក​ទៅ​មើល​ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​សម័យ​អាណានិគម​បារាំង យើង​ត្រូវតែ​ដឹង ត្រូវតែ​យល់ថា អក្សរ​ដែល​យើង​បន្សល់ទុក​មកនេះ មិនមែន​បានមក​ដោយ​ស្រួល​ទេ​»​។​

​ព្រះអង្គ​ចាប់ផ្ដើម​សាង​ផ្នួស​តាំងពី​អាយុ ១១ ​ឆ្នាំ​នៅ​ស្រុកកំណើត​នៃ​ខេត្ដ​កំពង់ធំ​ក្នុង​ឆ្នាំ ​១៩៩៦ ហើយ​ក្នុង​ឆ្នាំ ១៩៩៩ ព្រះអង្គ​បាន​និមន្ដ​មកកាន់​ខេត្ដ​បាត់ដំបង បំណង​សិក្សា​នៅ​សាលា​ពុទ្ធិក​រហូតដល់​ចប់​មធ្យម​​សិក្សា​។ ព្រះអង្គ​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា ៣​ ឆ្នាំ ក្នុង​ឆ្នាំ ​២០០៦ និង​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​ស្រីលង្កា ​ក្នុង​ឆ្នាំ ​២០១០​។​

​បុព្វហេតុ​សំណេរ​អក្ខរាវិរុទ្ធ​ខុស​ព្រះ​តេជគុណ បានលើកឡើង ៤ ​ចំណុច ដែលនាំឱ្យ​កើតជា​បុព្វហេតុ​សំណេរ​អក្ខរាវិរុទ្ធ​ខុស គឺ​បុគ្គល​ខ្លួនឯង បរទេស​និយម បច្ចេកវិទ្យា​ទំនើប និង​បរិបទ​សង្គម​។​

​ព្រះសង្ឃ ដែល​ផ្ដល់​ការអប់រំ​ជា​ចម្បង​អង្គ​នេះ បាន​ទទួលស្គាល់ថា​៖ «​ការសរសេរ​អក្ខរាវិរុទ្ធ​ខុស មិនមែន​កើតឡើង​តែ​យុវវ័យ ឬ​ក្មេងៗ​នោះទេ បុគ្គល​ទាំងអស់ រួមទាំង​ខ្ញុំ​ករុណា ក៏​សរសេរ​ខុស​ដែរ តែ​ការសរសេរ​ខុស​ខ្លះ ស្ថិតក្នុង​ការ​អ​ចេតនា ហើយ​ខុស​ខ្លះ ខុស​ទាំង​ទទឹងទិស​តែម្ដង ដោយ​មិន​ព្រម​កែប្រែ​ទៀត​។

​ក្នុង​ចរន្ដ​នៃ​សម័យ​ទំនើប យុវវ័យ​ខ្លះ​យល់ថា បើ​អ្នក​ចូល​ចិ​ត្ដ​អ្វីៗ​ជា​អក្សរ​សាស្ដ្រ​ខ្មែរ ប្រពៃណី​សិល្បៈ​ខ្មែរ វា​មិន​ទាន់សម័យ​ទេ​។

​ព្រះសង្ឃ សៀង​ហៃ បាន​បន្ថែមថា​៖ «​បើ​យើង​មិន​ទំនើប​ឱ្យទាន់​របស់ទំនើប ចំណេះដឹង​របស់​យើង​អត់​ទំនើប គំនិត​របស់​យើង​អត់​ទំនើប ស្មារតី​របស់​យើង​អត់​ទំនើប បច្ចេកវិទ្យា​ទំនើប​អាច​នឹង​យើង​ខុសផ្លូវ​។ នរណា​ក៏​អាច​សរសេរ​បានដែរ ដោយសារ​យើង​មាន​ទូរស័ព្ទ​ទំនើប​គ្រប់គ្នា​។

Content image - Phnom Penh Post
ព្រះបញ្ញាមុនីញាណ ហាក់ សៀងហៃ ស្ថាបនិក​អង្គការ​ពុទ្ធ​សាសនា​ដើម្បី​ការ​អប់រំ​នៃ​កម្ពុជា​។ ហុង មិនា

​ព្រះសង្ឃ​បានឱ្យដឹងថា​៖ «​តម្រូវការ​ភាសាបរទេស អង់គ្លេស និង​ចិន​ជាដើម ធ្វើឱ្យ​ឪពុកម្ដាយ​បញ្ជូន​កូនៗ​ទៅ​រៀន​ភាសាបរទេស​។ វា​មិនមែនជា​កំហុស​ទេ តែ​ជាការ​វែកញែក​មូល​ហេតុ​នាំឱ្យមាន​អក្ខរាវិរុទ្ធ​ខុស​។ ចេះ​ភាសា​ខ្មែរ​ច្បាស់​ត្រឹមត្រូវ រៀន​ភាសា​អី​ក៏​ស្រួល​ដែរ​»​។

​បញ្ហា​សំណេរ​ឡាតាំង​សំនៀង​ខ្មែរ​ព្រះ​តេជគុណ ដែល​បានផ្ដល់​ការ​​អប់រំ​ផ្លូវចិត្ដដ​ល់​ទណ្ឌិត​ក្នុង​ខេត្ដ​បាត់ដំបងបាន​បន្ដថា ការសរសេរ​សំណេរ​របៀបនេះ សូម្បីតែ​បរទេស​ក៏​គេ​អាន​មិន​យល់​ដែរ​។
លោក​លើក​​ទឹក​ចិ​ត្ដ​ឱ្យ​សរសេរ​ជា​ភាសា​អង់គ្លេស​ចំ​តែម្ដង ដែល​បញ្ចៀស​ការប៉ះពាល់​អក្សរសាស្ដ្រ​របស់​ជាតិ​។​

​ព្រះអង្គ​បាន​លើក​ពី​ផលប៉ះពាល់​ថា​៖ «​សំខាន់ វា​ប៉ះពាល់​ខ្លួនឯង​។ នៅក្នុង​កិច្ចការងារ​ផ្លូវការ​តាំង​ពីលើ​ដល់​ក្រោម​ត្រូវការ​ប្រើប្រាស់​អក្សរ​ខ្មែរ​។ វា​ជាការ​បាត់បង់​តម្លៃ​អក្សរសាស្ដ្រ​ខ្មែរ​។ កូន​ខ្មែរ​មួយចំនួន​តែងតែ​ពោល​ក្ដែ​ងៗ​ថា ខ្ញុំ​ស្រឡាញ់​កម្ពុជា​។ អក្សរ​សាស្ដ្រ​នេះ ទី​១ ​ហើយ​»​។

​លោក​បាន​បន្ដថា​៖ «​វា​ក៏​ប៉ះពាល់​ដល់​ទៅ​បញ្ហា​ជាតិនិយម​។ រស់នៅក្នុង​ប្រទេស យើង​ត្រូវមាន​មនសិការ​ស្រឡាញ់​ទឹកដី និង​ស្រឡាញ់​អ្វីៗ​ជា​របស់ខ្លួន រួមទាំង​សម្បត្ដិ​វប្បធម៌ អក្សរសាស្ដ្រ​។ មិនមែន​វាយតម្លៃ​ពួកគាត់​មិន​ស្រឡាញ់​ជាតិ​នោះទេ តែ​អ្វីដែល​ពួកគាត់​កំពុងតែ​ធ្វើ​នេះ បង្ហាញថា ជាតិនិយម​ធ្លាក់ចុះ​កម្រិតណា​»​។

​ព្រះសង្ឃ ព្រះជន្ម ៣៦ ​វស្សា បាន​បន្ថែម​ពី​ផលប៉ះពាល់​លើ​ព្រលឹង​ជាតិ និង​កេរ​ដូនតា ដែល​បាន​បន្សល់ទុក​ជាច្រើន​ស​ត​វត្សរ៍​។

​លោក​លើកឡើងថា​៖ «​ខ្មែរ​ទំនើប​សព្វថ្ងៃនេះ បានមកពី​ដូនតា​បន្សល់​មក គ្រប់​រឿង​គ្រប់​រ៉ាវ រួមទាំង​អក្សរ​ដែល​យើង​សរសេរ ហេតុអ្វី​យើង​ក៏​ខ្ជិល​ម្លេ​៉ះ​គ្រាន់តែ​សរសេរ​សោះ​»​។

​ដំណោះស្រាយ ​ស្ថាបនិក​អង្គការ​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា (​ព​.​អ​.​ក​) បាន​ផ្ដោត​សំខាន់​ទៅលើ​ប្រព័ន្ធ​អប់រំ ការ​​ផ្សព្វផ្សាយ ការលើក​ទឹក​ចិ​ត្ដ និង​បណ្ដុះ​មនសិការ ក្នុងការ​ពង្រឹង​អក្សរ​សាស្ដ្រ​ជាតិ ដោយ​ត្រូវ​ទទួលស្គាល់ថា ប្រជាពលរដ្ឋ​របស់​យើង​លែង​សូវ​ចាប់អារម្មណ៍​ភាសា​ខ្មែរ​»​។

​ព្រះសង្ឃ សៀង​ហៃ បន្ដថា​៖ «​យើងទាំងអស់គ្នា​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ ដោយ​អ្នកខ្លះ​មាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្ដាញ​សង្គម​គ្រប់ៗ​គ្នា​»​។

​ដោយឡែក​នៅ​ការប្រកួត​ជើង​ទី​២ រវាង​គោព្រៃ​កម្ពុជា និង​កោះ​ហ្គាំ បាន​ទាក់ទាញ​អ្នកទស្សនា​ជាង ១៣​ ម៉ឺន​នាក់ ខណៈដែល​ក្រុម​ជម្រើសជាតិ​កម្ពុជា​បន្ដ​ទទួល​ជ័យជម្នះ ២-១​។

​ហ្វេ​ស​ប៊ុ​ក​ពុទ្ធសាសនា​ដើម្បី​ការអប់រំ​នៃ​កម្ពុជា បានសរសេរថា​៖ «​សូម​អបអរសាទរ​! បងប្អូន​យើង​បាននាំគ្នា​សរសេរ​ខ្មែរ​ចំ​ជា​ខ្មែរ អង់គ្លេស​ចំ​ជា​អង់គ្លេស​។ អ្វីដែល​សំខាន់​ក្រុម​គោព្រៃ​យើង​ពិតជា​បាន​ខិតខំ​អស់ពី​សមត្ថ​ភាព​ក្នុង​ការនាំយក​កិត្យានុភាព​ជូន​ជាតិ​មាតុភូមិ​យើង​ប្រកបដោយ​លទ្ធ​ផល​គួរ​ជាទី​មោទនៈ​ក្រៃលែង​»៕​

អត្ថបទគួរចាប់អារម្មណ៍